មន្ទីរសុខាភិបាលខេត្តកំពង់ធំបើកសន្និបាតបូកសរុបលទ្ធផលការងារសុខាភិបាលឆ្នាំ២០១៨និងទិសដៅការងារឆ្នាំ២០១៩

AKP កំពង់ធំ ថ្ងៃទី ១៩ ខែមីនា​ ឆ្នាំ២០១៩ -នៅសាលប្រជុំមន្ទីរសុខាភិបាលខេត្តកំពង់ធំព្រឹកថ្ងៃចន្ទ ១៣កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្មាំ២០១៩ មន្ទីរសុខាភិបាលខេត្តកំពង់ធំបានបើកសន្និបាតបូកសរុបលទ្ធផលការងារសុខាភិបាលឆ្នាំ២០១៨ និងទិសដៅការងារឆ្នាំ២០១៩ក្រោមអធិបតីភាពឯកឧត្តម ប្រាក់ សារ៉ាត់ អភិបាលរងខេត្តកំពង់ធំដោយមានការអញ្ជើញចូលរួមពីប្រធាន អនុប្រធានមន្ទីរមួយចំនួន មន្ត្រីសុខាភិបាល និងអង្គការដៃគូនានាជាច្រើនរូបទៀត។

បន្ទាប់ពីលោកវេជ្ជបណ្ឌិត ស្រី ស៊ិន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ធំបានអានរបាយការណ៍សង្ខេបពីលទ្ធផលការងារសុខាភិបាលឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩ រួចមកឯកឧត្តម ប្រាក់ សារ៉ាត់ បានសម្ដែងការអបអរសាទរនិងវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារសុខាភិបាលសម្រេចបានក្នុងឆ្នាំ២០១៨កន្លងមកដែលមានការរីកចម្រើនគួរ  ឱ្យកត់សម្គាល់។

យោងតាមរបាយការណ៍ មន្ទីរសុខាភិលខេត្តកំពង់ធំបានបង្ហាញឱ្យឃើញពីកិច្ចខិតខំប្រឹងប្រែងអនុត្តន៍ការងាររបស់ខ្លួនដោយសម្រេចបានសមិទ្ធផលការងារធំៗជាច្រើន។ដោយមានការកើនឡើងនូវការប្រើប្រាស់សេវាសុខាភិបាលនៅតាមមន្ទីរពេទ្យនិងមណ្ឌលសុខភាព។ ការកើនឡើងអត្រាគ្របដណ្ដប់ការផ្ដល់ជាតិដែកដល់ស្ត្រីមានផ្ទៃពោះ និងស្រ្តីក្រោយ សម្រាលកូនរួច។ការកើនឡើងនូវអត្រាពិនិត្យផ្ទៃពោះមុននិងក្រោយសម្រាលនិងការសម្រាល កូននៅមូលដ្ឋានសុខាភិបាល។ ការកើនឡើងនូវអត្រាផ្ដល់ថ្នាំបង្ការដល់កុមារ។ ការធ្វើឱ្យមានវឌ្ឍនភាពការងារប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងដូចជា ជំងឺអេដស៍ របេង គ្រុនចាញ់ គ្រុនឈាម និងជំងឺមិនឆ្លងនានា។ ការពង្រឹងគុណភាពសេវាថែទាំ ព្យាបាល និងកាត់បន្ថយការឈឺ ស្លាប់។ ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ដូចជា ការសាងសង់មណ្ឌលសុខភាព បន្ទប់រង់ចាំ អគារមន្ទីរទេព្យ ។ល។ និងការផ្ដល់នូវសេវាថែទាំ ព្យាបាលជំងឺដល់ជនក្រីក្រតាមរយៈមូនិធិសមធម៌។

ក្នុងឱកាសនោះឯកឧត្តម ប្រាក់ សារ៉ាត់ បានសំណូមពរដល់មន្ត្រីសុខាភិបាលត្រូវសហការឱ្យបានស្អិតល្មួតជាមួយអាជ្ញាធរភូមិ ឃុំ និងប៉ុសិ៍រដ្ឋបាលក្នុងការជួយព្យាបាលសារជាតិញៀនចំពោះអ្នកប្រើប្រាស់គ្រឿងញៀននៅតាមសហគមន៍ ពីព្រោះនេះជាភារកិច្ចរបស់យើងសូមជួយបញ្ហានេះឱ្យបានខ្លាំងក្លា។ បញ្ហាគ្រោះថ្នាក់ចរាចរជារឿងមួយដែលយើងកំពុងមានការព្រយបារម្ភ  ដូច្នេះត្រូវគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។

លោកវេជ្ជបណ្ឌិត ស្រី ស៊ិន មានប្រសាសន៍ថា អង្គសន្និបាតមានរយៈពេល២ថ្ងៃនឹងពិភាក្សាគ្នាលើចំណុចសំខាន់ៗចំនួន៤ គឺ ទី១-ការងារសុខភាពមាតា ទារក-កុមារនិងសុខភាពបន្តពូជ។ ទី២-ការងារប្រយុទ្ធនឹងជំងឺឆ្លង។ ទី៣-ការងារប្រយុទ្ធនឹងជំងឺមិនឆ្លង និងសុខភាពសាធារណៈ ដទៃទៀត និងទី៤-ការងារពង្រឹងប្រព័ន្ធសុខាភិបាលរកឱ្យឃើញនូវបញ្ហាប្រឈមនានាដើម្បីរួមគ្នាដោះស្រាយ៕

ដោយ ស៊ុម វណ្ណា