សម្ដេចតេជោ៖ ប្រជាពលរដ្ឋនឹងមិនទទួលផលប៉ះពាល់តម្លៃភ្លើង ពីការនាំចូលនាវាផលិតថាមពលអគ្គិសនីពីប្រទេសតួកគីនោះទេ

AKP ពោធិ៍​សា​ត់ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រ​សា​សន៍​បញ្ជាក់ថា ការនាំចូលនាវាដែលផលិតថាមពល​អគ្គិសនីពីប្រទេសតួកគី​មានតម្លៃបន្តិច​ក៏​ពិតមែន ប៉ុន្តែប្រជាពលរដ្ឋនឹងមិនទទួលរងនូវផលប៉ះពាល់ពីការដំឡើងថ្លៃអគ្គិសនី​នោះទេ​។ក្នុងពិធីជួបសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិត ប្រមាណជាង​១ម៉ឺននា​ក់​នៅ​ខេ​ត្ត​ពោធិ៍សាត់ ដែលធ្វើឡើងនាព្រឹកថ្ងៃពុធ ១៥កើត ខែ​ផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២​៥៦​២ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ នៅភូមិវាលវង់ ឃុំស្នា​អន្សា​ ស្រុកក្រគរ ខេត្តពោធិ៍​សា​ត់ សម្ដេចតេជោមានប្រសាសន៍ថា បញ្ហាអគ្គិសនី យើងក៏កំពុងអំពាវនាវឱ្យបញ្ចេញ​ម៉ា​ស៊ីន​ភ្លើ​ងទាំងអស់មកប្រើប្រាស់ ព្រោះយើងមានកង្វះ។ ឥឡូវនេះ ឯកឧត្តម ស៊ុយ សែម ឯកឧត្តម កែវ រតនៈ បានរាយការណ៍ហើយ ប្រហែលជា ឯកឧត្តម កែវ រតនៈ នឹងហោះទៅតួកគីភ្លាម ដើម្បី​នាំកប៉ាល់មួយដែលផ្ទុកនូវម៉ាស៊ីនភ្លើងប្រមាណ២០០មេហ្គាវ៉ាត់ ចូលមកទីក្រុងភ្នំពេញ បើ​សិនជាត្រូវថ្លៃគ្នាចូលមកទីក្រុងភ្នំពេញ ផ្គត់ផ្គង់ក្នុងរយៈកាលប៉ុន្មានឆ្នាំ ដើម្បីយើងរង់ចាំ​ថាម​ពល​បន្ថែម។

សម្តេចតេជោបានថ្លែងទៀតថា ការនាំយកនាវាផ្ទុកថាមពលអគ្គិសនី​ពីប្រ​ទេស​តួក​​គីមកកម្ពុជានេះ គឺជាដំណោះស្រាយបន្ទាន់មួយ សម្រាប់នាំយកអគ្គិសនីមក​ផ្គត់ផ្គង់ក្នុង​ទី​ក្រុ​​ង ទម្រាំកម្ពុជាមានរោងចក្រផលិតអគ្គីសនីថ្មីថែមទៀត ទើបដកនាវារបស់តួកគីចេញ​ទៅវិញ​។ សម្តេច​​តេ​ជោនាយករដ្ឋមន្ត្រី ​បាន​មានប្រសាសន៍​ជម្រាប​ដល់​បងប្អូន​ជនរួមជាតិ​ទូទាំងប្រទេ​ស​បាន​ជ្រាបថា កម្ពុជា​នឹង​ប្រឈម​នូវ​កង្វះខាត​ភ្លើង​ប្រើប្រាស់ ដោយសារ​តម្រូវការ​កា​ន់​តែ​ខ្ពស់​ដូច​ជា​នៅ​ទីក្រុង​ភ្នំពេញ​, សៀមរាប និង​ក្រុងព្រះសីហនុ​ជាដើម ដែល​ពីមុន​ប្រើប្រាស់​តែ​ជាង​២០​ មេ​ហ្គាវ៉ា​ត់ ប៉ុន្តែ​ពេលនេះ​គឺ​ត្រូវការ​ភ្លើង​ជាង ១០០ មេ​ហ្គា​វ៉ា​ត់​។ ជាក់ស្តែង​វិស័យ​សំណង់​គឺ​បាន​កើនឡើង​ជាង ៧០០ភាគរយ បើ​ប្រៀបធៀប​ក្នុង​ខែមករា និង ខែកុ​ម្ភៈ ឆ្នាំទៅ​។ ចំណុច​ហ្នឹងហើយ​ដែ​​ល​​យើង​ការ​ភ្លើង​ប្រើប្រាស់​កាន់តែច្រើន ដែល​ខុសពី​ការព្យាករណ៍​របស់​រាជ​រដ្ឋាភិបាល​កាល​ពី​មុន​។

សម្តេចតេជោក៏បានជំរុញឱ្យក្រសួងរ៉ែ និងថាមពល សហការជា​មួយអា​ជ្ញា​ធរ​អគ្គិ​សនី​កម្ពុ​ជា ជ្រើសរើសយករោងចក្រផលិតអគ្គិសនី ដែលមានលក្ខណៈ​បច្ចេកវិទ្យា​ទំ​នើ​ប​ ដូច​ជា​រោ​ង​ចក្រដែលប្រើប្រាស់ហ្គាស (Gas) ដែលប្រសើរជាងធ្យូងថ្ម ព្រោះយូរទៅវាមា​ន​តម្លៃ​​កាន់​​តែ​​ខ្ព​ស់​ ដែលបង្កការលំបាក។ ដូច្នេះកម្ពុជាត្រូវការរោងចក្រផលិតអគ្គិសនីបែបទំនើប ស​ម្រាប់​ពេល​អ​​នាគត៕

ដោយ ជឹម ណារី