គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាអះអាងថា ការរៀបចំសកម្មភាពកីឡា៣ថ្ងៃ ក្នុងពិធីបុណ្យទន្លេ នៅកំពង់ឆ្នាំង ទទួលបានការគំាទ្រយ៉ាងខ្លាំង

AKP ភ្នំពេញ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ — ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការគណៈ កម្មាធិការជាតិអូឡាំពិកកម្ពុជាបានអះអាងថា ការរៀបចំសកម្មភាពកីឡាទាំង១២ ប្រភេទកីឡា ចំនួន៣ថ្ងៃ នៅក្នុងពិធីបុណ្យទន្លេ លើកទី៥ នៅខេត្តកំពង់ឆ្នាំង ដែលបាន បញ្ចប់កាល ពីយប់ថ្ងៃ អាទិត្យទី១៧ ខែមីនា ឆ្នាំ២០១៩ ទទួលបានជោគជ័យដ៏ត្រចាស់ត្រចង់ ដោយទទួល បានការគាំទ្រយ៉ាងខ្លាំង ពីប្រជាពលរដ្ឋទូទៅ។

ឯកឧត្តមអគ្គលេខាធិការបញ្ជាក់ទៀតថា​ ភាពជោគជ័យនេះគឺជាបទពិសោធន៍ដ៏ល្អ សម្រាប់ការរៀបចំសកម្មភាពកីឡានៅក្នុងពិធីបុណ្យទន្លេ នាឆ្នាំក្រោយៗទៀត ដែលការៀបចំ នេះ ទទួលបានការសហការគ្នាយ៉ាងជិតស្និទ្ធពីគណៈកម្មការបច្ចេកទេស អនុគណៈកម្មការ បច្ចេកទេសរបស់ក្រសួងទេសចរណ៍ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា រដ្ឋបាលខេត្តកំពង់ ឆ្នាំងនិងមន្ទីរអប់រំ យុវជននិងកីឡាខេត្ត។ ជាមួយគ្នានោះ ឯកឧត្តមក៏បានលើកឡើងនូវចំណុច ខ្វះខាតមួយចំនួនដូចជាឧបត្ថម្ភលើកទឹកចិត្តនៅមានកម្រិតដែលមានលទ្ធភាពឧបត្ថម្ភនៅមាន ចំនួនតិចតួចនៅឡើយ ដែលមិនទាន់ឆ្លើយតបទៅនឹងសេចក្តីត្រូវការ ឬការពេញចិត្តរបស់ ជ័យលាភីនៅឡើយ។ ប៉ុន្តែទោះយ៉ាងនេះក្តី ឯកឧត្តមយល់ឃើញថា ការរៀបចំសកម្មភាព​កីឡានេះ គឺដើម្បីចូលរួមអបអរសាទរ និងជួយជំរុញឱ្យពិធីបុណ្យទន្លេលើកទី៥ ឆ្នាំ២០១៩នេះ ទទួលបានការទាក់ទាញកាន់តែល្អប្រសើរ និងបានផ្តល់ភាពសប្បាយរីករាយជូនដល់ប្រជា ពលរដ្ឋដែលអញ្ជើញមកចូលរួមកម្សាន្តក្នុងរយៈពេល៣ថ្ងៃនេះ។ ពិធីបុណ្យ ទន្លេឆ្នាំនេះទាក់ ទាញបានភ្ញៀវទេសចរជាតិ និងអន្តរជាតិ នាថ្ងៃទី១ ប្រមាណ២០ម៉ឺននាក់, ថ្ងៃទី២ ប្រមាណ ៥០ម៉ឺននាក់ និងនៅថ្ងៃទី៣ច្រើនជាងគេ ដែលសរុប៣ថ្ងៃមានចំនួនច្រើនជាង១លាននាក់។

ឯកឧត្តម វ៉ាត់ ចំរើន បានលើកឡើងទៀតថា តាមការគូសបញ្ជាក់របស់ ឯកឧត្តម ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាតែងតែបាន ណែនាំយើងជាអ្នករៀបចំកីឡា ទៅរៀបចំប្រភេទកីឡានានា នៅតាមពិធីបុណ្យទាំងនោះ ដើម្បីបំផុសស្មារតីកីឡាជូនដល់​យុវជន ក៏ដូចជាប្រជាពលរដ្ឋទូទៅ បានទស្សនា ឈ្វេងយល់អំពីប្រភេទកីឡាអត្តសញ្ញាណ ជាតិ និងប្រភេទកីឡាបែបទំនើប ដែលយើងតែងតែជំរុញឱ្យយុវជនជំនាន់ក្រោយចូលរួម ឈ្វេងយល់ និងមានឆន្ទៈចង់ចូលរួមលេងកីឡា ដែលខ្លួនស្រឡាញ់ និងខ្លួនមានទេព កោសល្យ ក្នុងគោលដៅឱ្យពួកគាត់ក្លាយជាធនធានអត្តពលិកប្រកបដោយគុណភាព នាថ្ងៃ អនាគត។

សូមបញ្ជាក់ថា ១២ប្រភេទកីឡាដែលដាក់ឱ្យប្រកួត និងសម្តែងអបអរក្នុងពិធីបុណ្យ ទន្លេឆ្នាំនេះ រួមមាន៖ រត់ប្រណាំងកម្សាន្ត បាល់ទាត់ បាល់ទះ និងចំបាប់បុរាណ ទាញព្រ័ត្រ វាយសី ប្រណាំងសេះ ជិះកង់កម្សាន្ត ប្រដាល់គុនខ្មែរ ប្រណាំងទូក បាល់បោះ និងគុន​ល្បុក្កតោជាដើម៕

ដោយ ហេង ណាលីន