ផ្លូវល្បឿនលឿនភ្នំពេញព្រះសីហនុ គ្រោងបើកសម្ពោធនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ នៅស្រុកសំរោង ខេត្តកំពង់ស្ពឺ

AKP កំពង់ស្ពឺ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ — លោក ហុង ចាន់សុខា ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូន ខេត្តកំពង់ស្ពឺបាន ប្រាប់ AKP ឱ្យដឹងនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩នេះថា តាមការគ្រោងទុកផ្លូវ ល្បឿនលឿន ភ្នំពេញព្រះសីហនុ នឹងសម្ពោធបើកការដ្ឋានសាងសង់ជាផ្លូវការនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅឃុំវស្លិ៍ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

លោក ហុង ចាន់សុខា បានឱ្យដឹងទៀតថា ផ្លូវល្បឿនលឿន ភ្នំពេញព្រះសីហនុ មាន ប្រវែងជាង១៩០គីឡូម៉ែត្រ គ្រោងសាងសង់ជាបួនគន្លងដោយ២គន្លងទៅ ២គន្លងមក រៀប ចំមានសួនច្បារនៅចំកណ្តាលផ្លូវមានប្រវែងទទឹងជាង២៤ម៉ែត្រក្រាលកៅស៊ូAC និងមាន កសាងរបងបាំងសងខាងផ្លូវដើម្បីការពារសុវត្ថិភាពជូនអ្នកដំណើរផងដែរ(នេះបើមើលតាមប្លង់ផ្លូវល្បឿនលឿន Express Way ដំបូងគេនៅកម្ពុជាពិតជាមានសោភណភាព ស្រស់ស្អាតមែនតែម្តង)។

តាមមន្ត្រីជំនាញ ក្រសួងសាធារណការនិងដឹកជញ្ជូនបានប្រាប់ឱ្យដឹងដែរថា ផ្លូវល្បឿនលឿននេះគ្រោងប្រើពេលសាងសង់រយៈពេល៤ឆ្នាំទើបអាចហើយរួចរាល់។ ផ្លូវនេះតភ្ជាប់ពីរាជធានីភ្នំពេញទៅខេត្តព្រះសីហនុដែលមានប្រវែង១៩០.៣៦៥គីឡូម៉ែត្រដែលសាងសង់ជាបួនគន្លងដោយពីរគន្លងទៅពីរគន្លងមកជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ(AC) កម្រាស់១០សង់ទីម៉ែត្រនិងថ្មលាយកៅស៊ូ(ATB)១២សង់ទីម៉ែត្រទទឹងផ្លូវដល់២៤.៥ម៉ែត្រខណ្ឌដោយសួនច្បារនៅចំកណ្តាលទ្រូងផ្លូវនិងមានរបាំងអមសងខាងផ្លូវការពារសត្វឫមនុស្សឆ្លងកាត់មានកន្លែងឈប់សម្រាកដែលមានលក្ខណៈងាយស្រួលមិនបង្កឱ្យមានការកកស្ទះចរាចរណ៍ផងដែរ៕

ដោយ លឹម សាន្ត