សម្តេចក្រឡាហោម ស ខេង អញ្ជើញប្រកាសក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្ត ព្រះសីហនុ

AKP ព្រះសីហនុ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ -នៅសាលាខេត្តព្រះសីហនុ រសៀលថ្ងៃចន្ទ ១៣កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសក្រុមការងារថ្នាក់ជាតិ ចុះជួយមូលដ្ឋានខេត្តព្រះ សីហនុ ។

តាមសេចក្តីសម្រេចរបស់រាជរដ្ឋា ភិបាលកម្ពុជាលេខ ៤៩ សសរ ស្ដីពីការបង្កើតក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តព្រះសីហនុ ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោ បាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ក្នុងនោះក្រុមការងារថ្នាក់ជាតិចំនួន ៣៩នាក់ មកពីក្រសួងស្ថាប័នពាក់ព័ន្ធ ។

ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា  ដោយមានការចង្អុលបង្ហាញពីក្រុមការងារថ្នាក់ជាតិចុះជួយក្រុង ស្រុក និងមូលដ្ឋានឃុំ សង្កាត់ បានលះបង់កម្លាំងកាយ ចិត្ត ពេលវេលា សម្ភារ ថវិកាចុះជួយដល់មូលដ្ឋានប្រជាពលរដ្ឋ និងបានចូលរួមដោះស្រាយបញ្ហាប្រឈមនានា ដែលប្រជាពលរដ្ឋកំពុងខ្វះខាត និងបញ្ហាប្រឈមការលំបាកផ្សេង ៗបានទាន់ពេលវេលានៅក្នុងមូលដ្ឋាន ស្របតាមសេចក្តីណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយមូលដ្ឋានខេត្តព្រះសីហនុ បានថ្លែងអំណរគុណសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្ដល់ការទុកចិត្ត និងជាកិត្តិយស តែង តាំងឯកឧត្តមជាប្រធានក្រុមការ ងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តព្រះសីហនុ ស្របពេលដែលខេត្តព្រះសីហនុមានការអភិវឌ្ឍរីកចម្រើន។ ទន្ទឹមនឹងការរីកចម្រើន ក៏មានសម្ពាធនៃហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ដែលជាអម្រែកមួយ ដែលយើងត្រូវតែខិតខំប្រឹងប្រែងបំពេញការងារ ស្របតាមកម្មវិធីគោលនយោ បាយរបស់រាជរដ្ឋាភិបាលកម្ពុជា ។ ប្ដេជ្ញាខិតខំកសាងនិងពង្រឹងការអនុវត្តការងារប្រកបដោយឆន្ទៈ ម្ចាស់ការ ទាមទារឱ្យមានការចូលរួមពីមន្ត្រីថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ វិស័យឯកជន ភាគីពាក់ព័ន្ធ និងបងប្អូនប្រជាពលរដ្ឋចូលរួមដោះស្រាយ សំដៅធានាសុខសន្តិភាព សុខុមាលភាពជូនប្រជាពលរដ្ឋ ។

សម្តេចក្រឡាហោម ស ខេង បានកោតសរសើរឯកឧត្តមនាយឧត្តមសេនីយ៍ ប៉ុល សារឿនទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះ សីហនុ បានបំពេញការងារដោយស្មារតីទទួលខុសត្រូវខ្ពស់ លើកកម្ពស់សេវាសាធារណៈ ដោះស្រាយសំណូមពរនានារបស់ប្រជាពលរដ្ឋ ក្នុងរយៈពេលកន្លងមក ។  ផ្អែកលើសំណូមពររាជរដ្ឋាភិបាល សម្រេចផ្លាស់ប្តូក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តព្រះសីហនុ ការកែសម្រួលផ្អែកតាមសំណើក្រសួង ស្ថាប័នជំនាញ ។

សម្តេច ស ខេង បានបន្តថា ឆ្នាំ២០១៩ រាជរដ្ឋាភិបាលកំណត់យកវិស័យអាទិភាពចំនួន ៤ គឺទី១-ធានាកំណើនសេដ្ឋកិច្ច ៧ភាគរយ ។ ២- បង្កើនការងារជូនប្រជាពលរដ្ឋ ពិសេសយុវជន ។ ៣- សម្រេចគោលដៅកាត់បន្ថយភាពក្រីក្រឱ្យនៅទាបជាង ១០ភាគរយ ។ ៤- ពង្រឹងសមត្ថភាព និងអភិបាលកិច្ចល្អ ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ។ សម្រាប់ខេត្តព្រះសីហនុ ជាប៉ូលសេដ្ឋកិច្ចរឹងមាំ មានវិស័យពាណិជ្ជកម្ម ឧស្សាហកម្ម សេដ្ឋកិច្ច និងទេសចរណ៍ មានការវិនិយោគផ្ទាល់ពីបរទេស ចូលរួមជំរុញការទាក់ទាញវិនិយោគ នាំមកនូវការអភិវឌ្ឍយ៉ាងគំហុក ទន្ទឹមការរីកចម្រើននេះ ក៏មានបញ្ហាប្រឈមបរិស្ថាន ហេដ្ឋារចនាសម្ព័ន្ធ ទាមទាររៀបចំផែនការ ដើម្បីធានាការអភិវឌ្ឍរយ:ពេលវែង និងមធ្យម ។

សម្តេចក្រឡាហោម បានបន្តទៀតថា បញ្ហាប្រឈមដែលយើងត្រូវរួមគ្នាដោះស្រាយមានដូចជា៖ ១- ពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ បង្ការទប់ស្កាត់គ្រឿងញៀន ល្បែងស៊ី សងគ្រប់ប្រភេទ គោរពច្បាប់ចរាចរណ៍ បំផុសប្រជាពលរដ្ឋចូលរួមអនុវត្តន៍គោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ។ ២- បង្កើនការពារសន្តិសុខដល់ជនបរទេស ភ្ញៀវទេសចរ វិនិយោគិន ផ្អែកលើច្បាប់ ។ ៣- ពិនិត្យសំណង់នានាដែលកំពុងសាងសង់មានច្បាប់ អត់ច្បាប់ ស្របតាមបទដ្ឋានបច្ចេកទេសឬទេ? ដោះស្រាយផលប៉ះពាល់បរិស្ថាន ធនធានធម្មជាតិ និងវិស័យ ទេសចរណ៍ ។ ៤- ពិនិត្យប្រព័ន្ធលូ សំរាម តាមរោងចក្រ សហគ្រាស និងលំនៅឋានប្រជាពល រដ្ឋ ។ ៥- លើកកម្ពស់ការអភិរក្សធនធានធម្មជាតិ បង្ក្រាបបទល្មើសព្រៃឈើ ការកាន់កាប់ដីខុសច្បាប់ ។ ៦-បន្តដោះស្រាយជម្លោះដីធ្លីប្រកប ដោយយុត្តិធម៌ លុបបំបាត់ការអន្តរាគមន៍ បញ្ចៀសអំពើហិង្សា ។ ៧-ផ្តល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាព តម្លាភាព គណ    នេយ្យភាព ។ ៨- ឈ្វេងយល់ពីបញ្ហាប្រឈមផ្នែកសុខភាព និងជីវភាពរស់នៅរបស់កម្មករ និងជនងាយរងគ្រោះ ។ ត្រៀមបង្ការជួយប្រជាពលរដ្ឋកង្វះទឹកស្អាតប្រើប្រាស់ក្នុងរដូវប្រាំងខាងមុខនេះ ៕

ដោយ ងូ សុមុនី