សម្ដេចតេជោ ហ៊ុន សែន៖ រាជរដ្ឋាភិបាលកំពុងខិតខំរក្សាតម្លៃទំនិញលើទីផ្សារកុំចេះ តែឡើងថ្លៃតាមប្រាក់បៀវត្សរ៍

AKP ពោធិ៍សាត់ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ — សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន គូសបញ្ជាក់ថា រាជរដ្ឋាភិបាល បាននិងកំពុងខិតខំធ្វើយ៉ាងណារក្សាតម្លៃទំនិញនៅលើទីផ្សារ​កុំចេះតែឡើងថ្លៃតាមប្រាក់បៀវត្សរ៍។

ក្នងពិធីជួបសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិត ប្រមាណជាង​១ម៉ឺននា​ក់ ​នៅ​ខេ​ត្ត​ពោធិ៍សាត់ កាលពីព្រឹកថ្ងៃពុធ ១៥កើត ខែ​ផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២​៥៦​២ ត្រូវនឹងថ្ងៃ​ទី ២០ ខែមីនា ឆ្នាំ២០១៩ នៅភូមិវាលវង់ ឃុំស្នា​អន្សា​ ស្រុកក្រគរ ខេត្តពោធិ៍​សា​ត់ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលខិតខំណាស់ ជាមួយនឹងការខិតខំដំឡើងប្រាក់បៀវត្សរ៍ ឱ្យក្មួយៗកម្មករ ហើយរាជរដ្ឋាភិបាលបានកំពុងខិតខំធ្វើយ៉ាងណារក្សាកំណត់ថ្លៃទំនិញលើ​ទីផ្សារ ដើម្បីឱ្យកម្លាំងពិតនៃការទទួលបានប្រាក់បៀវត្សរ៍នេះក្លាយជាប្រាក់បៀវត្សរ៍ពិត។ សម្ដេច​តេជោបានបន្ដថា កាលដែលកម្មករទទួលបានប្រាក់ខែគោល១៧០ដុល្លារ តម្លៃភ្លើង នៅកម្រិតខ្ពស់បន្តិច ដល់ឥឡូវ ប្រាក់ខែដល់១៨២ដុល្លារ តម្លៃភ្លើងបែរជាទាបទៅវិញ ហើយ បើទោះបីជាមិនបានទាប ក៏ស្ថិតនៅដដែល នោះក៏អាចចាត់ទុកថាថ្លៃ  ប៉ុន្តែបើប្រាក់បៀវត្ស រ៍ ឡើង ហើយតម្លៃភ្លើងឡើងនោះ មិនមែនជាការដំឡើងបៀវត្សរ៍នោះទេ។ សម្តេចតេជោក៏បាន លើកឡើងថា នៅប្រទេសខ្លះតម្លៃប្រេងមានតម្លៃជិត២ដុល្លារ ស្មើនឹង៧.០០០រៀល​ក្នុងមួយ លីត្រ ឯនៅកម្ពុជាទិញប្រេងពីគេទេ ប៉ុន្តែសម្រាប់អាទិត្យនេះ និងអាទិត្យក្រោយតម្លៃ៣.៦៥០ រៀល សម្រាប់ប្រេងសាំងធម្មតា ហើយ៣.៦០០រៀលសម្រាប់ម៉ាស៊ូត ក្នុងនោះរាជរដ្ឋាភិបាល ចេញ២សេន ដើម្បីជួយទប់កុំឱ្យឡើងថ្លៃ។

“ពូតែងតែលើកឧទាហារណ៍កាលពីមុនមិនទាន់ឡើងប្រាក់បៀវត្សរ៍អាវមួយថ្លៃតែមួយ១ម៉ឺនរៀល  ប៉ុន្តែក្រោយឡើងបៀវត្សរ៍ អាវមួយឡើង១៥.០០០រៀល នេះមិនមែនជាការឡើង​បៀវត្សរ៍ទេ ព្រោះតម្លៃទំនិញឡើងតាម។ អីញ្ចឹងយើងខិតខំធ្វើយ៉ាងណាមុន ដំឡើងបៀវត្សរ៍​អាវមួយ១ម៉ឺនរៀល  ហើយក្រោយឡើងបៀវត្សរ៍ អាវមួយត្រូវតែតម្លៃ១ម៉ឺនរៀលដដែល នេះ គឺជាការប្រសើរដែលនឹងក្លាយជាកម្លាំងពិតមួយសម្រាប់ទីផ្សារ។” នេះជាការគូសបញ្ជាក់បន្ថែម របស់សម្ដេចតេជោ។ សម្ដេចតេជោបានឱ្យដឹងទៀតថា នៅពេលខាងមុខនេះ រាជរដ្ឋាភិបាល នឹងពិនិត្យជាកញ្ចប់បញ្ហា ដើម្បីឆ្លើយតបនឹងបញ្ហាសេដ្ឋកិច្ចនិយាយជារួមមិនមែនគ្រាន់តែបញ្ហា ដែលនិយាយថាឱ្យអនុគ្រោះ ឬមិនអនុគ្រោះនោះទេ វាគឺជាបញ្ហាសម្រាប់អនាគតប្រទេសជាតិ រយៈពេល វែងដែលយើងត្រូវធ្វើកំណែទម្រង់៕

ដោយ ប៊ុនរិទ្ធ