ជើង​ឯក​កីឡា​អេឡិចត្រូនិកពានរង្វាន់​ ROS KH CUP 2019ឈានទៅរកវគ្គផ្តាច់ព្រ័ត្រ ដែលមានប្រាក់រង្វាន់សរុប១០០លានរៀល​

AKP ភ្នំពេញ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ — ការ​ប្រកួត​កីឡា​អេឡិចត្រូនិក​ជ្រើស​រើស​ជើង​ឯក​ ROS KH Cup ​រដូវ​កាល​ទី​១​ដ៏​ធំ​សម្បើម​មិន​ធ្លាប់​​មានពីមុន ​​នៅ​​ប្រទេស​កម្ពុជាបានចាប់ផ្តើមដំណើរការប្រកួតជម្រុះ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៥-១៦-១៧ ខែមីនា ឆ្នាំ២០១៩ នៅសាល​មជ្ឈមណ្ឌលកោះពេជ្រ ​រាជ​ធានី​ភ្នំពេញ​ ដើម្បីឈានទៅវគ្គផ្តាច់ព្រ័ត្រ នាពេលខាងមុខ ដែលមានប្រាក់រង្វាន់ត្រៀមទុកសម្រាប់​ក្រុម ជ័យលាភីពីចំណាត់ថ្នាក់លេខ១ ដល់លេខ១៥ មានចំនួនសរុបរហូត ដល់១០០លានរៀល ឯណោះ។ លោក លន់ សាមឌី អគ្គលេខាធិការ ហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជាបាន គូសបញ្ជាក់ ថា ព្រឹត្តិការណ៍កីឡាអេឡិចត្រូនិកដ៏ធំសម្បើមនេះ​​​​ទទួល​បាន​​ក្រុម​ចុះ​ឈ្មោះ​ចូល​រួម​​រហូត​៨០០​ក្រុម​ ដែលក្នុង១​ក្រុម​​ៗ​មាន​សមាជិក​៤​នាក់​ និង​ប្រកួត​ជម្រុះ​យក​ចំនួន​​៧៥​ក្រុម​ ដើម្បី​ប្រកួត​ក្នុង​វគ្គ​ចែក​ពូល​​​កម្មវិធី​ 2019 Digital Cambodia។ ជើង​ឯក​​កីឡា​អេឡិចត្រូនិក​នេះ​ឈ្មោះ​ថា ROS KH Cup រដូវកាលទី១ សម្រាប់​វិញ្ញាសា​ Rules of Survival ​ប្រកួត​តាម​ទូរស័ព្ទ​ដៃ​​ ដែល​មាន​ប្រាក់​រង្វាន់​សរុប​រហូត​១០០​លាន​រៀល​ ដោយ​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា​ (EFC) ​និង​ក្រុមហ៊ុន​ NetEase (Rules of Survival)​ ជា​អ្នក​រៀប​ចំ​ ព្រម​ទាំង​មាន​ការ​ចូល​រួម​ឧបត្ថម្ភ​​ពី​ធំ​ពី​ Cellcard និង​សហការ​ឧបត្ថម្ភ​​ដោយ​ Oppo​ និង​Wing។

អគ្គលេខាធិការរូបនេះអះអាងទៀតថា កម្មវិធីនេះរៀបចំឡើងដោយមានការសហការជាមួយ Developer របស់ Rule of Survivor ផ្ទាល់តែម្ដង ហើយអ្នកបច្ចេកទេសទាំងនេះនឹងតាមដានពី សក្ដានុពលអ្នកលេងនៅ កម្ពុជា និងជួយអភិវឌ្ឍន៍វិស័យ​មួយនេះឱ្យកាន់តែរីកចម្រើនឡើង បន្ថែមទឿត ស្របពេលប្រទេសជិតខាងកម្ពុជា មានថៃជាដើមនោះក៏មានការប្រកួតដែរ។ លោកបានបន្ថែមទៀតថា ការរៀបចំប្រកួត ROS KH Cup 2019 បានបញ្ជាក់ឱ្យឃើញថា កម្ពុជាបានដើរទាន់សម័យទំនើប ក្នុងពិភពកីឡាអេឡិចត្រូនិកផងដែរ៕

ដោយ ហេង ណាលីន