ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន អញ្ជើញសួរសុខទុក្ខនិងសម្តែងការគួរសមជាមួយឯកឧត្តមព្រឹទ្ធាចារ្យ ប៊ូ ថង

AKP រតនគិរី ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ -នៅរសៀលថ្ងៃចន្ទ ១៣កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស​២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ បានដឹកនាំប្រតិភូក្រសួងអញ្ជើញសួរសុខទុក្ខ និងសម្តែងការគួរសមជាមួយឯកឧត្តមព្រឹទ្ធាចារ្យ ប៊ូ ថង ទីប្រឹក្សាសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅភូមិគ្រឹះ ឯកឧត្តមព្រឹទ្ធាចារ្យ ស្ថិតនៅភូមិទេសអន្លុង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតគិរី។

ក្នុងឱកាសនេះឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានសម្តែងនូវការនឹករលឹកចំពោះឯកឧត្តម ព្រឹទ្ធាចារ្យ ប៊ូ ថង ដែលជាឥស្សរជនម្នាក់ដែលមួយជីវិតរបស់ឯកឧត្តមព្រឹទ្ធាចារ្យ បានលះបង់កម្លាំងកាយកម្លាំងចិត្តក្នុងបុព្វហេតុជាតិមាតុភូមិរាប់មិនអស់។ ជាពិសេសឯកឧត្ត បានបង្កើត ទីក្រុងបានលុងតាំងពីគ្មានអ្វីសោះក្រោយថ្ងៃរំដោះ៧ ខែមករា ឆ្នាំ១៩៧៩ រហូតធ្វើឱ្យខេត្តភាគឦសានមួយនេះមានការរីកចម្រើនមិនចាញ់ខេត្តនានានៅទូទាំងប្រទេសឡើយ។ ក្នុងឱកាសនោះ ឯកឧត្តម ប្រាក់ សុខុន បានជូនពរឯកឧត្តមព្រឹទ្ធាចារ្យ សូមមានសុខភាពល្អ ឆាប់ជាពីជំងឺរោគាព្យាធិទាំងឡាយទាំងពួង ជន្មាយុយឺនយូរ ដើម្បីជាម្លប់ដ៏ត្រជាក់ដល់កូនចៅ ព្រមទាំងជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើនតរៀងទៅ។

ជាកិច្ចឆ្លើយតប ឯកឧត្តមព្រឹទ្ធាចារ្យ ប៊ូ ថង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ដែលបានឆ្លៀតឱកាសដ៏មមាញឹកអញ្ជើញមកសួរសុខទុក្ខឯកឧត្តមដល់គេហដ្ឋានដែលនេះសរបញ្ជាក់ឱ្យឃើញពីទឹកចិត្តគោរពស្រឡាញ់គ្នាទៅវិញទៅមក។ ឯកឧត្តមព្រឹទ្ធាចារ្យក៏បានជូនពរឯកឧត្តមឧបនាយករដ្ឋមន្រ្តីសូមមានសុខភាពល្អ និងទទួលបានជោគជ័យគ្រប់ភារកិច្ច ៕

ដោយ ណយ នឿន