ជប៉ុនចុះកិច្ចសន្យាផ្តល់ជំនួយជាង ២៦២០០០ដុល្លារអាម៉េរិក សម្រាប់គម្រោងលើកកម្ពស់សុខុមាលភាពនៅកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩​ — កិច្ចសន្យាផ្តល់ជំនួយរបស់រាជរដ្ឋាភិបាលជប៉ុន លើទឹកប្រាក់ប្រមាណ២៦២៧៥០ ដុល្លារអាម៉េរិក សម្រាប់គម្រោងលើកកម្ពស់សុខុមាលភាពនៅកម្ពុជា ត្រូវបានចុះហត្ថលេខា នារសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩នេះ នៅស្ថានឯកអគ្គរាជទូត នៃប្រទេស​ជប៉ុន ប្រចាំកម្ពុជា រវាងឯកឧត្តម ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា ឯកអគ្គរាជទូត នៃប្រទេសជប៉ុន ប្រចាំកម្ពុជា ក្នុងនាមរដ្ឋាភិបាលជប៉ុន ជាមួយតំណាងស្ថាប័នទទួលជំនួយចំនួនបីនៅកម្ពុជា។

ឯកឧត្តម ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា ថ្លែងថា រដ្ឋាភិបាលជប៉ុនបានឯកភាពផ្តល់ ថវិកាសរុបចំនួន ២៦២៧៥០ដុល្លារអាម៉េរិក ដល់អង្គការចំនួនបី ក្រោមគ្រោងការណ៍ ជំនួយ ឧបត្ថម្ភឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ ហៅថា (ជំនួយគូ សាណូណិ)។ ក្នុងគម្រោងជំនួយនេះទឹកប្រាក់ចំនួន ៨៩១១២ដុល្លារអាម៉េរិកត្រូវបានផ្តល់ ដល់មន្ទីរពេទ្យអង្គរខេត្តសៀមរាប សម្រាប់គម្រោងដំឡើងឧបករណ៍វេជ្ជសាស្ត្រនៅផ្នែកថែ ទាំជំងឺធ្ងន់ និងសង្គ្រោះបន្ទាន់ក្នុងមន្ទីរពេទ្យ ហើយទឹកប្រាក់ចំនួន ៨៩២៧៨ដុល្លារអាម៉េរិក ត្រូវបានផ្តល់ដល់មន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ សម្រាប់គម្រោងសាងសង់អគារ មណ្ឌលសុខភាពត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ និងទឹកប្រាក់ចំនួន ៨៩១២៥ដុល្លារ អាម៉េរិក ត្រូវបានផ្តល់ទៅឱ្យមន្ទីរសុខាភិបាលខេត្តមណ្ឌលគិរី សម្រាប់គម្រោងសាងសង់ អគារសម្រាលកូន និងអគារជំងឺទូទៅនៅមណ្ឌលសុខភាពមេម៉ង់របស់ខេត្តមណ្ឌលគិរី។

ឯកឧត្តមឯកអគ្គរាជទូតរំពឹងថា ជំនួយទាំងអស់នេះនឹងផ្តល់អត្ថប្រយោជន៍ដល់ ប្រជាជនក្នុងតំបន់ ជាពិសេសនឹងរួមចំណែកក្នុងការផ្តល់ការថែទាំសុខភាពមាតា កុមារ និងបរិយាកាសសុខាភិបាលដែលល្អប្រសើរជាងមុន។

តំណាងស្ថាប័នទទួលជំនួយទាំងបី គឺលោកវេជ្ជបណ្ឌិត ងួន ច័ន្ទភត្រា ប្រធានមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប, លោកវេជ្ជបណ្ឌិត ឃ្លោក ហួត ប្រធានមន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ និងលោកវេជ្ជបណ្ឌិត ប៊ុន សួរ ប្រធានមន្ទីរពេទ្យខេត្តមណ្ឌលគិរី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា ឯកអគ្គរាជទូត នៃប្រទេសជប៉ុនប្រចាំកម្ពុជា និងរដ្ឋាភិបាលជប៉ុន ដែលបានបន្តគាំទ្រដល់ការលើកកម្ពស់សុខុមាលភាពប្រជាជនកម្ពុជា។

ក្នុងនាមស្ថាប័នទទួលជំនួយទាំងបី សន្យាថានឹងប្រើប្រាស់ជំនួយនេះឱ្យចំគោលដៅ និងឱ្យអស់ពីលទ្ធភាព សម្រាប់ជាគុណប្រយោជន៍ដល់ប្រជាជនដែលរស់នៅក្នុងតំបន់៕

ដោយ ប៉ាល់ សុង