រដ្ឋបាលខេត្តរតនគិរី បើកសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៨ និងលើកទិសដៅការងារបន្តឆ្នាំ២០១៩

AKP រតនគិរី ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ -នៅថ្ងៃចន្ទ ១៣កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស​២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ រដ្ឋបាលខេត្តរតនគិរី បានបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៨ និង លើកទិសដៅការងារបន្តឆ្នាំ២០១៩ ក្រោមអធិបតីភាព ឯកឧត្តម ថង សាវុន អភិបាលខេត្ត និង មានការអញ្ជើញចូលរួមពីសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មេបញ្ជាការ មេមញ្ជាការរង កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ប្រធាន អនុប្រធានមន្ទីរ អង្គភាពចំណុះ រដ្ឋបាលខេត្ត អង្គការសង្គមស៊ីវិល សរុបប្រមាណ ២០០នាក់។

ឯកឧត្តម ថង សាវុន មានប្រសាសន៍ថា អង្គសន្និបាតដែលបានប្រារព្ធធ្វើឡើងនាឱកាសនេះ ក្នុងគោលបំណងគឺដើម្បីផ្សព្វផ្សាយពីសមិទ្ធផល និងលទ្ធផលនានាពីការអនុវត្តតួនាទី ភារកិច្ចរបស់រដ្ឋបាលខេត្តធៀបទៅនឹងផែនការប្រចាំឆ្នាំ ព្រមទាំងធ្វើការឆ្លុះបញ្ចាំងពីចំណុចខ្លាំង និងចំណុចខ្សោយ ព្រមទាំងបញ្ហាប្រឈមនានាដែលជួបប្រទះនាពេលកន្លងមក លើកយកមកពិភាក្សាសម្រាប់ដាក់ចេញជាទិសដៅអាទិភាពសម្រាប់អនុវត្តន៍បន្តឆ្នាំ២០១៩ សំដៅឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានកាន់តែប្រសើរឡើង និងឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល។

ក្នុងឱកាសនេះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់ថ្នាក់ដឹកនាំរដ្ឋបាលគ្រប់ជាន់ថ្នាក់ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រមទាំងដៃគូអភិវឌ្ឍន៍ ដែលបានខិតខំបំពេញតួនាទី ភារកិច្ចប្រកបដោយការទទួលខុសត្រូវ ធ្វើឱ្យរដ្ឋបាលខេត្តសម្រេចបានបេសកកម្មសំខាន់ៗរបស់ខ្លួន និង សមិទ្ធផលការងារជាច្រើន រួមចំណែកធ្វើឱ្យរាជរដ្ឋាភិបាលនីតិកាលទី៥ នៃរដ្ឋសភា អនុវត្តន៍ដោយជោគជ័យនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ ព្រមទាំងកម្មវិធីកំណែទម្រង់នានាដែលបានកំណត់។

សូមបញ្ជាក់ថា អង្គសន្និបាតនេះគ្រោងនឹងបញ្ចប់នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ នេះដោយមានការអញ្ជើញចូលរួមជាអធិបតីភាពបិទសន្និបាតពីសំណាក់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ៕

ដោយ ណយ នឿន (ប្រភព រដ្ឋបាខេត្តរតនគិរី)