នៅថ្ងៃទី២១ ខែមីនា ព្រះអាទិត្យនឹងរះចំកំពូលកណ្តាលនៃប្រាសាទអង្គរវត្ត

AKP សៀមរាប ថ្ងៃទី១៨ ខែមិនា ឆ្នាំ២០១៩ — នៅថ្ងៃ១រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩នេះ ព្រះអាទិត្យនឹងរះចំកំពូលកណ្តាលនៃប្រាសាទអង្គរវត្ត ពោលគឺចាប់ម៉ោង៥ និង៥០នាទីព្រឹកព្រលឹមស្រាងៗ រហូតដល់ម៉ោងប្រហែល៧ព្រឹក ដែលយើងអាចមើលឃើញ ពីខ្លោងទ្វារកណ្តាលនៃគុកតារាជ(ក្លោងទ្វារធំខាងលិច)ទៅ។ នេះជាការឱ្យដឹងពីសំណាក់ មន្ត្រីអាជ្ញាធរជាតិអប្សរានៅខេត្តសៀមរាប។

លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរាបានឱ្យ ដឹងនៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩នេះថា បើយោងតាមការសិក្សារបស់អ្នកស្រាវជ្រាវ របស់មជ្ឈមណ្ឌល ស្រាវជ្រាវនិងតម្កល់ឯកសារអង្គរ នៃអាជ្ញាធរជាតិអប្សរាថា ព្រះអាទិត្យរះទ្បើងចំកំពូល កណ្តាលនៃប្រាសាទអង្គរវត្តនេះ គេឱ្យ ឈ្មោះថា ​សមរាត្រី(Equinox) ពោលគឺ សមរាត្រីជា ពេលវេលាដែលថ្ងៃនិងយប់មានរយៈពេលស្ទើរតែស្មើគ្នា។ ក្រៅពីនេះខែខ្លះថ្ងៃមានរយៈ ពេលវែងជាងយប់ ហើយខ្លះទៀត យប់មានរយៈពេលវែងជាងថ្ងៃវិញ។ ករណីពិសេសនៅ ប្រាសាទអង្គរវត្តវិញ នាវេលាថ្ងៃនិងយប់មានរយៈពេលស្មើគ្នានេះ ព្រះអាទិត្យនឹងរះទ្បើងចំ កំពូលកណ្តាលនៃប្រាសាទអង្គរវត្ត។

លោក ឡុង កុសល បានឱ្យដឹងតាមឯកសារស្រាវជ្រាវទៀតថា ជារៀងរាល់ឆ្នាំ ព្រឹត្តិការណ៍សមរាត្រី (Equinox) តែងតែកើតមាន២ដង ពោលគឺនៅរដូវប្រាំង(Vernal Equinox)កើតទ្បើងនៅខែមីនា និងសមរាត្រីរដូវវស្សា(Autumnal Equinox) កើតទ្បើងនៅ ខែកញ្ញា។ នៅតំបន់អាស៊ីអាគ្នេយ៍ទាំងមូលក្នុងឆ្នាំ២០១៩នេះ សមរាត្រីនារដូវប្រាំងនឹង ត្រូវចំថ្ងៃទី២០ខែមីនា ដោយឡែកប្រាសាទអង្គរវត្តប៉ះចំថ្ងៃទី២១។ នេះជាអច្ឆិរយការណ៍ របស់អង្គរវត្តដែលបានស្ថាបនាទ្បើងដោយមានការសិក្សាគន់គូរ យ៉ាងល្អិតល្អន់របស់ អ្នក ប្រាជ្ញបណ្ឌិតសម័យអង្គរ រួមផ្សំគ្នារវាងទ្រឹស្តីគណិតសាស្រ្ត វិស្វកម្ម និងតារាសាស្រ្ត។ នេះ គឺជាហេតុផលវិទ្យាសាស្រ្តមួយដែលបំពេញចម្លើយ ចំពោះសំណួរដែលសួរមិនចេះចប់ថា ហេតុដូចម្តេចបានជាអង្គរវត្តបែរមុខទៅទិសខាងលិច  ដើម្បីឈ្វេងយល់ពីអច្ឆរិយការណ៍នេះ សូមសាធារណជន ភ្ញៀវជាតិ និងអន្តរជាតិ អញ្ជើញទៅទស្សនានាថ្ងៃនោះ៕

ដោយ ហង្ស សៀក