មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកោះកុងប្រារព្ធទិវាវប្បធម៌ជាតិ ៣ មីនា

AKP កោះកុង ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ -នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ មន្ទីរវប្បធម៌ និង វិចិត្រសិល្បៈខេត្តកោះកុង បានប្រារព្ធទិវាវប្បធម៌ជាតិ ៣ មីនា ក្រោមប្រធានបទ « យុវជនដើម្បីវប្បធម៌ជាតិ» ក្រោមអធិបតីភាព ឯកឩត្តម ស្រី សួន រដ្ឋលេខាធិការក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ លោកជំទាវ មិថុនា ភូថង អភិ បាលខេត្តកោះកុង ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ អង្គភាពនានាជុំវិញខេត្តកោះកុង រួមទាំង សិស្សានុសិស្សយ៉ាងច្រើនកុះករ ។

លោកជំទាវ មិថុនា ភូថង បានមានប្រសាសន៍ថា ការប្រារព្ធទិវាវប្បធម៌ជាតិ ៣ មីនា លើកទី២១ ឆ្នាំ២០១៩នេះ ប្រារព្ធឡើងក្នុងគោលបំណងជំរុញឱ្យប្រជាពលរដ្ឋទាំងអស់ ជាពិសេសយុវជន យុវនារី ចូលរួមឱ្យបានសកម្មថែមទៀតក្នុងការលើកកម្ពស់មនសិការ ស្មារតីចូលរួមក្នុងការផ្ទេរ និងទទួលយកនូវចំណេះដឹង ផ្នែកបច្ចេកទេសសិល្បៈវប្បធម៌ ជំរុញការអភិរក្ស និងការអភិវឌ្ឍវប្បធម៌ជាតិ បង្កើននូវការយល់ដឹងឱ្យកាន់តែច្បាស់ពីតម្លៃវប្បធម៌ជាតិដែលជាប្រភពធនធានមិនចេះរីងស្ងួត។

ឯកឩត្តម ស្រី សួន រដ្ឋលេខាធិការក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ បានអំពាវដល់គ្រប់ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ អង្គការជាតិ អន្តរជាតិ និង វិស័យឯកជននានា មេត្តារួមគ្នារិះរកវិធីជំរុញលើកទឹកចិត្តដល់យុវជន យុវនារី ដែលជាអ្នកបន្តវេនមេត្តាចូលរួមដោយស្មារតីស្រឡាញ់នូវវប្បធម៌ និង សិល្បៈរបស់ខ្លួន ដើម្បីធ្វើឱ្យសិល្បៈវប្បធម៌យើងមានឋានភាពក្នុងផ្នត់គំនិតយុវជន និង មហាជនគ្រប់លំដាប់ថ្នាក់ក្នុងន័យអប់រំដើម្បីវប្បធម៌ និង វប្បធម៌ដើម្បីអប់រំព្រមទាំងរួមគ្នាជាធ្លុងមួយ ៕

ដោយ ណយ នឿន (ប្រភព រដ្ឋបាលខេត្តកោះកុង )