ឯកឧត្ដម ឆាន់ សាផាន អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះខណ្ឌសីមា ពុទ្ធាភិសេក និងសម្ពោធសមិទ្ធផលនានានៅក្នុងវត្តរតនសិក្ខារាម ស្រុកព្រែកប្រសព្វ

AKP ក្រចេះ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ -ឯកឧត្តម ឆាន់ សាផាន រដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះខណ្ឌសីមាព្រះវិហារ ពុទ្ធាភិសេក និងសម្ពោធសមិទ្ធផលនានានៅក្នុង វត្តរតនសិក្ខារាម ស្ថិតក្នុង ភូមិក្រហមកក្រោម ឃុំតាម៉ៅ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ កាលពីថ្ងៃអាទិត្យ ១២កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ហឿ ស៊ីយ៉ែម អភិបាលខេត្តស្តីទី ឯកឧត្តម លោកជំទាវ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងសប្បុរសជនក្នុងនិងក្រៅស្រុកនិងពុទ្ធបរិស័ទចំណុះជើងវត្តប្រមាណ ៧០០នាក់ ។

លោក សន ស៊ីដែន អភិបាលរងស្រុកព្រែកប្រសព្វបានឱ្យដឹងថា ព្រះវិហារថ្មីដែលត្រូវរៀបចំពិធីបញ្ចុះខណ្ឌសីមាព្រះវិហារ ពុទ្ធាភិសេក និងសម្ពោធសមិទ្ធផលនានានៅក្នុង វត្តរតនសិក្ខារាម ក្នុងពេលនេះ បានចំណាយថវិកាប្រមាណ ៦៨៤.៥៩៦.០០០រៀល ស្មើនឹងជាង១៧ ម៉ឺនដុល្លារអាម៉េរិក ជាថវិកាបានមកពីសប្បុរសជនទាំងក្នុងស្រុកនិងក្រៅស្រុក។

ឯកឧត្តម ឆាន់ សាផាន បានមានប្រសាសន៍ថា បញ្ចុះខណ្ឌសីមា ពុទ្ធាភិសេក និងសម្ពោធសមិទ្ធផលនានានៅក្នុងវត្តរតនសិក្ខារាម ឬការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវព្រះវិហារ ដែលស្ថិតនៅចំពោះមុខយើងនាពេលនេះ គឺទទួលបានពីកត្តាសន្តិភាព ក្រោមនយោបាយដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំប្រកប បានប្រែក្លាយប្រទេសឱ្យមានការអភិវឌ្ឍរីកចម្រើនលើកគ្រប់វិស័យ ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ។

ឯកឧត្តម ក៏បានសំណូមពរដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវបន្តពង្រឹងកិច្ចសហការបំពេញការងារ ដោយធានារក្សាឱ្យបាននូវសន្តិសុខ        សណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន ជាពិសេសក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខនេះ ៕

ដោយជួន សុជាតិ