អនុប្រធានទី១ រដ្ឋសភា ជំរុញឱ្យអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ខិតខំបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អ

AKP កំពង់ធំ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ — អនុប្រធានទី១រដ្ឋសភា បានជំរុញឱ្យអាជ្ញាធរ​មូលដ្ឋានគ្រប់ជាន់ថ្នាក់ ខិតខំដោះស្រាយ បម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អ។ ការថ្លែងបែបនេះនៅ ក្នុងឱកាសដែល ឯកឧត្តមបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១រដ្ឋសភា អញ្ជើញជាអធិបតីភាព ក្នុងពីធីសម្ពោធ ឆ្លងឧបដ្ឋានសាលា និងសមិទ្ធផលនានា នៅវត្តចំប៉ារាម ហៅវត្តរកាជួរ នៅឃុំក្លែង ស្រុកសណ្តាន់ ខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩។

ឯកឧត្តមបណ្ឌិត ងួន ញ៉ិល បានមានប្រសាសន៍ នៅចំពោះមុខប្រជាពលរដ្ឋប្រមាណ ២០០០នាក់ ដែលបានអញ្ជើញចូលរួមក្នុងពិធីនោះថា សមិទ្ធ​ផលថ្ងៃនេះ គឺជាសមិទ្ធផលដែលបានកើតឡើងដោយ​សារសុខសន្តិភាព នៃនយោបាយឈ្នះ-ឈ្នះ របស់ សម្តេចតេជា ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ គោលនយោបាយ របស់រាជរដ្ឋាភិបាល តែងតែគិតគូរណាស់ក្នុងការបម្រើប្រជាពលរដ្ឋ ដើម្បីការរីកចម្រើន ប្រទេសជាតិ ជីវភាពពលរដ្ឋត្រូវបានលើកកម្ពស់។ឯកឧត្តមបណ្ឌិត អនុប្រធានទី១ រដ្ឋសភា  បានជំរុញឱ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់ ខិតខំធ្វើអំពើល្អជាមួយប្រជាពលរដ្ឋ ខិតខំដោះស្រាយសេវាសាធារណៈជូនប្រជាពលរដ្ឋ។ ជាមួយនេះប្រជាពលរដ្ឋ ក៏សូមចូលរួមអនុវត្តន៍គោលនយោបាយភូមិឃុំមានសុវត្ថិភាព ចូលរួមក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ និងសមិទ្ធផលផ្សេងៗ ដើម្បីជាប្រយោជន៍ រួមផងដែរ។ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល ក៏បានសម្តែងនូវអំណរអរគុណយ៉ាងជ្រាលជ្រៅ ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលបានផ្តល់សេចក្តីទុកចិត្តបោះឆ្នោតជូនគណបក្ស ប្រជាជនកម្ពុជា ដើម្បីបន្តដឹកនាំប្រទេស ដើម្បីថែរក្សានូវសុខសន្តិភាព ស្ថិរភាព សុវត្ថិភាព និងការ អភិវឌ្ឍប្រទេសជាតិរបស់យើងជាបន្តទៅទៀត។

ឆ្លៀតឱកាសនេះដែរឯកឧត្តមបណ្ឌិត ងួន ញ៉ិល ក៏បាននាំនូវបច្ច័យចំនួន២០ លានរៀល ប្រគេនព្រះគ្រូចៅអធិការវត្ត ដើម្បីរួមចំណែកដោះស្រាយការចំណាយនានា ក្នុងការកសាងសមិទ្ធផលនានាក្នុងវត្ត។ ប្រគេនព្រះមេគណខេត្តកំពង់ធំ នូវទេយ្យទាន ១ប្រអប់ បច្ច័យ ៤០ម៉ឺនរៀល។ ប្រគេនព្រះអនុគណស្រុកសណ្តាន់ ទេយ្យទាន ១ប្រអប់ បច្ច័យ ២០ម៉ឺនរៀល​។ ប្រគេនព្រះចៅអធិការវត្ត ៥អង្គ ក្នុងមួយអង្គទេយ្យទាន ១ប្រអប់ បច្ច័យ ១០ម៉ឺនរៀល ព្រមទាំងជូនអំណោយលោកយាយ-លោកតា លោកគ្រូ-អ្នកគ្រូ ព្រមទាំង សិស្សានុសិស្សនូវថវិកា និងវត្ថុអនុស្សាវរីយ៍មួយចំនួនផងដែរ។

សូមបញ្ជាក់ផងដែរថា សមិទ្ធផលនានាដែលដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការក្រោម អធិបតី ឯកឧត្តមបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១រដ្ឋសភានាពេលនេះសរុប ថវិកាកសាង អស់ជាង ២០ម៉ឺនដុល្លារអាម៉េរិក៕

ដោយ ប៉ាល់ សុង