អភិបាលខេត្តចុះពិនិត្យមើលអូររំដោះទឹកកខ្វក់នៅមុខសាលាខេត្តព្រះសីហនុ

AKP ព្រះសីហនុ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ -នៅរសៀលថ្ងៃអង្គារ ១៤កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ អមដំណើរដោយប្រធាន និងមន្ត្រីជំនាញនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ បានចុះពិនិត្យអូររំដោះទឹកកខ្វក់នៅមុខសាលាខេត្តព្រះសីហនុ ស្ថិតក្នុងសង្កាត់ លេខ៣ ក្រុងព្រះសីហនុ ។

 លោកណុប ហេង ប្រធានមន្ទីរសាធារណការ និង ដឹកជញ្ជូនខេត្តព្រះសីហនុ បានឱ្យដឹងថា អូរមួយខ្សែនេះមានប្រវែង ១០០ម៉ែត្រ ទទឹង ១៥ម៉ែត្រ ដើម្បីស្តុកទឹកកខ្វក់ដែលហូរមកពីតំបន់នៅជុំវិញសាលាខេត្តព្រះសីហនុ មុននឹងបង្ហូរចូលទៅសមុទ្រ ។ បច្ចុប្បន្នក្រុមការងារបច្ចេក ទេសកំពុងមមាញឹកក្នុងការរៀបថ្ម ដើម្បីកែលម្អទឹកកខ្វក់ មុននឹងបង្ហូរចូលសមុទ្រ ។ អូរនេះ ក្រុមការងារនិងដាក់ EM ដើម្បីបំប្លែងទឹកកខ្វក់ មុននឹងបង្ហូរចូលទៅសមុទ្រ ។ អូរនេះក៏ជាអាងស្តុកទឹកកខ្វក់មួយ ដើម្បីបូមបន្តទៅកាន់ស្ថានីយចម្រោះទឹកកខ្វក់នៅអូរឈើទាល ។

ឯកឧត្តម យន្ត មីន បានជំរុញឱ្យក្រុមបច្ចេកទេសរបស់មន្ទីរសាធារណការ ស្ថាបនាអូរនេះ  ឱ្យបានលឿនមុនរដូវភ្លៀងចូលមកដល់ ដោយសារតែអូរមួយនេះ វាមានសារ:សំខាន់ក្នុងការជួយកាត់បន្ថយទឹកកខ្វក់ហូរចូលសមុទ្រ ដែលបង្កឱ្យប៉ះពាល់ដល់បរិស្ថានតំបន់ឆ្នេរ ៕

ដោយ ងូ សុមុនី