សម្តេចក្រឡាហោម ស ខេង អំពាវនាវឱ្យពលរដ្ឋប្រុងប្រយ័ត្នគ្រោះអគ្គិភ័យ ក្នុងរដូវប្រាំងនេះ

AKP ភ្នំពេញ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ — សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអំពាវនាវទៅ ដល់ប្រជាពលរដ្ឋ អាជ្ញាធរ ព្រមទាំងភាគីពាក់ព័ន្ធមួយចំនួនទៀត ត្រូវយកចិត្តទុកដាក់ការពារ និងបង្ការគ្រោះអគ្គិភ័យ នៅក្នុងរដូវប្រាំងនេះ។យោងតាមសេចក្ដីអំពាវនាវរបស់ ក្រសួងមហាផ្ទៃដែលចុះហត្ថលេខាដោយសម្តេចក្រឡាហោម ស ខេង នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ បានបញ្ជាក់ថា “តាងនាមរាជរដ្ឋាភិបាល កម្ពុជា ក្រសួងមហាផ្ទៃ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមអំពាវនាវដល់បងប្អូនជនរួមជាតិ ប្រជា ពលរដ្ឋ អាជ្ញាធរ និងមន្ដ្រីមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ សូមយកចិត្តទុកដាក់ការពារ និង បង្ការគ្រោះអគ្គិភ័យក្នុងរដូវប្រាំងនេះ។ សម្ដេចក្រឡាហោមបន្ដថា ពលរដ្ឋត្រូវបង្កើនការប្រុង ប្រយ័ត្នគ្រប់ពេលចំពោះដើមចម ដែលអាចបង្កើតឱ្យមានគ្រោះថ្នាក់អគ្គិភ័យ ដូចជា ភ្លើងចង្ក្រាន ភ្លើងចង្កៀង ភ្លើងធូប-ទៀន ការដុតសំរាម ដុតព្រៃ-ចំការ-វាលស្រែ ការបោះចោល កន្ទុយបារីផ្ដេសផ្ដាស ការតភ្ជាប់ ឬប្រើចរន្ដអគ្គិសនី មិនត្រូវតាមបច្ចេកទេស ការទុកដាក់ ប្រេងឥន្ធនៈ ឧស្ម័នចំហេះ វត្ថុងាយឆេះ ឬងាយផ្ទុះឆេះ ជាដើម។ ទន្ទឹមនេះ ត្រូវពិនិត្យ ឱ្យបានហ្មត់ចត់ បង្ការកុំឱ្យមានការឆេះរាលដាល បង្កើតជាគ្រោះអគ្គិភ័យ។

ជាមួយគ្នានេះដែរ សម្ដេចក្រឡាហោមក៏បានជំរុញឱ្យ អាជ្ញាធរមូលដ្ឋាន ត្រូវយកចិត្តទុកដាក់ រៀបចំសណ្ដាប់ធ្នាប់បណ្ដាញអគ្គិសនី និងផ្លូវសាធារណៈនៅតំបន់ងាយរងគ្រោះ ដើម្បីបង្ក លក្ខណៈងាយស្រួលដល់ការចុះអន្ដរាគមន៍សង្គ្រោះបានទាន់ពេលវេលា។

បន្ថែមពីនេះ សម្ដេចក្រឡាហោមក៏បានអំពាវនាវដល់អង្គភាពនគរបាលបង្ការពន្លត់ អគ្គិភ័យ នៅតាមបណ្ដារាជធានី-ខេត្ត និងនៅតាមបណ្ដាស្ថានីយរថយន្ដអគ្គិភ័យ ក្រុង-ស្រុក ត្រូវបន្ដយកចិត្តទុកដាក់អប់រំណែនាំប្រជាពលរដ្ឋ អំពីវិធានការបង្ការ អគ្គិភ័យ ឧបករណ៍សម្ភារ ប្រេងឥន្ធនៈ ទឹកស្ដុក និងប្រភពយកទឹកឱ្យបានគ្រប់គ្រាន់ បម្រើឱ្យការងារពន្លត់ និងសង្គ្រោះ ដើម្បីធានាដល់កិច្ចអន្ដរាគមន៍ឆាប់រហ័ស និងមានប្រសិទ្ធភាព។

សូមជម្រាបថា ការអំពាវនាវរបស់ក្រសួងមហាផ្ទៃនេះបន្ទាប់ពីការព្យាករណ៍ របស់ ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ឱ្យដឹងថា នៅអំឡុងខែមីនា-មេសា-ឧសភា ឆ្នាំ២០១៩នេះ កម្ពុជាមានភាពក្តៅហួតហែងជាខ្លាំង ខុសប្លែកពីបណ្តាឆ្នាំមុនៗ ដែលនាំឱ្យមានគ្រោះរាំងស្ងួត ក្នុងនោះសីតុណ្ហភាពឡើងទៅដល់ក្នុងរង្វង់ ៤០អង្សាសេ៕

ដោយ ប៊ុនរិទ្ធ