ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ណែនាំឱ្យស្ថាប័នពាក់ព័ន្ធបង្កើនការអប់រំ ចំពោះក្រុមងាយ​រង​គ្រោះដោយសារគ្រឿងញៀន

AKP ភ្នំពេញ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ — ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានណែនាំឱ្យស្ថាប័នពាក់ព័ន្ធបង្កើនការយក ចិត្តទុកដាក់ក្នុងការអប់រំ និងបន្តដោះស្រាយក្រុមងាររងគ្រោះដោយសារតែបញ្ហាគ្រឿងញៀន ស្របពេលបច្ចុប្បន្ននេះ បញ្ហាគ្រឿងញៀននៅតែមិនទាន់ត្រូវបានដោះស្រាយឱ្យមានប្រសិទ្ធ ភាព។

ថ្លែងក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀនឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩ កាលពីព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ នៅទីស្ដីការ​ក្រសួង​មហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី ប្រធាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានលើកឡើងថា ក្រុមងាររងគ្រោះដោយសារតែ បញ្ហាគ្រោះញៀននោះរួមមាន៖ ក្រុមគោលដៅប្រជាជនចល័ត ក្មេងអនាថា យុវជនគ្មាន ការងារធ្វើ សិស្សគេចសាលា អ្នកបើកបររថយន្តដឹកជញ្ជូន អ្នកបម្រើសេវាកម្សាន្តសប្បាយ កម្មករសំណង់ កម្មកររោងចក្រជាដើម។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្ដីបានចាត់ទុក ក្រុមខាង លើនេះ នៅតែជាក្រុមគោលដៅដែលពិបាកជួប និងពិបាកផ្តល់ការអប់រំ ដែលត្រូវតែបង្កើន ការទទួលខុសត្រូវ និងចាត់វិធានការឱ្យបានច្បាស់លាស់ ទាន់ពេលវេលា និងមានប្រសិទ្ធ ភាព។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្ដីបានគូសបញ្ជាក់ថា ប្រសិនបើមិនធ្វើការដោះស្រាយទាន់​ពេលវេលាចំពោះក្រុមទាំងនោះទេ ច្បាស់ណាស់ពួកគេអាចនឹងត្រូវបានជនខិលខូច ឬពួក​ឧក្រិដ្ឋជនគ្រឿងញៀនបោកបញ្ឆោតឱ្យប្រើប្រាស់ ឬអូសទាញឱ្យចូលរួមក្នុងសកម្មភាពរបស់ ពួកគេ ដែលអាចធ្វើឱ្យបញ្ហាគ្រឿងញៀន នៅតាមមូលដ្ឋាន នៅតែកើតមានបន្តទៀត៕

ដោយ ចាន់ សុធីវង្ស