ឯកឧត្ដម ហ៊ឺ វីរៈ អញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធទិវាវប្បធម៌ជាតិ ៣មីនា លើកទី២១ នៅខេត្តក្រចេះ

AKP ក្រចេះ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ — ឯកឧត្តម ហ៊ឺ វីរៈ រដ្ឋលេខាធិការក្រសួង វប្បធម៌និងវិចិត្រសិល្បៈ បានអញ្ជើញជា អធិបតីក្នុងពិធីប្រារព្ធទិវាវប្បធម៌ជាតិ ៣ មីនា នៅខេត្តក្រចេះ កាលពីព្រឹកថ្ងៃអង្គារ ១៤កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩។ ពិធីនេះក៏មាន ការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្រ្តីរាជការនិងសិស្សានុសិស្សយ៉ាងច្រើនកុះករ។លោក ទេព វាសនា ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត បានឱ្យដឹងថា ទិវាវប្បធម៌ជាតិ ៣មីនា គឺជាទិវាដ៏មានសារៈសំខាន់របស់ប្រទេសកម្ពុជា ដែលរាជរដ្ឋាភិបាល បានកំណត់យកថ្ងៃទី ៣ ខែមីនា ជារៀងរាល់ឆ្នាំ ដើម្បីប្រារព្ធទិវាវប្បធម៌ជាតិក្នុងគោលបំណង់ រំលឹកដល់គុណូបការៈនិងស្នាដៃដ៏ធំធេងនៃបុព្វបុរសខ្មែរយើងដែលបានបន្សល់ទុកនូវមរតកវប្បធម៌ដ៏សម្បូរបែបសម្រាប់ជាកូនចៅជំនាន់ក្រោយនិងជាទិវាបង្កើតនូវសេចក្តីស្រឡាញ់ព្រមទាំងស្មារតីចូលរួមថែរក្សាការពារសម្បត្តិវប្បធម៌ទាំងរូបីនិងអរូបីឱ្យឋិតថេរគង់វង្ស។

ឯកឧត្ដម ហ៊ឺ វីរៈ រដ្ឋលេខាធិការក្រសួង វប្បធម៌និងវិចិត្រសិល្បៈ បានមានប្រសាសន៍ថា ទិវាវប្បធម៌ ៣ មីនាលើកទី ២១ ដែលសម្រេចកំណត់យក ប្រធានបទ«យុវជនដើម្បី វប្បធម៌ជាតិ» គឺដើម្បីបន្តក្នុងការគាំទ្រនិងថែរក្សានូវសម្បត្តិវប្បធម៌នៅក្នុងប្រទេស កម្ពុជាយើងឱ្យគង់វង់យូរអង្វែង។ឯកឧត្ដម បញ្ជាក់ថា យុវជនគឺជាទំពាំងស្នងឬស្សី ក្នុងការលើកកម្ពស់ការ យល់ដឹង និងការចូលរួមរបស់យុវជនក្នុងការអភិរក្សនិងលើកស្ទួយវប្បធម៌ជាតិឱ្យទទួលបាននូវវឌ្ឍនភាពប្រកបដោយនិរន្តភាពការបង្កើននូវការដឹងគុណចំពោះបុព្វការីជនដែលបានខិតខំប្រឹងប្រែងកសាងសម្បត្តិវប្បធម៌ជាតិដ៏សម្បូរបែបប្រកបដោយសក្ដានុពលក្នុងការរួមចំណែកអភិវឌ្ឍន៍សង្គម និងភាពសុខសាន្តរបស់ប្រជា ជននិងប្រជាជាតិយើង។

ឯកឧត្តមរដ្ឋលេខាធិការ ក៏បានអំពាវនាវដល់គ្រប់ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី អង្គការជាតិ អន្តរជាតិនិងវិស័យឯកជននានា ត្រូវរួមគ្នារិះរកវិធីជំរុញលើក ទឹកចិត្តដល់យុវជន ដែលជាអ្នកបន្តវេន ដែលមានការចូលរួមដោយស្មារតីស្រឡាញ់សិល្បៈ វប្បធម៌ជាតិខ្លួន ទាំងវ័យកុមារ រហូតដល់យុវវ័យ ដើម្បីធ្វើឱ្យសិល្បៈវប្បធម៌យើងមាននិរន្តភាព ក្នុងផ្នត់គំនិតជា មួយយុវជននិងមហាជនគ្រប់លំដាប់ថ្នាក់ ក្នុងនៃវប្បធម៌ ដើម្បីការអប់រំ ៕

ដោយ ជួន សុជាតិ