បឹងកេត ប្រជែងបាន៣ពិន្ទុពីម្ចាស់ផ្ទះ ភ្នំពេញក្រោនថ្ងៃបើកឆាកលីគកំពូលកម្ពុជា រដូវកាលថ្មី ២០១៩

AKP ភ្នំពេញ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ — ក្រុមបាល់ទាត់បឹងកេតប្រជែងបាន៣ពិន្ទុនៅប្រកួតដំបូង របស់ខ្លួនពីក្រុមម្ចាស់ផ្ទះ ភ្នំពេញ ក្រោន បន្ទាប់ពីបានយកឈ្នះដោយលទ្ធផលបច្ចេកទេស ៣ទល់២ នៅក្នុង ការប្រកួតថ្ងៃបើក ឆាកនៃក្របខ័ណ្ឌ លីគកំពូលកម្ពុជា រដូវកាលថ្មី ២០១៩ កាលពីល្ងាចថ្ងៃទី១៦ ខែមីនា ឆ្នាំ ២០១៩។នៅក្នុងការប្រកួតដ៏ជក់ចិត្តនៃវគ្គទី១ ម្ចាស់ផ្ទះភ្នំពេញក្រោនបានបើកការនាំមុខ១គ្រាប់ មុន ដោយធ្វើសម្រេចដោយកីឡាករ Paulo Victor នៅនាទី៨ ហើយនៅនាទី៤១ កីឡាករ យ៉ើ សាហ្វី របស់បឹងកេតតាមបាន ស្មើវិញ ១ទល់១ មុនបញ្ចប់ការប្រកួតនៅវគ្គទី១។ នៅវគ្គទី២ បឹងកេតធ្វើសម្រេចបាន២គ្រាប់បន្ថែម ដោយរក បានដោយកីឡាករ Carrascosa Munoz Angel នៅនាទី៥៣ និងរកបានដោយកីឡាករ លី មីហ្សាន នៅនាទី៦២ ហើយនៅនាទី៧៤ កីឡាករ នៅ សុខសិលា តាមបាន១គ្រាប់វិញ ដោយលទ្ធផលភ្នំពេញក្រោនចាញ់បឹងកេត ២ទល់៣នេះ រក្សាបានរហូតដល់បញ្ចប់ការប្រកួត៩០នាទី។

ចំណែក២ប្រកួតទៀត កាលពីថ្ងៃសៅរ៍ទី១៦ ខែមីនា ឆ្នាំ២០១៩នោះដែរ គឺក្រុមម្ចាស់ផ្ទះ អគ្គិសនីកម្ពុជា ប្រកួតចាញ់ក្រុមភ្ញៀវចំណូលថ្មី ខេត្តកំពង់ចាម ដោយលទ្ធផល ០ទល់១ ខណៈម្ចាស់ផ្ទះក្រុមចំណូលថ្មី គិរីវង់ សុខសែនជ័យយកឈ្នះ ក្រុមចំណូលថ្មីដូចគ្នា យុវជន បាទីអាយុក្រោម១៨ឆ្នាំ ដោយលទ្ធផល ៤ទល់១។

ចំពោះ៤ប្រកួតផ្សេងទៀត នាសប្តាហ៍ទី១ដែរ កាលពីល្ងាចថ្ងៃអាទិត្យទី១៧ ខែមីនា ឆ្នាំ២០១៩ គឺក្រុមអាស៊ីអឺរ៉ុបយូណាយធីតប្រកួតចាញ់ក្រុមការពារម្ចាស់តំណែងជើងឯករដូវ​កាលមុន ណាហ្គាវើល ០-១ ស្រប ពេលដែលវិសាខាចែកគ្នាម្នាក់១ពិន្ទុជាមួយ សូលទីឡូអង្គរ ក្រោយរក្សាលទ្ធផលស្មើគ្នា ០ទល់០។ រីឯព្រះខ័ន រាជស្វាយរៀង រកបាន៣ពិន្ទុពីអគ្គស្នងការ ដ្ឋាន​នគរបាលជាតិ ដោយលទ្ធផល ២ទល់០ ខណៈម្ចាស់ផ្ទះក្រសួង ការពារជាតិ ១ទល់១ ជាមួយក្រុមអង្គរថាយហ្គឺរ៕

ដោយ ហេង ណាលីន