អភិបាលខេត្តកំពង់ធំរៀបចំពិធីក្រុងពាលីបួងសួងសុំសេចក្ដីសុខសម្រាប់ការរៀបចំព្រឹត្តិការណ៍ “សង្ក្រាន្តថ្មីសំបូរព្រៃគុក”

AKP កំពង់ធំ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ -នារសៀលថ្ងៃពុធ ១៥កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តមឈុន ឈន់ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ រួមជាមួយមន្ត្រីរាជការ និងប្រជាពលរដ្ឋជាច្រើនទៀតបានរៀបចំ ពិធីក្រុងពាលីបួង សួងសុំសេចក្ដីសុខ សម្រាប់ការរៀបចំព្រឹត្តិការណ៍ «សង្ក្រាន្តថ្មីសំបូរព្រៃគុក» ឆ្នាំ២០១៩នៅរមណីយដ្ឋានប្រវត្តិសាស្ត្រប្រាសាទសំបូរព្រៃគុក ស្ថិតក្នុងឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។

ឯកឧត្តម សុខ លូ បានអំពាវនាវដល់ប្រជាពលរដ្ឋ និងភ្ញៀវទសចរជាតិ អន្តរជាតិ ដែលបានចូលទស្សនាកម្សាន្ត នៅក្នុងតំបន់ប្រាសាទសំបូរព្រៃគុក និងនៅតាមរមណីយដ្ឋានផ្សេងៗសូមមេត្តារក្សានូវអនាម័យបរិស្ថានឱ្យបានល្អ ជាពិសេសកាកសំណល់ដែលបានហូបរួចហើយត្រូវទុកដាក់ឱ្យបានល្អនៅក្នុងធុងសំរាម។ ការធ្វើឱ្យមានអនាម័យបានល្អប្រសើរគ្មានអ្នកណាអាចជួយយើងបានក្រៅពីខ្លួនយើងនោះទេ។ ឯកឧត្តមបានបន្តថា សូមឱ្យប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមថែរក្សានូវសុខសន្តិភាពដែលរកបានដោយកម្រក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះដែរឯកឧត្តមក៏បានលើកឡើងអំពីការលក់ដូររបស់បងប្អូនប្រជាពលរដ្ឋ ត្រូវធ្វើយ៉ាងណាលក់ដូរឱ្យមានតម្លៃសមរម្យ ដើម្បីឱ្យបងប្អូនមានការទទួលទានហើយចង់មកកម្សាន្តហើយចង់មកកម្សាន្តទៀត។

ឯកឧត្តមអភិបាលខេត្តក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋត្រូវចៀសឆ្ងាយពីគ្រឿងញៀននិងគោរពច្បាប់ចរាចរណ៍ បើកបរដោយប្រុងប្រយ័ត្ន ដោយគោរពសិទ្ធិគ្នាទៅវិញទៅមកចៀសវាងការគ្រោះថ្នាក់ដោយប្រការណាមួយ។ ការរៀបចំព្រឹត្តិការណ៍ «សង្ក្រាន្តថ្មីសំបូរព្រៃគុក» នៅថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ថ្ងៃទី១៤-១៥-១៦ ខែមេសា ខាងមុខនេះរមណី យដ្ឋានប្រវត្តិសាស្ត្រ ប្រាសាទសំបូរព្រៃគុក ។ ព្រឹត្តិការណ៍សង្ក្រាន្តថ្មីសំបូរព្រៃគុកនេះ ប្រារព្ធឡើងជាលើកទី៥ហើយ (២០១៥-២០១៩) ក្នុងគោលបំណងផ្ដល់ឱកាសឱ្យយុវជន, ភ្ញៀវទេស ចរជាតិ អន្តរជាតិ និងសាធារណជនខ្មែរទូទៅ ជាពិសេសប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ធំ បានចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្នុងនាមជាមហាគ្រួសារខ្មែរតែមួយ ក្រោមស្មារតីសុខដុម សប្បាយរីយរាយ សុភមង្គល និងដើម្បីផ្ដល់ឱកាសឱ្យយុវជនខ្មែរជំនាន់ក្រោយបានឈ្វេងយល់នូវភាពរុងរឿង នៃព្រះរាជាណាចក្រកម្ពុជា តាំងពីសម័យចេនឡាមក។ ម្យ៉ាងវិញទៀតដើម្បីលើកតម្កើងនូវអរិយធម៌ វប្បធម៌ ទំនៀមទម្លាប់ ជំនឿ សាសនា និងប្រពៃណីដ៏ផូរផង់ និងបន្តពង្រីកនូវកិត្យានុភាព នៅលើឆាកអន្តរជាតិដែលបានដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោកកាលពីឆ្នាំ២០១៧កន្លងទៅ៕

ដោយ ស៊ុម វណ្ណា