ប្រជាពលរដ្ឋមកពីឃុំចំនួនពីរក្នុងស្រុកជ័យសែន ទទួលបានអំណោយពីសមាគមភ្នំពេញក្លឹបនិងសមាគមដានីយ៉ែល

AKP ព្រះវិហារ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ -នៅភូមិទឹកលិច ឃុំតស៊ូ ស្រុកជ័យសែន ខេត្តព្រះវិហារ បានរៀបចំពិធីសំណេះ   សំណាល និងចែកអំណោយសប្បុរសធម៌របស់ សមាគមភ្នំពេញក្លឹប និងសមាគមដានីយ៉ែល ជូនប្រជាពលរដ្ឋចំនួន ១.៦៥០គ្រួសារ មកពីឃុំចំនួនពីរ គឹឃុំល្អាង និងឃុំតស៊ូ ក្រោមអធិបតីភាពឯកឧត្តម សួស យ៉ារ៉ា អ្នកតំណាងរាស្ត្រមណ្ឌលព្រះវិហារ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ កាលពីថ្ងៃសៅរ៍ ១១កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការតាមមន្ទីរអង្គភាពជុំវិញខេត្តជាច្រើនរូបទៀត។

ឯកឧត្តម អ៊ុន ចាន់ដា បានមានប្រសាសន៍ថ្លែងអំណរគុណដល់សមាគមទាំងពីរដែលបានពាំនាំអំណោយជាសម្ភារ គ្រឿងឧបភោគ បរិភោគមកចែកជូនដល់ប្រជាពលរដ្ឋនៅថ្ងៃនេះ ថ្វីត្បិតតែអំណោយទាំងនេះតិចតួចក្តី តែបានបញ្ជាក់នូវទឹកចិត្តដ៏ល្អប្រពៃចែករំលែកនូវក្តីស្រឡាញ់ដល់បងប្អូនប្រជាពលរដ្ឋរបស់យើង ។ ឯកឧត្តមអភិបាលខេត្តបានបន្តថា ជារៀងរាល់ឆ្នាំមុនរដូវចូលខ្មែរមកដល់ឯកឧត្តម សួស យ៉ារ៉ា តែងតែបានធ្វើពិធីចែកអំណោយជូនដល់ប្រជាពលរដ្ឋនៅស្រុកជ័យសែនមិនដែលខាន ដែលជាស្រុកធ្លាប់ផ្តល់អនុស្សាវរីយ៍ កាលពីកុមារភាពក្នុងរបបកម្ពុជាប្រជាធិបតេយ្យប្រល័យពូជសាសន៍ប៉ុលពត (៣ឆ្នាំ ៨ខែ ២០ថ្ងៃ) ។

ឯកឧត្តម សួស យ៉ារ៉ា បានមានប្រសាសន៍ថា នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើងខាងមុខ រយៈពេល៤ថ្ងៃគឺមានរៀបចំព្រឹត្តិការណ៍មហាសង្ក្រាន្តនៅក្នុងបរិវេណប្រាសាទកោះកេរ្តិ៍ ត្រូវបានឱ្យរថយន្តក្រុងដឹកលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ក្រុមប្រឹក្សាស្រុក​ ឃុំ​ សង្កាត់ ទៅចូលរួមក្នុងព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំនេះនៅប្រាសាទកោះកេរ្តិ៍ ៕

ដោយ ទិត ស្រ៊