ការសាងសង់ភូមិកីឡាចាប់ផ្តើមឆ្នាំ២០១៩នេះដើម្បីត្រៀមស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣

AKP ភ្នំពេញ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ — ដើម្បីត្រៀមទទួលធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ខាងមុខ កម្ពុជាត្រូវបានកំណត់ឱ្យមានភូមិកីឡារបស់ខ្លួន សម្រាប់ការស្នាក់នៅ ការហូបចុកជុំគ្នា និង ងាយស្រួល ក្នុងការចេញទៅប្រកួតឱ្យទាន់ពេលវេលា ព្រមជាមួយនឹងការរក្សាសុខសុវត្ថិភាព សន្តិសុខជូនដល់ក្រុមប្រតិភូ កីឡាករ កីឡាការិនី ដោយនៅក្នុងឆ្នាំ២០១៩នេះ គម្រោងសាង សង់ភូមិកីឡា នឹងត្រូវដំណើរការឆាប់ៗខាងមុខនេះ។

ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការគណៈ កម្មាធិការជាតិអូឡាំពិកកម្ពុជាបានប្រាប់អ្នកសារព័ត៌មានថា តាមផែនការរបស់រាជរដ្ឋាភិបាល កម្ពុជាត្រូវដំណើរការសាងសង់ភូមិកីឡា នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដើម្បីឱ្យទាន់ ពេលនាឆ្នាំ២០២៣ ខាងមុខ សម្រាប់ស៊ីហ្គេម លើកទី៣២ នៅព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមអះអាងថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ និងដៃគូផ្សេងៗទៀតកំពុងសិក្សាអំពី គម្រោងសាងសង់ភូមិកីឡានេះ ក្នុងចន្លោះ១ខែ ឬ២ខែទៀតរួចហើយនឹងត្រូវចាប់ ផ្តើមសាង សង់តែម្តង។ ជាមួយគ្នានេះ នៅក្នុងគោលការណ៍ដ៏សំខាន់របស់គណៈកម្មាធិការ អូឡាំពិក អន្តរជាតិ ក៏ដូចជាចលនាអូឡាំពិកបានដាក់គោលដៅឱ្យបណ្តាប្រទេសនានា ដែលរៀបចំ ទទួលធ្វើជាម្ចាស់ផ្ទះ ដាច់ខាតត្រូវតែមានភូមិកីឡារបស់ខ្លួន ពីព្រោះថា ក្រោយសង្រ្គាមលោក លើកទី២ នៅក្នុងការប្រកួតកីឡាអូឡាំពិក នៅប្រទេសអាល្លឺម៉ង់ មានបាតុភាពបាញ់សម្លាប់គ្នា នៅក្នុងសណ្ឋាគាររវាងកីឡាករប៉ាឡេស្ទីន និងកីឡាករអ៊ីស្រាអែល នាពេលនោះ។

ដោយសារ មូលហេតុនោះ ទើបអូឡាំពិកអន្តរជាតិបានកំណត់ឱ្យបណ្តាប្រទេសដែលរៀបធ្វើម្ចាស់ផ្ទះ ត្រូវ តែមានភូមិកីឡាសម្រាប់ការស្នាក់នៅរបស់អត្តពលិក ក្រោមការរក្សាសុវត្ថិភាព សន្តិសុខឱ្យ បានល្អប្រសើរផង។ ឯកឧត្តមបានបន្ថែមថា “ភូមិកីឡានេះបានកាត់ការចំណាយច្រើនលើ​ការ ស្នាក់នៅក្នុងសណ្ឋាគារ កាត់បន្ថយលើការដឹកជញ្ជូន ងាយស្រួល ក្នុងការចូលរួមប្រកួត​ទាន់ពេលវេលា មិនខកខានការប្រកួត ព្រមជាមួយនឹងការត្រួតពិនិត្យប្អូនអាហារ បំប៉នសុខ ភាពសម្រាប់អត្តពលិក ហើយភូមិកីឡាមានអត្ថប្រយោជន៍ច្រើនទៀត”។ ឯកឧត្ដមបានលើក ឡើងទៀតថា ចំពោះការស្នាក់នៅតាមសណ្ឋាគារនោះ ក៏ចៀសមិនផុតដែរ គ្រាន់តែមានចំនួន​តិចតួចប៉ុណ្ណោះ ដោយតម្រូវទៅតាមប្រភេទកីឡាមួយចំនួន ដែលត្រូវប្រកួតនៅតាមបណ្តា​ខេត្តនានានោះ។

សូមបញ្ជាក់ថា ដើម្បីត្រៀមខ្លួនទទួលធ្វើម្ចាស់ផ្ទះ កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាលើកដំបូងរបស់កម្ពុជានោះ រាជរដ្ឋាភិបាលកម្ពុជាបានសាង់សងពហុកីឡដ្ឋាន ជាតិមរតក តេជោ ដោយបច្ចុប្បន្នពហុកីឡដ្ឋានជាតិមរតកតេជោ គឺសាងសង់តាមស្តង់ដារអន្តរជាតិ និង​បច្ចេកវិទ្យាចុងក្រោយរបស់ពិភពលោកបានសម្រេចនូវ កីឡដ្ឋានក្នុងសាលានានារួចរាល់​ជាស្ថាពរហើយ ខណៈកីឡដ្ឋានបាល់ទាត់ ឬកីឡដ្ឋានធំសម្រេចបានសមិទ្ធ ផលប្រមាណ ៤០ភាគរយហើយ៕

ដោយ ហេង ណាលីន