គម្រោងសំណង់ទំនប់ទឹកសាលាតាអនខេត្តបាត់ដំបង នឹងសាងសង់រួចរាល់នៅឆ្នាំ២០២០

AKP ភ្នំពេញ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ — គម្រោងសំណង់ទំនប់ទឹកសាលាតាអន នៅស្រុកឯកភ្នំ ខេត្តបាត់ដំបង នឹងសាងសង់ រួចរាល់នៅឆ្នាំ២០២០។ នេះបើតាមហ្វេសប៊ុកផ្លូវការរបស់ក្រសួងធនធានទឹក និងឧតុនិយម។ ក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម នៅទីស្តីការក្រសួង នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩នេះ លោក Oh Yeun Kun អនុប្រធានសារជីវកម្មវិស្វកម្ម Yooshin នៃសាធារណរដ្ឋកូរ៉េ បានមានប្រសាសន៍ថា សារជីវកម្មវិស្វកម្មរបស់លោក ពិតជាមានកិត្តិយសដោយត្រូវបានជ្រើសរើសសម្រាប់ ជួយលើផ្នែកបច្ចេកទេសក្នុងអនុវត្តន៍គម្រោងក្រោមហិរញ្ញប្បទាននៃសាធារណរដ្ឋកូរ៉េ រួមមាន៖ ១.សំណង់ទំនប់ទឹកសាលាតាអន នៅស្រុកឯកភ្នំ ខេត្តបាត់ដំបង និង ២.ការអភិវឌ្ឍធារាសាស្រ្ត និងកាត់បន្ថយទឹកជំនន់នៅខេត្តបន្ទាយមានជ័យ ដោយលោកប្តេជ្ញាថា នឹងខិតខំបំពេញការងារឱ្យសម្រេចបានតាមផែនការគ្រោងទុក។

ដោយឡែកសម្រាប់គម្រោងអភិវឌ្ឍន៍ធារាសាស្រ្ត និងកាត់បន្ថយទឹកជំនន់នៅ ខេត្តបន្ទាយមានជ័យ ក្នុងគោលបំណងដើម្បីកាត់បន្ថយការខូចខាតដោយទឹកជំនន់ និងរាំងស្ងួត ព្រមទាំងសាងសង់ទំនប់ពហុបំណង និងប្រឡាយដើម្បីបម្រើឱ្យការស្រោចស្រព និងការផ្គត់ផ្គង់ទឹកស្អាត។ ចំពោះដំណើរការនៃគម្រោងរហូតមកដល់ពេលនេះគឺបានចុះកិច្ច សន្យាកាលពីខែកញ្ញា ឆ្នាំ២០១៨ ហើយបច្ចុប្បន្នកំពុងសិក្សាគ្រោងប្លង់ និងចាប់ផ្តើម ការងារសាង សង់នាពេលខាងមុខ ។

ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក បានស្នើឱ្យសារជីវកម្មវិស្វកម្ម របស់លោក Oh Yeun Kun អនុប្រធានសារជីវកម្មវិស្វកម្ម Yooshin នៃសាធារណរដ្ឋកូរ៉េ ត្រូវបំពេញតាមគោលការណ៍និងបទដ្ឋានបច្ចេកទេស ដែលបានកំណត់ និងត្រូវបន្តកិច្ច សហការ និងជួយធ្វើឱ្យគម្រោងអនុវត្តន៍ទទួលបានជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់ ដើម្បីគាំទ្រដល់គោលបំណងនៃគម្រោងដែលបានកំណត់។

សូមបញ្ជាក់ថា គម្រោងសំណង់ទំនប់ទឹកសាលាតាអននេះមានសារៈសំខាន់គឺ ១.ការបង្កើនសមត្ថភាពស្រោចស្រពលើផ្ទៃដីរាប់ម៉ឺនហិកតានៅប៉ែកខាងក្រោម, ២.ដើម្បីរក្សាស្ថេរភាពទឹកដើម្បីបម្រើដល់ការប្រើប្រាស់ទឹកស្អាតសម្រាប់ខេត្តបាត់ដំបង និង៣. សម្រាប់លើកកម្ពស់សោភណភាព និងទាក់ទាញទេសចរណ៍បែបធម្មជាតិ។ គម្រោងនេះ ត្រូវអនុវត្តក្នុងរយៈពេល ០២ឆ្នាំ (២០១៨-២០២០) ដែលរហូតមកដល់ពេលនេះ វឌ្ឍនភាពការងារ គឺសម្រេចបានប្រមាណ ២០ភាគរយ៕

ដោយ គង់ សិរីរ័ត្ន