ប្រកាសចូលកាន់តំណែងអភិបាលរងខេត្តព្រះសីហនុ ចំនួន ០២រូប

AKP ព្រះសីហនុ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ -នៅសាលាខេត្តព្រះសីហនុ ព្រឹកថ្ងៃចន្ទ ១៣កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩នេះ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និង ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ បានអញ្ជើញក្នុងពិធីប្រកាសចូលកាន់តំណែងអភិបាលរងខេត្តព្រះសីហនុចំនួន ០២រូប ។

តាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជាលេខ៣៣៤ អនក្រ.តត ស្តីពីការផ្ទេរភារកិច្ច និងតែងតាំងមន្ត្រីរាជការ សម្រេចផ្ទេរភារកិច្ចលោក លៀម សុជា ឋានន្តរសក្តិឧត្តមមន្ត្រី ថ្នាក់លេខ២ ពីអភិបាលរង នៃគណៈអភិបាលខេត្តឧត្តរមានជ័យ ឱ្យមកកាន់មុខតំណែងជាអភិបាលរងខេត្តព្រះសីហនុ ។ តែងតាំងលោក ម៉ាង ស៊ីណេត ឋានន្តរសក្តិមន្ត្រីថ្នាក់លេខ១ នៃមន្ត្រីក្រប  ខ័ណ្ឌគ្រប់គ្រងរដ្ឋបាលក្រសួងពាណិជ្ជកម្ម ឱ្យមកកាន់មុខតំណែងជាអភិបាលរងខេត្តព្រះសីហនុ ។

ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ស្វាគមន៍ចំពោះវត្តមានរបស់លោកអភិបាលរងទាំង០២រូប បានមកបំពេញតួនាទីជាអភិបាលរងខេត្តព្រះសីហនុ ដើម្បីបម្រើប្រជាពលរដ្ឋតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ ឱ្យបានល្អប្រសើរ រួមសាមគ្គីឯកភាពផ្ទៃក្នុង ប្រកបដោយឆន្ទៈតែមួយ ក្នុងស្មារតីទទួលខុសត្រូវ ត្រួតពិនិត្យយ៉ាងហ្មត់ចត់ និងលើកវិធានការ គោលការណ៍ដឹកនាំលើគ្រប់វិស័យក្នុងនោះការងារចម្បងមាន ការងារកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការអនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ និងការងារសេដ្ឋកិច្ចសង្គម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នងមូលដ្ឋាន ត្រៀមលក្ខណៈអប់រំបណ្ដុះបណ្ដាលសមត្ថភាព កសាងធនធានមនុស្សសម្រាប់បន្តវេនក្នុងពេលអនាគត ។

ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ មានប្រសាសន៍ វាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្តជំរុញការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ថែរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលសមិទ្ធផលនេះបានចូលរួមថែរក្សាសុខសន្តិភាព បន្តបង្កើនកំណើនសេដ្ឋកិច្ចជាតិនៅឆ្នាំ២០១៨ និងការព្យាករណ៍២០១៩ កំណើនសេដ្ឋកិច្ចនៅតែបន្តកើនឡើង បង្កលក្ខណៈសម្បត្តិលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ។

ឯកឧត្តមបានមានប្រសាសន៍បន្តថា ការប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្ត ២រូប សង្ឃឹមថានឹងអនុវត្តន៍ បំពេញភារកិច្ច សិក្សាស្រាវជ្រាវ ឈ្វេងយល់បន្តចូលរួមគ្រប់គ្រងអភិវឌ្ឍន៍ខេត្តព្រះសីហនុ បង្កើតបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត បន្តសហការ ការពារសុខសន្តិភាព ស្របតាមគោលនយោបាយបាយយុទ្ធសាស្រ្តចតុ កោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ។ រក្សាការគ្រប់គ្រងបរិស្ថាន ទាមទារការយកចិត្តទុកដាក់ ធានារក្សាសុខសន្តិភាព បង្កឱកាសការអភិវឌ្ឍរយៈពេលវែង ទាមទារឱ្យមានភាពទាក់ទាញ ផ្តោតលើធនធានធម្មជាតិ តាមតំបន់ឆ្នេរ កោះ សិក្សាបញ្ចៀសផលប៉ះពាល់បរិស្ថាន និងដោះស្រាយផលប៉ះពាល់ឱ្យនៅកម្រិតទាបបំផុត និងត្រៀមរៀបចំបង្ការ ការខ្វះខាតទឹកស្អាតនៅរដូវប្រាំងខាងមុខនេះជូនប្រជាពលរដ្ឋ។

លោក ម៉ាង ស៊ីណេត មានប្រសាសន៍ ប្ដេជ្ញាចិត្តគោរពរដ្ឋធម្មនុញ និងរាជរដ្ឋាភិបាល ចូលរួមអនុវត្តន៍នូវគោលនយោបាយចតុកោណដំណាក់កាលទី៤ ដើម្បីកំណើនការងារ ខិតខំបំពេញភារកិច្ច បម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយគុណភាព តម្លាភាព និងប្រសិទ្ធភាព និងជាសេនាធិការបម្រើសេវារបស់រដ្ឋបាលខេត្ត រក្សាសាមគ្គីភាពផ្ទៃក្នុង និងតាមមន្ទីរ អង្គភាពពាក់ព័ន្ធនានាក្នុងខេត្ត ៕

ដោយ ងូ សុមុនី