លោកជំទាវ ម៉ែន សំអន និមន្ដព្រះសង្ឃអភិសេកព្រះព្រហ្ម,ព្រះភិរុណ,ព្រះនាងទេពសុវណ្ណមច្ឆា ដើម្បីសុំសេចក្ដីសុខ ចម្រើន ជូនដល់ពលរដ្ឋកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ -លោកជំទាវកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាកយរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងទំនាក់ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានរៀបចំពិធីអភិសេកព្រះព្រហ្ម, ព្រះភិរុណ, ព្រះនាងទេពសុវណ្ណមច្ឆា ដែលមានទីតាំងនៅបរិវេណទីស្ដីការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និង អធិការកិច្ច ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ក្នុងគោលបំណង សុំសេចក្ដីសុខ សេចក្ដីចម្រើន ជូនដល់បងប្អូនប្រជាពលរដ្ឋកម្ពុជាទាំងមូលក៏ដូចជាជូនដល់មន្ដ្រីរាជការក្រោមឱវាទ ដែលបាននិមន្ដព្រះសង្ឃ ២០អង្គ និងតាជី,យាយជី៣០នាក់ចូលរួមផងដែរ កាលពីរសៀលថ្ងៃពុធ ១៥កើត ខែផល្គុន ឆ្នាំច សំរឹទិ្ធស័ក ព.ស ២៥៦២ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ ។

សូមបញ្ជាក់ថា ពិធីអភិសេកព្រះព្រហ្ម,ព្រះភិរុណ, ព្រះនាងទេពសុវណ្ណមច្ឆា ដែលមានទីតាំងនៅបរិវេណក្រសួងទំនាក់ទំនងជាមួយ រដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចនេះ តាមជំនឿសាសនាប្រពៃណីរបស់ខ្មែរយើង គឺសុំសេចក្ដីសុខ សេចក្ដីចម្រើន ជូនដល់មន្ដ្រីរាជការ ប្រជាពលរដ្ឋទូទាំងប្រទេស និងទទួលបានប្រសិទ្ធពរជ័យ សិរីសួស្ដី ជ័យមង្គលជារៀងរហូត។ ការរៀបចំបុណ្យពុទ្ធាភិសេកនេះ គឺជាការបញ្ជាក់នូវដំណាក់កាលព្រះប្រសូត្រ និងដំណាក់កាល ព្រះវិន័យ ហើយក៏ស្របទៅនឹងការរីកចម្រើន និងសុខសន្តិភាពពេញផ្ទៃប្រទេស ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានជំរុញឱ្យមានការអភិវឌ្ឍយ៉ាងឆាប់រហ័សទាំងវិស័យពុទ្ធចក្រនិងអាណាចក្រ ។

លោកជំទាវ កិត្តិសង្គហបណ្ឌិត ក៏បានឩទ្ទិសកុសលផលបុណ្យដែលមកពីពិធីបុណ្យពុទ្ធាភិសេកបួងសួងសូមឱ្យវត្ថុស័ក្តិសិទ្ធិក្នុងលោកតាមថែរក្សាប្រមុខដឹកនាំប្រទេសកម្ពុជាដែលមានសម្តេចតេជា ហ៊ុន សែន ជានាយករដ្ឋមន្ត្រី សូមមានសុខភាពល្អអាយុយឺនយូរ ដើម្បីបន្តដឹកនាំនាវាកម្ពុជាឆ្ពោះទៅរកការរីចម្រើនបន្ថែមទៀត ក្រោមម្លប់សន្តិភាពដែលមនុស្សក្នុងពិភពលោកប្រាថ្នាចង់បាន។

លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានធ្វើការអំពាវនាវដល់ពុទ្ធបរិស័ទទាំងអស់ មេត្តាចូលរួមបំពេញកុសលទាំងឡាយ ដើម្បីជាគុណប្រយោជន៍ដល់ការថែរក្សា ការពារសេចក្តីសុខសន្តិភាព ស្ថិរភាព សាមគ្គីភាព ក្តីសង្ឃឹម លើកស្ទួយការកសាងជាតិឆ្ពោះទៅរកសេចក្តីថ្កុំថ្កើងរុងរឿង សម្បូរសប្បាយទាំងឡាយធ្វើដំណើរតាមគន្លងព្រះធម៌ មានសេចក្តីជ្រះថ្លា ប្រមូលផ្តុំកម្លាំងកសាងអរិយធម៌ វប្បធម៌ ប្រជាធិបតេយ្យ សេរីពហុបក្ស តាមគោលការណ៍នីតិរដ្ឋ៕

ដោយសួស សំរិត