ខេត្តក្រចេះរៀបចំពិធីបញ្ចប់ការងារអធិការកិច្ច កិច្ចការរដ្ឋបាល នគរបាល និងពន្ធនាគារ

AKP ក្រចេះ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ — ការងារអធិការកិច្ច គឺជាកិច្ចការប្រកបដោយសារៈសំខាន់បំផុត និងជាកញ្ចក់ឆ្លុះបញ្ចាំង នូវប្រសិទ្ធភាព និងប្រសិទ្ធផល នៃការអនុវត្តសកម្មភាពការងារ និងកិច្ចសហប្រតិបត្តិការ នានារបស់មន្រ្តីរាជការស៊ីវិល និងនគរបាលទាំងនៅអង្គភាពថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ ក្រោមជាតិ។នេះជាប្រសាសន៍របស់ឯកឧត្តម អង មង្គល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ថ្លែងក្នុង ពិធីបិទការងារអធិការកិច្ច កិច្ចការរដ្ឋបាល នគរបាល និងពន្ធធនាគារ នៅខេត្តក្រចេះ កាលពីព្រឹកអង្គារ ១៤កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩។

ឯកឧត្ដមរដ្ឋលេខាធិការក្រសួងមហាផ្ទៃបញ្ជាក់ថា ការងារអធិការកិច្ច ក៏បានចូលរួម ចំណែកយ៉ាងសកម្ម ក្នុងការជួយកែលម្អ និងបំពេញបន្ថែមនូវចំណុចខ្វះខាតនានា ធានាបាន សាមគ្គីភាព ក៏ដូចជាកិច្ចសហការល្អរវាងថ្នាក់ដឹកនាំ និងមន្រ្តី និងអង្គភាពនានា ចំណុះក្រសួង មហាផ្ទៃទាំងមូល ស្របតាមគោលនយោ បាយវិមជ្ឈការ និងវិសហមជ្ឈការ និងយុទ្ធសាស្រ្ត ចតុកោណដំណាក់កាលទី៤ នៃរាជរដ្ឋាភិបាលកម្ពុជា សម្រាប់អាណត្តិទី៦ នៃរដ្ឋសភា។ឯកឧត្ដមបញ្ជាក់ទៀតថា រដ្ឋបាលខេត្ត ក្រុង ស្រុក និងអង្គភាពនានាត្រូវ ពង្រឹងសាមគ្គី ឯកភាពក្នុងអង្គភាពឱ្យបានល្អ ពង្រឹងការគ្រប់គ្រងមន្រ្តី រាជការក្រោមឱវាទឱ្យបានល្អ ពង្រឹង របៀបរបបធ្វើការងាររបស់អង្គភាពឱ្យបានម៉ត់ចត់ត្រឹមត្រូវ យកចិត្តទុកដាក់ ធ្វើការបណ្ដុះ បណ្ដាលមន្រ្តីក្រោមឱវាទឱ្យមានការយល់ដឹង លើចំណេះដឹងពង្រឹង មនសិការវិជ្ជាជីវ ដល់មន្ត្រីរាជការយើង ពង្រឹងការដឹកនាំគ្រប់គ្រងអង្គភាព ដោយសុចរិត យុត្តិធម៌ និងមាន តម្លាភាព យកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់មន្រ្តីរាជការក្រោមឱវាទជាប់ជាប្រចាំឱ្យបាន ម៉ឺងម៉ាត់ស្របទៅនិងការណែនាំរបស់ក្រសួងមហាផ្ទៃ ដើម្បីកែលម្អនូវចំណុចខ្វះខាត នានាក្នុង សកម្មភាពបម្រើ សេវាសាធារណៈជូនប្រជាពលរដ្ឋ។

ជាកស្តែងរដ្ឋបាលខេត្តក្រចេះ បន្ទាប់ពីបានបញ្ចប់ការងារអធិការកិច្ច ដែលធ្វើឡើង តាំងពីដើមឆ្នាំ២០១៧ មកនោះ ក្រុមការងារអធិការ កិច្ចរបស់ក្រសួងមហាផ្ទៃ ដោយមានកិច្ច សហការល្អពីបណ្តាគ្រប់អង្គភាពពាក់ព័ន្ធបានរកឃើញនូវចំណុចវិជ្ជមាន និងអវិជ្ជមានរបស់ រដ្ឋបាលខេត្ត និងបណ្តាអង្គភាពនានា ដែលជាគោលដៅអធិការកិច្ច ហើយការរកឃើញ នូវបញ្ហាទាំងនេះ គឺជាគន្លឹះយ៉ាងសំខាន់សម្រាប់ឱ្យរដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងអង្គភាពពាក់ព័ន្ធមាន ឱកាសសម្រាប់កែលម្អ និងពង្រឹងប្រព័ន្ធនៃការបំពេញការងារ ក៏ដូចជាលើកកម្ពស់ប្រសិទ្ធភាព នៃការអនុវត្តតួនាទី ភារកិច្ច ឱ្យកាន់តែមានភាពល្អប្រសើរ ក្នុងនាមជាមន្រ្តីរាជការនិងជាអ្នកបម្រើ សេវាសាធារណៈ ដើម្បីពង្រឹងនិងសាមគ្គីភាព និងកិច្ច សហប្រតិបត្តិការផ្ទៃក្នុងល្អ រវាងមន្រ្តីរាជការ អង្គភាពជុំវិញខេត្ត និងជាពិសេសជំនឿជឿជាក់ ពីមជ្ឈដ្ឋានប្រជាពលរដ្ឋទូទៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ប្រកបដោយតម្លាភាព សុចរិតភាព គណនេយ្យភាព និងភាពឆ្លើយបត៕

ដោយ ជួន សុជាតិ