ឯកឧត្តម ប្រាក់ សុខុន ចូលរួមពិធីបិទសន្និបាតបូកសរុបប្រចាំឆ្នាំនៅខេត្តរតនគិរី

AKP រតនគិរី ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ — នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អញ្ជើញ​ជាអធិបតី​ក្នុង​ពិធីបិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ២០១៨ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ២០១៩ របស់​ខេត្តរតនគិរី។

ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានសម្ដែងនូវការកោត សរសើរ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលខេត្តរតនគិរី ដោយមានការចូលរួមពីមន្ទីរ អង្គភាព នានា រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ កងកម្លាំងមានសមត្ថកិច្ច និងប្រជាពលរដ្ឋនៃខេត្តរតន គិរីទាំងមូល បានខិតខំរួមគ្នាសម្រេចបាននូវសមិទ្ធផលលើគ្រប់វិស័យទូទាំងខេត្ត រួមចំណែក ក្នុងការថែរក្សាសុខសន្ដិភាព ស្ថិរភាពនយោបាយ រក្សាការពារបានយ៉ាង គត់មត់នូវបូរណភាព ទឹកដី អធិបតេយ្យភាពជាតិ សន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម និងខិត ខំជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្កម ធ្វើឱ្យប្រទេសសជាតិសម្រេចបាននូវកំណើនសេដ្ឋកិច្ច ខ្ពស់រហូតដល់ ៧.៥ភាគរយក្នុងឆ្នាំ២០១៨ កន្លងមក ដែលបង្កលក្ខណៈសម្បត្តិដល់ រាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រ និងលើកស្ទួយជីវភាពរស់របស់ប្រជាពលរដ្ឋ ប្រកបដោយបរិយាប័ន្នបន្ថែមទៀត។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានផ្តល់អនុសាសន៍មួយចំនួនដល់រដ្ឋបាលខេត្ត សម្រាប់ជាត្រីវិស័យក្នុងការងារពង្រឹងសន្តិភាព និងស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម និងការគ្រប់គ្រងធនធានធម្មជាតិ ក្នុងគោលដៅជំរុញ កំណើនសេដ្ឋកិច្ចសង្គម ព្រមជាមួយការអនុវត្តគោលនយោបាយកំណែទម្រង់វិមជ្ឈការនិង វិសហមជ្ឈការកាន់តែស៊ីជម្រៅ ជាពិសេសឆ្លើយតបបានទាន់ពេលវេលានូវ ការផ្តល់សេវា សាធារណៈ និងការដោះស្រាយបញ្ហាប្រឈមនៅមូលដ្ឋាន៕

ដោយ ណយ នឿន (រដ្ឋបាលខេត្តរតនគិរី)