និស្សិតសាកលវិទ្យាល័យអាស៊ីអឺរ៉ុបជាង ១.៥០០នាក់ បានទទួលសញ្ញាបត្រ ពីសម្ដេចតេជោនាយករដ្ឋមន្ត្រី

AKP ភ្នំពេញ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ -ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអញ្ជើញ​ជា​​អធិបតី​ភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យ​អាស៊ីអឺរ៉ុបចំ​នួ​ន​ ១.៥៧៨នាក់ ក្នុងនោះនារីមានចំនួន ៦៤០នាក់។ ពិធីនេះ បានធ្វើឡើងនាព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ នៅវិទ្យាស្ថានជាតិអប់រំ។

ឯកឧត្ដមបណ្ឌិត ឌួង លាង ប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យអាស៊ី អឺរ៉ុប   បា​ន​ឱ្យដឹងថា និស្សិតដែលទទួលសញ្ញាបត្រនៅថ្ងៃនេះរួមមាន និស្សិតថ្នាក់បរិញ្ញាបត្ររង ប​រិ​ញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ដែលបានបញ្ចប់ការសិក្សាក្នុងឆ្នាំសិក្សា​២​០​១៦​-​២០១៧ និងឆ្នាំសិក្សា២០១៧-២០១៨។ ជាងនេះទៀត  និស្សិតដែលទទួលសញ្ញាបត្រនេះ ថ្នា​ក់​​បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត មានការងារធ្វើ ១០០ភាគរយ ហើយថ្នាក់បរិញ្ញាបត្ររង និង​បរិញ្ញាបត្រមានការងារធ្វើ ៧៨ភាគរយ។ ប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យអាស៊ី អឺរ៉ុប បានឱ្យដឹងទៀតថា ពិធីចែកសញ្ញាបត្រនៅថ្ងៃនេះ គឺជាការចែកលើកទី១២ហើយ សម្រា​ប់​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប។ ឯកឧត្តមបានបន្ដថា បច្ចុប្បន្នសាកលវិទ្យាល័យអាស៊ី អឺរ៉ុប មានសិស្ស​ថ្នាក់​វិជ្ជា​ជីវៈ​ និងនិស្សិតកំពុងសិក្សាគ្រប់កម្រិតសរុបចំនួន ១១.៩៩២នាក់ ក្នុងនោះ​មាននារី ៥.៤៦៨​នា​ក់​​​។ មាននិស្សិតបរទេសចំនួន ២២នាក់ ក្នុងនោះជនជាតិអាម៉េរិក ១នាក់ កូរ៉េ ៥នាក់ ឡាវ១១​នា​ក់ ចិន២នាក់ ចិនតៃវ៉ាន់ ២នាក់ និងនីហ្សេរីយ៉ា ១នាក់។ បើគិតចាប់ពីឆ្នាំ​សិក្សា២០០៥-២០​០៦ ដល់ឆ្នាំសិក្សា២០១៧-២០១៨កន្លងមក សិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិត ដែលបានបញ្ចប់កា​រ​​សិ​ក្សាពីសាកលវិទ្យាល័យអាស៊ី អឺរ៉ុបសរុបចំនួន ៤៣.៣១៣នាក់ នារី ២១. ៧៣៦នាក់។ ឯ​ក​ឧត្ដ​​ម ឌួង លាង បានគូសបញ្ជាក់ទៀតថា ដើម្បីចូលរួមតាមស្មារតី ឆន្ទៈ ការប្តេជ្ញាចិត្ត និងបុព្វ​ហេតុ​នៃ​ការ​កសាង និងអភិវឌ្ឍន៍ធនធានមនុស្សរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋា​ភិ​បា​ល​​នោះ សាកលវិទ្យាល័យអាស៊ី អឺរ៉ុប បានចូលរួមចំណែកយ៉ាង​សកម្មជាមួយ​រាជរដ្ឋាភិបាល​ក្នុង​លើកកម្ពស់ប្រសិទ្ធភាព នៃការបណ្តុះបណ្តាលធនធាន​បញ្ញា​ជន។ សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ក៏បានធ្វើកិច្ចសហប្រតិបត្តិការផ្លាស់ប្តូរបទពិសោធន៍ ជាមួយ​ដៃគូជាតិ និងអន្តរជាតិ​ជា​ច្រើ​ន​​ក្នុងការអភិវឌ្ឍវិស័យអប់រំ ក្នុងនោះបានអញ្ជើញវាគ្មិន​ល្បីៗ​ជាតិ-អន្តរជាតិ មកធ្វើបទ​បង្ហា​ញ​ ដើម្បីចែករំលែកបទពិសោធន៍ ដល់និស្សិតគ្រប់ៗ​ជំនាន់ ក្នុងពេលកំពុងសិក្សា និងបាន​ផ្ត​ល់​ឱកាស​ឱ្យនិស្សិតចុះធ្វើកម្មសិក្សា ក្នុងការផ្សារភ្ជាប់​រវាង​ទ្រឹស្តីទៅនឹងការអនុវត្តជាក់ស្តែង ដែ​ល​​ជាទុនដ៏សំខាន់សម្រាប់ការសេរសារណា និង​និក្ខេបបទបញ្ចប់ការសិក្សាផងដែរ៕

ដោយ ជឹម ណារី