ក្រុមនិស្សិតជប៉ុនមកបំផុសចលនាកីឡាដល់សិស្ស-និស្សិតកម្ពុជាក្នុងគោលដៅឆ្ពោះទៅកាន់ កីឡាអូឡាំពិក នាឆ្នាំ២០២០

AKP ភ្នំពេញ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩​ — លោក kentaro Kubo តំណាងអង្គការ Gift ដែលជាប្រធាន ប្រតិភូដឹកនាំនិស្សិត ជប៉ុនចុះ មកទស្សនកិច្ច នៅប្រទេសកម្ពុជា រយៈពេលមួយសប្តាហ៍ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដើម្បីបំផុសស្មារតីកីឡា ក្នុងដំណើរឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះកីឡាអូឡាំពិក ឆ្នាំ២០២០ នៅប្រទេសជប៉ុន។លោកបានបញ្ជាក់ថា អង្គការ Gift មានតួនាទីដឹកនាំនិស្សិតជប៉ុន ចុះផ្សព្វផ្សាយនូវសកម្មភាព កីឡាដល់បណ្តាប្រទេសក្នុងតំបន់អាស៊ាន ដែលអង្គការមើលឃើញថា វិស័យកីឡាកំពុង តែអភិវឌ្ឍន៍ ហើយក្នុងសកម្មភាពផ្សព្វផ្សាយនោះ គឺអង្គការបានដឹកនាំនិស្សិតចុះទៅកាន់ ប្រទេសមួយចំនួន ដូចជា ប្រទេសថៃ ហ្វីលីពីន ម៉ាឡេស៊ី ឥណ្តូណេស៊ី និងកម្ពុជា។ ការចុះមក ផ្សព្វផ្សាយចលនាកីឡាដល់ប្រទេសទាំងនោះ គឺដើម្បី ឱ្យពួកគេបានស្គាល់ និងចូលរួមគាំទ្រ សម្រាប់ការរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិក ដែលប្រទេសជប៉ុនទទួលធ្វើជាម្ចាស់ផ្ទះ នៅ ឆ្នាំ២០២០។ លោកបន្តថា ក្រុមនិស្សិតមកពីប្រទេសជប៉ុន និងនិស្សិតកម្ពុជាបានធ្វើសិក្ខា សាលាចែករំលែកបទពិសោធន៍ពាក់ព័ន្ធនឹងវិស័យកីឡា និងការចូលរួមដោយស្ម័គ្រចិត្តជា មួយកីឡា។ ក្រៅពីនេះ ក្រុមនិស្សិតប្រទេសទាំងពីរបានចុះទៅកាន់សាលារៀន ដើម្បីចែក រំលែកចំណេះដឹងពីវិស័យកីឡាដល់ក្មេង ដើម្បីផ្សព្វផ្សាយពីចលនាកីឡា ដែលជួយដល់សុខ ភាព និងការបង្កើនចំណងសាមគ្គីភាព។
លោក ញ៉ន សុខវិសាល ប្រធាននាយកដ្ឋានទំនាក់ទំនងការបរទេស និងកិច្ចសហប្រតិ បត្តិការអន្តរជាតិ នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាលើកឡើងថា គោលដៅរបស់ ប្រទេសជប៉ុន និងប្រទេសកម្ពុជា គឺមានចក្ខុវិស័យផ្សព្វផ្សាយពីវិស័យកីឡាដូចគ្នា ដោយ ប្រទេសជប៉ុនផ្សព្វផ្សាយទៅកាន់អូឡាំពិក រីឯកម្ពុជា ផ្សព្វផ្សាយឆ្ពោះទៅកាន់ស៊ីហ្គេម ឆ្នាំ២០២៣។ លោកបានបន្ថែមថា ការផ្សព្វផ្សាយនៃចលនាកីឡា ដែលប្រទេសទាំងពីរបាន ធ្វើរួមគ្នានេះវានឹងជួយបញ្ជ្រាបពីចំណេះដឹងពីវិស័យកីឡានានាកាន់តែប្រសើរដល់និស្សិត ជប៉ុន និងនិស្សិតកម្ពុជា ក៏ដូចជាសិស្សានុសិស្សកម្ពុជា ក្នុងការចូលរួមគាំទ្រលេងកីឡា និង ការចូលរួមជាយុវជនស្ម័គ្រចិត្ត ក្នុងនាមជាប្រទេសម្ចាស់ផ្ទះ៕

ដោយ ហេង ណាលីន