ចំនួនអ្នកបោះឆ្នោតមុនពេលកំណត់នៅថៃមាន ៧៥ភាគរយ

AKP ភ្នំពេញ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ ​មន្ត្រីជាន់ខ្ពស់ម្នាក់នៃគណៈកម្មការបោះឆ្នោតបាននិយាយថា ចំនួនពួកអ្នកបោះឆ្នោតជាមធ្យម៧៥ភាគរយគេរាយការណ៍ឱ្យដឹងនៅក្នុងការបោះឆ្នោតមុនពេលកំណត់កាលពីថ្ងៃអាទិត្យសម្រាប់ការបោះឆ្នោត ទូទៅនៅក្នុងប្រទេសថៃ ។

អគ្គលេខាធិការរងគណៈកម្មការបោះឆ្នោត លោក ណាតឡាវ ស៊ីសាវ៉ាគុល ( Nat Laosisavakul  ) បានបញ្ជាក់អះអាងថា ពីក្នុងប្រជាជនថៃសរុបទាំងអស់២,៦៣លាននាក់ ដែលបានចុះបញ្ជីថា ជាអ្នកបោះឆ្នោតមុនពេលកំណត់នោះគេរាយការណ៍ថា មានជាង ៧៥ភាគរយបានធ្វើការបោះឆ្នោតរបស់ពួកគេកាលពីថ្ងៃអាទិត្យ ។

ស្នងការប៉ូលិសជាតិឧត្តមសេនិយ ចាក់ទីប ឆៃជិនដា (​Chakthip Chaijinda  ) ដែលក៏បានធ្វើបោះឆ្នោតមុនពេលកំណត់របស់លោកផងដែរ នៅក្នុងសង្កាត់ សៃម៉ៃ ក្រុងបាងកក បានបញ្ជាក់អះអាងថា បោះឆ្នោតមុនពេលកំណត់កាលពីថ្ងៃអាទិត្យនេះ ត្រូវបានធ្វើឡើងនៅក្នុងបរិយាកាសធម្មតា ថ្វីបើការស្ទះចរាចរអាចមានខុសធម្មតានៅក្នុងសង្កាត់នៃកន្លែងបោះឆ្នោតខ្លះក៏ដោយ  ។

លោក Nat  បាននិយាយថា មណ្ឌលបោះឆ្នោតក្រុងបាងកក ដែលមានចំនួនអ្នកបោះឆ្នោតមុនកាលកំណត់ដែលបានចុះបញ្ជីច្រើនបំផុតនោះ​គឺនៅក្នុងសង្កាត់បាង កាពិដែល នៅទីនោះមានរហូតដល់ទៅ៨២ ភាគរយនៃពួកអ្នកបោះឆ្នោតមុនពេលកំណត់នឹងទៅបោះឆ្នោត ។

ក្នុងចំណោមពួកអ្នកបោះឆ្នោតមុនពេលកំណត់ក្នុងសង្កាត់ឌូសិត ក្រុងបាងកក គឺអតីតនាយករដ្ឋមន្ត្រីចំណាស់ ៩៨ ឆ្នាំ លោក ព្រេមទីនស៊ូឡាណន់ (   Prem Tinsulanonda )  បានបង្ហាញមុខនៅលើរទេះមានកង់មួយ ព្រមទាំងបំពង់អុកស៊ីនហ្សែនមួយ នៅពេលលោកធ្វើការបោះឆ្នោត  ។

តាមអគ្គលេខាធិការរងគណៈកម្មការបោះឆ្នោតឱ្យដឹងថា ជនទាំងឡាយដែលបានចុះបញ្ជីធ្វើជាអ្នកបោះឆ្នោតមុនពេលកំណត់ ប៉ុន្តែមិនបានទៅបោះឆ្នោតមុនពេលកំណត់របស់ខ្លួនកាលពីថ្ងៃអាទិត្យនេះ មិនត្រូវបានអនុញ្ញាតដោយច្បាប់ឱ្យធ្វើការបោះឆ្នោតនៅថ្ងៃបោះឆ្នោតថ្ងៃទី២៤ ខែមីនាទេ ។  ​ទីភ្នាក់ងារបោះឆ្នោតសង្ឃឹមថា នឹងមានចំនួនពួកអ្នកបោះឆ្នោតមិនតិចជាង ៨០ ភាគរយទេនៅថ្ងៃ អាទិត្យខាងមុខនេះ  ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិនមឿន )