ពិធីបុណ្យឆ្លងសាលាពុទ្ធិកបឋមសិក្សា វត្តវេឡុវនារាម នៅស្រុកបវេល

AKP បាត់ដំបង ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ -នៅថ្ងៃអាទិត្យ ១២កើត ខែផល្គុន សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹង ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩  ឯកឧត្តម ច័ន្ទ សុផល អ្នកតំណាងរាស្រ្តមណ្ឌលបាត់ដំបង និង ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យឆ្លងសាលាពុទ្ធិកបឋមសិក្សា និងសម្ពោធសមិទ្ធផលនានាក្នុង វត្តវេឡុវនារាម ហៅ វត្តបវេល ស្ថិតនៅភូមិបវេល២ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង ។

មានប្រសាសន៍ សំណេះសំណាលជាមួយពុទ្ធបរិស័ទ នាឱកាសនោះ ឯកឧត្តម ងួន រតន: បានថ្លែងអំណរព្រះគុណ និងអរគុណដល់ព្រះគុណម្ចាស់គ្រប់ព្រះអង្គ ឯកឧត្តម លោកជំទាវ លោក លោកស្រី និងពុទ្ធបរិស័ទទាំងក្នុង និង ក្រៅប្រទេស ដែលបានជួយឧបត្ថម្ភ គាំទ្រទាំងផ្នែកថវិកា ស្មារតី សម្ភារ ប្រកបដោយសទ្ធាជ្រះថ្លា ចាប់មគ្គផល បំពេញកុសល កសាងជាសម្បត្តិតម្កល់ទុកក្នុងវិស័យព្រះពុទ្ធសាសនា ជាឧត្តមប្រយោជន៍សម្រាប់ព្រះសង្ឃ បានសិក្សារៀនសូត្រធម៌វិន័យ និងពុទ្ធបរិស័ទបានបំពេញកិច្ចប្រារព្ធពិធីបុណ្យទានគោរពបូជាជាទីសក្ការៈ   ដែលចំណាយក្នុងការសាងសង់អស់ទឹកប្រាក់ចំនួន ១៧៣.៦៧៨,៨៣ដុល្លារអាម៉េរិក ។

ឯកឧត្តម ក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ត្រូវថែរក្សាសុខភាព មានការប្រុងប្រយ័ត្ន ចំពោះភាពរាំងស្ងួតហួតហែង កម្ដៅកើនឡើង ការបរិភោគចំណីអាហារ ទឹក និងការប្រុងប្រយ័ត្នខ្ពស់ចំពោះភ្លើងផ្សែង ក៏ដូចជាខ្យល់កន្រ្តាក់ ផ្គររន្ទះ ជាដើម ។

ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់រដ្ឋបាលគ្រប់ថ្នាក់ សមត្ថកិច្ចមូលដ្ឋាន ត្រូវបង្កើនការយកចិត្តទុកដាក់ មានវិធានការជួយដល់ប្រជាពលរដ្ឋ នៅពេលមានករណីផ្សេងៗកើតឡើង និងផ្សព្វផ្សាយ អប់រំដល់ប្រជាពលរដ្ឋ ឱ្យបានយល់ដឹង អំពីការបង្ការ ទប់ស្កាត់ ដើម្បីកាត់បន្ថយការគ្រោះថ្នាក់ដែលអាចកើតមានឡើងជាយកថាហេតុ ចំពោះ សភាពការណ៍ និង បញ្ហាប្រឈមចំពោះមុខ ៕

ដោយណយ នឿន (ប្រភព រដ្ឋបាលខេត្តបាត់ដំបង)