កម្ពុជា និងអាម៉េរិក ចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការមនុស្សធម៌ អប់រំ និងហ្វឹកហ្វឺនយោធានៃប្រទេសទាំងពីរ

AKP ភ្នំពេញ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩  — កិច្ចសន្ទនាទ្វេភាគីរវាងកងយោធពលខេមរភូមិន្ទ និងយោធាអាម៉េរិក ដែលមាន ការចូលរួមពីភាគីកងយោធពលខេមរភូមិន្ទ​ ដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក សួន សំណាង អគ្គនាយករង អគ្គនាយកដ្ឋាននយោបាយ កិច្ចការបរទេស ក្រសួងការពារជាតិ និងជាប្រធានក្រុមសម្របសម្រួល កិច្ចសហប្រតិបត្តិការយោធា (Military Coordination Cooperation Group MCCG) ជាមួយភាគីកងទ័ពសហរដ្ឋអាមេរិក ដឹកនាំដោយលោកវរសេនី ឯក Scott Burnside ប្រធានផ្នែកគោលនយោបាយ អាស៊ីអាគ្នេយ៍ បញ្ជាការ​ដ្នាន ប៉ាស៊ីហ្វិក-អាម៉េរិក។

ឯកឧត្តមឧត្តមសេនីយ៍ឯក សួន សំណាង បានមានប្រសាសន៍ កាលពីថ្ងៃអង្គារ ១៤កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩នៅ ទីស្តីការក្រសួងការពារជាតិថា កិច្ចសន្ទនា យោធាទ្វេភាគី កម្ពុជា-អាម៉េរិក គឺជាកិច្ចប្រជុំប្រចាំឆ្នាំ រវាងក្រសួងការពារជាតិកម្ពុជា ជាមួយនឹងទីបញ្ជាការ ឥណ្ឌូ-ប៉ាស៊ីហ្វិក​ សហរដ្ឋ​អាមេរិក ប្រចាំនៅរដ្ឋហាវៃ។

កិច្ចប្រជុំពិភាក្សាយោធាទ្វេភាគីនេះ​​ ជាវេទិកានៃការ​ពិភាក្សា​​ និងរៀបចំផែនការ សម្រាប់កិច្ចសហប្រតិបត្តិការយោធាទ្វេភាគី រវាងកម្ពុជា និង​សហរដ្ឋអាមេរិក សម្រាប់រយៈពេល១ឆ្នាំតទៅមុខទៀត។ កិច្ចប្រជុំឆ្នាំនេះមានកិច្ចព្រមព្រៀង​លើកម្មវិធីមួយចំនួន ដែលភាគច្រើនពាក់ព័ន្ធទៅនឹងកិច្ចការមនុស្សធម៌ ផ្តល់ការហ្វឹកហ្វឺននិង​បណ្តុះបណ្តាលដល់កងយោធពលខេមរភូមិន្ទ សម្រាប់ការផ្តល់ការហ្វឹកហ្វឺនដល់កងកម្លាំង​ប្រតិបត្តិការ​រក្សា​សន្តិភាព​របស់កម្ពុជាមុនពេលចេញទៅបំពេញបេសកកម្មនៅក្រៅប្រទេស, កម្មវិធីផ្នែក​សុខាភិបាល និងកម្មវិធីធ្វើការងាររួមគ្នាក្នុងការស្វែងរកអដ្ឋិធាតុទាហាន​អាមេរិក ដែល​បាត់​ខ្លួន ព្រមទាំងការអប់រំ និងការហ្វឹកហ្វឺននាយទាហានជាន់ខ្ពស់កង យោធពលខេមរភូមិន្ទ នៅវិទ្យាស្ថាន​សន្តិសុខ​ អាស៊ី-ប៉ាស៊ីហ្វីក នៅរដ្ឋហាវៃ សហរដ្ឋអាមេរិក។ បន្ទាប់ពីមានការព្រមព្រៀងនៃ​កិច្ចប្រជុំ​នេះ​ហើយ ភាគីទាំងពីរនឹងអនុវត្តន៍ទៅតាមផែន ការព្រមព្រៀងគ្នានោះ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក សួន សំណាង បានកត់សម្គាល់ថា តាមធម្មតាកាលពីមុនខែធ្នូ ឆ្នាំ​២០១៦ គឺមានសកម្មភាព រវាងក្រសួងការពារជាតិកម្ពុជា ជាមួយនឹងទីបញ្ជាការ​ ឥណ្ឌូ​-ប៉ាស៊ីហ្វីក សហរដ្ឋអាមេរិក រហូតដល់ជាង១០០សកម្មភាព ក្នុង១ឆ្នាំៗ។ ប៉ុន្តែពេលនេះយើង​បានកាត់បន្ថយសកម្មភាពនៃកិច្ចសហប្រតិបត្តិការ ជាមួយអាមេរិកចុះមកនៅត្រឹមប្រហែលតិចជាង១០សកម្មភាព បើប្រៀបធៀបមានការថយ ចុះច្រើននៅក្នុងកិច្ចសហប្រតិបត្តការ​យោធា​ជាមួយនឹងភាគីអាម៉េរិក។ មូលហេតុចម្បង ដោយ សារតែនៅក្នុងរយៈពេលប៉ុន្មាន​ឆ្នាំមុន​នេះ យើងមានការមមាញឹកនៅក្នុងការបោះឆ្នោតជ្រើស រើសក្រុមប្រឹក្សាឃុំសង្កាត់ និងជ្រើស​រើស​តំណាងរាស្ត្រ ដោយបានកាត់បន្ថយនូវសកម្មភាព ខ្លះពាក់ព័ន្ធទៅនឹង​ការបញ្ជូន​កងយោធា​អាម៉េរិកចូលមកកម្ពុជារបស់យើង។ នេះជាគោល ការណ៍របស់រាជរដ្ឋាភិបាល និង​ក្រសួងការពារជាតិផងដែរ ប៉ុន្តែជាទូទៅយើងនៅ តែបន្តកិច្ចសហប្រតិបត្តិការយោធា​ជាមួយ​នឹងភាគីអាម៉េរិក ទោះបីជាក្នុងទំហំមួយនៅ មានកម្រិតក៏ដោយ។

កិច្ចប្រជុំនេះ ក៏មានការចុះ​ហត្ថលេខា​លើកំណត់ហេតុរួមគ្នាមួយ រវាង ឯកឧត្តម ឧត្តមសេនីយ៍ឯក សួន សំណាង និង​លោក​វរសេនីយ៍​ឯក ស្កត់ ប៊ឺនសាយ (Scott Burnside) សម្រាប់អនុវត្ត​ន៍នៅក្នុងឆ្នាំ២០១៩ និងឆ្នាំ២០២០ ជុំវិញកិច្ចសហប្រតិបត្តិការកិច្ចការមនុស្សធម៌ និងការអប់រំ​និងហ្វឹកហ្វឺន​នៃ​យោធា​ទាំង​ពីរ​កម្ពុជា និងសហរដ្ឋអាមេរិក៕

ដោយ សំ សាម៉ន