សហភាពអឺរ៉ុបចង់ឃើញឱ្យមានការចូលរួមពីគ្រប់ភាគី ដើម្បីរួមគ្នាអភិវឌ្ឍន៍ នៅក្នុងប្រទេស កម្ពុជា

AKP ភ្នំពេញ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ — នាយរងផ្នែកគ្រប់គ្រង ប្រចាំតំបន់ អាស៊ី ប៉ាស៊ីហ្វិក របស់សហភាពអឺរ៉ុបបានអះអាងថា សហភាពអឺរ៉ុបចង់ឃើញមានការចូលរួមពីគ្រប់ភាគីដើម្បីរួមគ្នាអភិឌ្ឍន៍ នៅក្នុងប្រទេសកម្ពុជា ហើយសហភាពអឺរ៉ុប នឹងបន្តធ្វើកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាដូចអ្វីដែលធ្លាប់ធ្វើពីមុន មក។ នេះជាការបញ្ជាក់របស់លោកជំទាវ Paola Pampaloni នាយរងផ្នែកគ្រប់គ្រង ប្រចាំតំបន់ អាស៊ី ប៉ាស៊ីហ្វិក របស់សហភាពអឺរ៉ុប ក្នុងជំនួបពិភាក្សាការងារជាមួយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងមហាផ្ទៃ។លោកជំទាវ Paola Pampaloni បានលើកឡើងថា គណៈប្រតិភូសហភាពអឺរ៉ុបមកលើកនេះ គឺដើម្បីបង្កើនការជួបសន្ទនារវាងភាគីទាំងពីរគឺកម្ពុជា និងសហភាពអឺរ៉ុបដោយត្រង់ទៅត្រង់ មកលើបញ្ជាលំហនយោបាយនៅកម្ពុជា និងការចូលរូមក្នុងសកម្មភាពនយោបាយនៅក្នុង​ក្របខ័ណ្ឌលទ្ធិប្រជាធិបតេយ្យ។

ជាការឆ្លើយតប សម្តេចក្រឡាហោម ស ខេង បានស្វាគមន៍ចំពោះគណៈប្រតិភូសហ ភាពអឺរ៉ុប ហើយក៏បានលើកឡើងនូវចំណុចដែលភាគីសហភាពអឺរ៉ុបថា រាជរដ្ឋាភិបាលតែង​តែចាត់ទុកសង្គមស៊ីវិលគឺជាដៃគូ និងតែងតែខិតខំធ្វើយ៉ាងលើកកម្ពស់ភាពជាដៃគូ​រវាងភាគី​ទាំងពីរ។ សម្តេចក្រឡាហោមបន្ដថា “ចំពោះភាគីជាដៃគូនេះរាជរដ្ឋាភិបាលបានបង្កើតជា វេទិកា ដែលជាក់ស្តែងនោះបានធ្វើពីរលើករួចមកហើយ ដោយលើកទី១ រៀបចំដោយក្រសួង​មហាផ្ទៃ ហើយលើកទី២ រៀបចំដោយក្រសួងការបរទេស និងសហប្រតិបតិ្តការអន្តរជាតិ។ វេទិកានេះក៏បានបើកការពិភាក្សាគ្នារវាងភាគីសង្គមស៊ីវិល និងភាគីរាជរដ្ឋាភិបាល។”

សម្តេចក្រឡាហោមបានបន្ថែមថា ច្បាប់អង្គការសង្គមស៊ីវិលដែលបង្កើតឡើងនោះ​ក៏មានការពិភាក្សាជាមួយដៃគូពាក់ព័ន្ធ រួមទាំងអង្គការសង្គមស៊ីវិល ព្រមទាំងមិត្តភក្តិជាបរ ទេសមួយចំនួនទៀតផងដែរ។ ជាមួយគ្នានេះ រាជរដ្ឋភិបាលក៏បានស្នើសុំដល់សង្គមស៊ីវិលចាត់ ទុករាជរដ្ឋាភិបាលជាដៃគូដូចគ្នា ទោះបីជាភាគីខាងសង្គមស៊ីវិល មានទស្សន ឬមតិផ្ទុយ គ្នាក៏ដោយ ប៉ុន្តែមតិទាំងនោះមិនបានធ្វើឱ្យ ភាគីទាំងពីរជាសត្រូវជាមួយគ្នានោះទេ។

លោកជំទាវ Paola Pampaloni បានឯកភាពចំពោះលើកឡើងនេះ ហើយថាកន្លងមក រាជរដ្ឋាភិបាលកម្ពុជាបានលើកកម្ពស់ក្នុងការចូលរួមពីភាគីសង្គមស៊ីវិល និងអង្គការក្រៅរដ្ឋាភិ បាលតាមរយៈយន្តការនានា ក្នុងការជួយដោះស្រាយបញ្ហាដែលជាក្តីកង្វល់ផ្សេងៗ។ ចំពោះ ករណីការចូលរួមក្នុងសកម្មភាពនយោបាយវិញលោកជំទាវបានបង្ហាញឱ្យដឹងថា សម្រាប់ សហភាពអឺរ៉ុបមិនគាំទ្រចំពោះបុគ្គលណាមួយ ឬគណបក្សនយោបាយណាមួយទេ ប៉ុន្តែអ្វី ដែលសហភាពអឺរ៉ុបចង់បាននោះគឺចង់បានមានការចូលរួមពីគ្រប់ភាគី ដើម្បីរួមគ្នាអភិវឌ្ឍន៍ នៅក្នុងប្រទេសកម្ពុជា។
លោកជំទាវបានបញ្ជាក់បន្ថែមទៀតថា គណៈប្រតិភូមកកម្ពុជានៅពេលនេះ គឺមិនមែន ដកEBAពីកម្ពុជានោះទេ ប៉ុន្តែគឺមកធ្វើការជាមួយគ្នា បើកកិច្ចសន្ទនាជាមួយគ្នា ស្វែងរក ចំណុចរួម ស្វែងរកដំណោះស្រាយដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហភាព អឺរ៉ុប។ លោកជំទាវបានបន្ដថា “សហភាពអឺរ៉ុប ចង់បង្កើនភាពជាដៃគូឱ្យកាន់តែខ្លាំងក្លាថែម ទៀតជាមួយកម្ពុជា ហើយបន្តនូវអ្វីដែលសហភាពអឺរ៉ុបបានជួយមកកម្ពុជា”។

តែទោះបីយ៉ាងណាក៏ដោយ សម្តេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា ទោះបី ជាដំណើរការលទ្ធិប្រជាធិបតេយ្យនៅប្រទេសកម្ពុជា ពុំទាន់មានភាពល្អឥតខ្ចោះយ៉ាងណា ក៏ដោយ តែដំណើរការលិទ្ធប្រជាធិបតេយ្យនៅកម្ពុជាបានចាក់ឫសរួចទៅហើយ ដែលកម្ពុជា មិនអាចបោះបង់ផ្លូវប្រជាធិបតេយ្យបានទេ ហើយអ្វីសំខាន់នោះ គឺគោលការណ៍លទ្ធិប្រជាធិប តេយ្យបានចែងក្នុងរដ្ឋធម្មនុញ្ញប្រទេសកម្ពុជារួចហើយ។ សម្ដេចក្រឡាហោមបានអះអាងថា អ្វីដែលគ្មានអ្នកណាប៉ះពាល់បាននោះគឺរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ និងគោលការណ៍ លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលបានធ្វើការបែង ចែកនូវ​អំណាចដែលពីមុនប្រមូលផ្តុំនៅថ្នាក់ជាតិ ទៅដល់ថ្នាក់ក្រោមជាតិ ដើម្បីធ្វើការផ្ទាល់ជាមួយ ប្រជាពលរដ្ឋ និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ។ សម្តេចក្រឡាហោមបានបញ្ជាក់ជូន គណៈប្រតិភូឱ្យដឹងទៀតថា អ្វីៗទាំងអស់រាជរដ្ឋាភិបាលបានកំពុងខិតខំធ្វើយ៉ាងណា ដូចអ្វី ដែលរាជរដ្ឋាភិបាលចេញក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨កន្លងមក ដែលក្នុងនោះ ក៏មានចែងអំពីអង្គការសង្គមស៊ីវិល គណបក្សនយោបាយ បញ្ហាសិទ្ធិការងារ បញ្ហាដីធ្លី។ សម្តេចក្រឡាហោមបានថ្លែងបញ្ជាក់ថា “នេះហើយដែលរាជរដ្ឋាភិបាកដាក់ចេញ ហើយកំពុងអនុវត្តន៍ និងបន្តធ្វើការជាដំណាក់កាលៗជាបន្តបន្ទាប់”។ សម្ដេចក្រឡាហោម បាន​ប្រកាសឱ្យដឹងថា កម្ពុជាត្រូវការមិត្តមកពី គ្រប់ទិសទីទាំងអស់មិនថាមកពីសហរដ្ឋ អាមេរិក សហភាពអឺរ៉ុប ចិននោះទេ ឬមិនថានៅ​តំបន់ណា ក្រៅពីតំបន់អាស៊ាន ឬក្នុងតំបន់ អាស៊ានគឺកម្ពុជាត្រូវការមិត្តទាំងអស់។ សម្ដេចក្រឡាហោមបានបន្ថែមទៀតថា “ខ្ញុំសង្ឃឹមថា ដំណើរទស្សនកិច្ចនៅកម្ពុជារបស់គណៈប្រតិភូនោះ នឹងអាចស្វែងដំណោះស្រាយរួមមួយ សម្រាប់ប្រជាជនកម្ពុជា និងសហភាពអឺរ៉ុប”៕

ដោយ ប៊ុនរិទ្ធ