អគ្គស្នងការនគរបាលជាតិដាក់ចេញវិធានធានាស្ថិរភាពសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ

AKP ភ្នំពេញ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ — មុនពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលនឹងចូលមកដល់ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩ខាងមុខនេះ ស្របពេលនឹងគ្នានេះដែរ អគ្គស្នងការនគរបាលជាតិ បាន ប្រកាសដាក់ចេញនូវវិធានការមួយចំនួនដើម្បីធានាស្ថិរភាពសន្តិសុខ សណ្តាប់ធ្នាប់សាធារ ណៈ និងសុវត្ថិភាពសង្គមក្នុងឱកាសពិធីបុណ្យប្រពៃណីជាតិមួយនេះ។

យោងតាមសេចក្តីណែនាំរបស់អគ្គស្នងការនគរបាលជាតិ ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ បានឱ្យដឹងថា វិធានការទាំងនោះរួមមាន៖ ត្រូវយកចិត្តទុកបង្កើនការភ្ជាប់សភាព ការណ៍ពាក់ព័ន្ធសន្តិសុខ សណ្តាប់ធ្នាប់សង្គម ជាពិសេសសកម្មភាពភេរវកម្ម ឧក្រិដ្ឋកម្ម ចលា​ចលសង្គម និងសកម្មភាពល្មើសផ្សេងៗទៀត ដើម្បីចាត់វិធានការបង្ការទប់ស្កាត់ និងបង្ក្រាប​ឱ្យ​មានប្រសិទ្ធភាពទាន់ពេលវេលា។ ជាមួយគ្នានេះ ត្រូវជំរុញការអនុវត្តគោលនយោបាយ “ភូមិ-ឃុំ មានសុវត្ថិភាព” ឱ្យបានសកម្មផុសផល និងត្រូវយកចិត្តទុកដាក់គ្រប់គ្រងឱ្យ​បាន ហ្មត់ចត់ នូវមុខសញ្ញាគ្រប់ប្រភេទ នៅតាមសហគមន៍ ភូមិ-ឃុំ  ដោយប្រើប្រាស់គ្រប់វិធាន ការ។

អគ្គស្នងការនគរបាលជាតិ ក៏បានណែនាំឱ្យបង្កើនវិធានការសន្តិសុខ និងសណ្តាប់ធ្នាប់សាធារ ណៈឱ្យ​បានម៉ឺងម៉ាត់ នៅតាមបណ្តាគោលដៅប្រារព្ធពិធីបុណ្យ និងគោលដៅកម្សាន្តសប្បាយ របស់ប្រជាពលរដ្ឋ ដូចជា៖ ទីវត្តអារាម ប្រាង្គប្រាសាទ រមណីយដ្ឋាន ដើម្បីរក្សានូវសណ្តាប់ ធ្នាប់ឱ្យបានល្អប្រសើរ។ ទន្ទឹមនេះ ត្រូវយកចិត្តទុកដាក់យាមកាម ល្បាតការពារផ្ទះសម្បែង​ទ្រព្យសម្បត្តិ ប្រជាពលរដ្ឋដែលចាកចេញទៅជួបជុំសាច់ញាតិនៅឯស្រុកកំណើត ឬទៅ កម្សាន្តនៅទីឆ្ងាយទាំងគ្រួសារ។ ក្រៅពីនេះ ត្រូវទប់ស្កាត់ និងបង្រ្កាបឱ្យបានទាន់ពេលចំពោះ ការប្រើប្រាស់អាវុធ គ្រឿងផ្ទះគ្រាប់រំសេវ ដែលនាំឱ្យគ្រោះថ្នាក់ដល់សង្គម និងបង្កការភ័យខ្លាច ដល់ប្រជាពលរដ្ឋ។ បន្ថែមពីនេះទៀត ក៏ត្រូវពង្រឹងបន្ថែមការងារប្រចាំបញ្ជាគ្រប់ថ្នាក់ ដើម្បី​ត្រៀមអន្តរាគមន៍ពេលមានហេតុការណ៍ ចៃដន្យកើតឡើង និងត្រូវសហការជាមួយបណ្តាញ វិទ្យុព័ត៌មានសំខាន់ៗ ដើម្បីផ្តល់ព័ត៌មានទាន់ហេតុការណ៍ ដូចជាការកកស្ទះចរាចរណ៍ធ្វើឱ្យ ប្រជាជនបានដឹងជាមុន ដើម្បីបង្វែរទិសចរាចរ និងត្រូវរៀបចំមន្រ្តី្កក្រោមឱវាទឱ្យ​មានការ ផ្លាស់ប្តូរគ្នាប្រចាំការ និងចូលរួមពិធីបុណ្យបានគ្រប់ៗគ្នា៕

ដោយ ចាន់ សុធីវង្ស