សម្តេចក្រឡាហោម ស ខេង អញ្ជើញចូលរួមក្នុងពិធីប្រកាសប្រធានក្រុមការងារ ថ្នាក់កណ្តាល ចុះជួយខេត្តព្រះសីហនុ

AKP ព្រះសីហនុ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ — សម្ដេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ  និងជាអនុប្រធានគណបក្ស ប្រជាជនកម្ពុជាបានអញ្ជើញ ជាអធិបតីភាពក្នុងពិធីប្រកាសប្រធានក្រុមការងារថ្នាក់ កណ្តាល ចុះជួយខេត្តព្រះសីហនុនៅព្រឹកថ្ងៃចន្ទ ១៣កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២  ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ នៅសណ្ឋាគារឯករាជ្យ ក្នុងសង្កាត់លេខ៣ ក្រុង ព្រះសីហនុ។ តាមសេចក្តីប្រកាស ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជា សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា ត្រូវបានប្រកាសជាប្រធានក្រុម ការងារថ្នាក់កណ្តាលចុះជួយខេត្តព្រះសីហនុ ជំនួសឯកឧត្តម ប៉ុល សារឿន ត្រូវផ្ទេរភារកិច្ចជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយរាជធានីភ្នំពេញ។

ឯកឧត្តម ជាម ហ៊ីម ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ មានប្រសាសន៍ ថ្លែងអំណរគុណឯកឧត្តម ប៉ុល សារឿន បានធ្វើពលិកម្មធំធេងក្នុង រយៈពេលជាង ១០ឆ្នាំ បំពេញភារកិច្ចដឹកនាំ ពង្រឹងគណបក្សលើគ្រប់វិស័យនាំមកនូវជោគជ័យជាបន្តបន្ទាប់ ជាក់ស្តែងលទ្ធផលបោះឆ្នោតគ្រប់អាណត្តិ បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ក្រុមប្រឹក្សាឃុំ សង្កាត់ សមាជិកព្រឹទ្ធសភា ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ព្រមទាំងដឹកនាំ ធ្វើឱ្យខេត្តមានការរីកចម្រើនលើគ្របើវិស័យ ស្របតាមយុទ្ធសាស្ត្រចតុកោណដំណាក់ កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា អភិវឌ្ឍន៍ខេត្ត ផ្អែកលើបាវចនាពីរ គឺ ” កែទម្រង់ខាងក្នុង បង្កើនមិត្តខាងក្រៅ ” និងតាមអភិក្រមទាំង៥ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់។

ឯកឧត្តម សាយ សំអាល់ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះសីហនុ មានប្រសាសន៍ថា នេះជាភារកិច្ចថ្មីមួយ ខណៈដែលខេត្តព្រះសីហនុ កំពុង តែមានការអភិវឌ្ឍ យ៉ាងគំហុករយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទន្ទឹមនឹងការអភិវឌ្ឍក៏មានសម្ពាធ ប្រឈមអំពីបញ្ហាបរិស្ថាន កាកសំណល់រឹង រាវដែលយើងត្រូវរួមគ្នាដោះស្រាយ ពិសេសការអនុវត្តនូវគោលនយោបាយរបស់រាជរដ្ឋាភិបាល។

ឯកឧត្តមបានបេ្តជ្ញា នឹងខិតខំជំរុញកែលម្អឆ្នេរសមុទ្រខេត្តព្រះសីហនុ មានលក្ខណៈទំនើបកម្ម ដែលជាត្រីវិស័យក្នុងការអភិវឌ្ឍខេត្ត។  រក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុងបង្កើនប្រសិទ្ធភាពការងារថែរក្សាអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រក្នុងខេត្តព្រះសីហនុឱ្យមាននិរន្តរភាពជាឆ្នេរស្អាត និងបៃតង។

សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា ការផ្លាស់ប្ដូររបៀបធ្វើការងារ ដើម្បីបង្កើនប្រសិទ្ធភាពរបស់ខេត្តព្រះសីហនុ ដោយសារខេត្តព្រះសីហនុ ជាប៉ូលមួយក្នុងចំណោមប៉ូលទាំងបីនៃកំណើនសេដ្ឋកិច្ចជាតិ មានការអភិវឌ្ឍរីក ចម្រើនយ៉ាងគំហុក។ ដែលខេត្តសៀមរាប ជាប៉ូលទេសចរណ៍វប្បធម៌ដែលមាន ភ្ញៀវទេសចរមានការកើនឡើងច្រើន ហើយហេដ្ឋារចនាសម្ព័ន្ធក៏មានការ កើនឡើងផងដែរ ក៏ប៉ុន្តែតំបន់សៀមរាបមិនអនុញ្ញាតឲ្យសាងសង់នូវសំណង់អគារខ្ពស់នោះបានទេ ដោយសារវាអាច ប៉ះពាល់ទៅនឹងប្រាសាទបុរាណ។  ដោយឡែកនៅខេត្តព្រះសីហនុ ជាតំបន់ ទេសចរណ៍បែបធម្មជាតិ មានឆ្នេរសមុទ្រមានកំពង់ផែទឹកជ្រៅ ក្នុងរយៈពល ២,៣ ឆ្នាំចុងក្រោយនេះ ខេត្តមានការវិនិយោគយ៉ាងគំហុកក្លាយជាតំបន់អភិវឌ្ឍន៍ ប្រសិនបើយើង មិនបានគ្រប់គ្រងឱ្យបានល្អទេ បញ្ហាប្រឈមវានឹងកើតឡើង ដូច្នេះត្រូវចូលរួមដោះ ស្រាយផលប៉ះពាល់។ យើងត្រូវមានផែនការ សកម្ម ភាព និងយុទ្ធសាស្ត្រការគ្រប់គ្រងបរិ ស្ថានតំបន់ឆ្នេរឱ្យមានសោភណភាពបៃតង ក្នុងការទាក់ទាញអ្នកវិនិយោគ និងភ្ញៀវទេសចរ ជាតិ និងអន្តរជាតិ។

សម្ដេចក្រឡាហោម ស ខេង បានបន្តថា ខេត្តព្រះសីហនុមានឆ្នេរខ្សាច់វែងហើយ នឹងល្អជាងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា ពិសេសនៅក្នុងតំបន់ និងបានក្លាយជាសមា ជិកក្លឹបឆ្នេរ ស្អាតជាងគេលើពិភពលោក បង្កើនការងារជូនប្រជាពលរដ្ឋ និងជួយកាត់បន្ថយ នូវភាពក្រីក្រ៕

ដោយ ងូ សុមុនី