សម្ដេចក្រឡាហោម ស ខេង៖ មជ្ឈមណ្ឌលកម្សាន្តរ៉ុក មានប៉ូលិសមួយចំនួនចូលទៅពាក់ព័ន្ធនៅក្នុងរឿងនេះ

AKP ភ្នំពេញ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ — ការបង្ក្រាបគ្រឿងញៀននៅក្លឹបកម្សាន្តរ៉ុក មានប៉ូលិសមួយចំនួនចូលទៅពាក់ព័ន្ធនៅ ក្នុងរឿងនេះដែរ។ នេះបើតាមការបញ្ជាក់ពីសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីភាពក្នុងពិធីបិទសន្និ បាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៨ និងលើកទិសដៅការងារសម្រាប់អនុវត្តន៍ ឆ្នាំ២០១៩ នៅសាលារាជធានីភ្នំពេញ កាលពីរសៀលថ្ងៃអង្គារ ១៤កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩។

សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា ជាង១ឆ្នាំនេះយើងបានប្រយុទ្ធ ប្រឆាំងគ្រឿងញៀនដោយរឹបអូសបានថ្នាំញៀនសរុបប្រមាណជា ៦០០គីឡូក្រាម ខណៈ ដែលចុងក្រោយនេះយើងរឹបអូសគ្រឿងញៀនបានប្រមាណ៥០គីឡូក្រាម ក្នុងរាជធានីភ្នំពេញ ក៏ដូចជានៅតាមបណ្តាខេត្ត។ ការប្រយុទ្ធប្រឆាំងគ្រឿងញៀន គឺជាយុទ្ធសាស្រ្តរបស់កង កម្លាំងប្រដាប់អាវុធរបស់យើង ដែលយើងត្រូវប្រឹងប្រែងកាត់បន្ថយឱ្យបាននៅក្នុងឆ្នាំ២០១៩ និងឆ្នាំ២០២០ និងនៅឆ្នាំបន្តទៀត ដោយហេតុថា មកដល់ពេលនេះមិនត្រឹមតែនៅរាជធានី ភ្នំពេញទេ សូម្បីតែនៅតាមបណ្តាខេត្ត ការប្រើប្រាស់ការជួញដូរគ្រឿងញៀនបាន និងកំពុង ធ្វើសកម្មភាពយ៉ាងសកម្ម។

សម្ដេចក្រឡាហោម ស ខេង បានបន្តថា ជាក់ស្តែងនៅក្លឹបកម្សាន្តរ៉ុក និងក្លឹបកម្សាន្ត មួយទៀតនៅខេត្តសៀមរាប គឺសុទ្ធតែពាក់ព័ន្ធទៅនឹងគ្រឿងញៀន ហើយអ្នកដែលប្រើប្រាស់ ទាំងនោះ ភាគច្រើនគឺជាស្រទាប់យុវជនដែលនេះជាការបំផ្លាញ ដល់ធនធានមនុស្សរបស់ យើងប៉ះពាល់ទៅដល់សង្គមជាតិយ៉ាងធ្ងន់ធ្ងរ  ដោយពួកគេអាចក្លាយទៅជាចោរលួចចោរប្លន់ កំពុលទៅដល់សន្តិសុខសង្គម និងខាតបង់ទ្រព្យសម្បត្តិក្នុងការស្ដារនីតិសម្បទាយុវជនទាំង នេះមកវិញ។

សម្តេចបន្តទៀតថា ជាយុទ្ធសាស្រ្ត និងជាភារកិច្ចរបស់យើង យើងមិនទុកឱ្យគ្រឿង ញៀនត្រួតត្រាយើងទេ យើងត្រូវតែជាអ្នកត្រួតត្រាគ្រឿងញៀនកាត់បន្ថយ និងលុបបំបាត់ឱ្យ បានលើបញ្ហាគ្រឿងញៀននេះ។ ដូច្នេះទេពាក់ព័ន្ធនឹងបញ្ហានេះ សមត្ថកិច្ចរបស់យើងទាំង អស់ត្រូវតែខិតខំប្រឹងប្រែងធ្វើការងារនេះ ហើយសមត្ថកិច្ចរបស់យើងមិនត្រូវពាក់ព័ន្ធនៅក្នុង រឿងនេះជាដាច់ខាត៕

ដោយ សួស សំរិត