ពលរដ្ឋខ្មែឥស្លាមនៅស្រុកក្រគរ ទទួលអំណោយមនុស្សធម៌ ជាគម្ពីអាល់គួរអាន និងសម្លៀកបំពាក់សូត្រធម៌ ពីអ្នកតំណាងរាស្រ្តខេត្តពោធិ៍សាត់ និងភ្នំពេញ

AKP ពោធិ៍សាត់ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ -ឯកឧត្ដម រ៉ូហ្វី អូស្មាន អ្នកតំណាងរាស្រ្តមណ្ឌលពោធិ៍សាត់ និងលោកជំទាវ ម៉ាណ ណាវី តំណាងរាស្ត្រ មណ្ឌលភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងនាំយកអំណោយមនុស្សធម៌ ជាសារុង នឹងសម្លៀកបំពាក់ថ្វាយបង្គុំ(ម៉ាខ្នា) ដែលជាអំណោយរបស់មូលនិធិអាត់តាមីស៊ី តាមរយៈមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈអង្គរ និងគម្ពីអាល់គួរអាន បកប្រែជាភាសាខ្មែរ ជូនបងប្អូនប្រជាពលរដ្ឋសាសនិកអ៊ិស្លាមចំនួន៥០០គ្រួសារ ស្ថិតនៅភូមិចាមថ្មី ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ពិធីនេះបានប្រារព្ធធ្វើឡើងកាលរសៀលថ្ងៃអង្គារ ១៤កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ ។

ឯកឧត្ដម រ៉ូហ្វី អូស្មាន បានមានប្រសាសន៍ថា បច្ចុប្បន្នក្រោមការដឹកនាំរបស់សម្ដេច អគ្គមហាសេនាបតីតេជោ ង៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ធ្វើឱ្យសហគមន៍អន្ដរជាតិបានមើលឃើញថា ប្រជាពលរដ្ឋបានរួមរស់សម្បូរសប្បាយ ក្រោមដំបូលសន្តិភាព សេរីភាព ប្រកបដោយសុខដុមរមនា និងគ្មានការរើសអើងពូជសាសន៍ អ្វីឡើយ ។

ឯកឧត្ដម បានបន្ដថា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន បានខិតខំកសាងសន្តិភាពធ្វើឱ្យប្រទេសជាតិមានសិទ្ធិសេរីភាព ដូច្នេះបងប្អូនសាសនិកអ៊ិស្លាមទាំងអស់មានសិទ្ធិគោរពប្រតិបត្តិតាមជំនឿសាសនា រៀងៗខ្លួន ជាក់ស្តែងថ្ងៃនេះបងប្អូនបានមកទទួល អំណោយមនុស្សធម៌ ដោយមានសេរីភាពនិងយុត្តិធម៌តាមជំនឿ។

ឯកឧត្ដម រ៉ូហ្វី អូស្មាន បានបញ្ជាក់ថា ដោយសារគោលនយោបាយសុខដុមបនីយកម្ម របស់រាជរដ្ឋាភិបាល សហគមន៍អ៊ីស្លាម មានភាពកក់ក្ដៅ និង រីកចម្រើនជាបន្តបន្ទាប់តាមគោលនយោបាយឈ្នះឈ្នះ និងភាពជោគជ័យដ៏ត្រចះត្រចង់ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ខណៈកម្ពុជា ក៏មានបងប្អូនអ្នកកាន់សាសនាអ៊ិស្លាម បាននិងកំពុងរួមរស់ រួមសុខរួមទុក្ខ ក្រោមដំបូលសន្តិភាពតែមួយ របស់ព្រះរាជាណាចក្រកម្ពុជា ដែលមានសាសនាព្រះពុទ្ធជាសាសនារបស់រដ្ឋ មិនតែប៉ុណ្ណោះ បងប្អូនសាសនិកអ៊ិស្លាមនៅកម្ពុជា ក៏ទទួលបាន នូវគោលនយោបាយល្អៗ ដើម្បីបំពេញរាល់តម្រូវការចាំបាច់ របស់សហគមន៍ខ្មែរឥស្លាម ជាពិសេស ការបើកសិទ្ធិទូលំទូលាយឱ្យទទួលយកការប្រតិបត្តិតាមជំនឿសាសនារបស់ខ្លួន ទំនៀមទម្លាប់ប្រពៃណី និងការអនុញាតឱ្យទទួលបានការងារក្នុងជួររដ្ឋាភិបាល ក៏ដូចជារដ្ឋសភា ព្រឹទ្ធសភា និងតាមអង្គភាព ក្រសួង មន្ទីរនានាផងដែរ ៕

ដោយសួស សំរិត