អភិបាលខេត្តព្រះសីហនុ អញ្ជើញចូលរួមសម្ពោធដាក់ឱ្យប្រើប្រាស់មន្ទីរសម្រាកព្យាបាល និងសម្ភព ឌឺហ្សាមី

AKP ព្រះសីហនុ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩ — ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះ សីហនុ អញ្ជើញចូលរួម​សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ មន្ទីរសម្រាកព្យាបាល និងសម្ភព ឌឺហ្សាមី ស្ថិតក្នុង​សង្កាត់លេខ៤ ក្រុងព្រះសីហនុ។  ពិធីនេះ ​បានធ្វើឡើងកាលពី ព្រឹកថ្ងៃសៅរ៍ ១១កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩ ។

លោកវេជ្ជបណ្ឌិត ង៉ូវ សិរីនិធីរ៉ា នាយកមន្ទីរសម្រាកព្យាបាលនឹងសម្ភព ឌឺហ្សាមី បានបញ្ជាក់ថា​ ដោយមើលឃើញនូវការអភិវឌ្ឍយ៉ាងគំហុកនៅក្នុងខេត្តព្រះសីហនុ ទើបលោក​បានបើកមន្ទីរសម្រាកព្យាបាល និងសម្ភព ឌឺហ្សាមី នេះ ដើម្បីបម្រើសេវាសុខាភិបាល​ជូនប្រជាពលរដ្ឋ ។ មន្ទីរសម្រាកព្យាបាល និងសម្ភព  ឌឺហ្សាមី មានវេជ្ជបណ្ឌិត ៦រូប ឧសថការី ១រូប ឆ្មប ៨រូប គ្រូពេទ្យ ៥រូប បុគ្គលិកអនាម័យ ៦រូប ។

លោកបានបន្ដថា ការផ្តល់សេវាពិនិត្យ និងព្យាបាលនៅក្នុងមន្ទីរសម្រាកព្យាបាលនេះ មានដូចជា សង្គ្រោះ​បន្ទាន់  ជំងឺកុមារ វះកាត់ទូទៅ សម្ភព រោគស្ត្រី ជំងឺត្រចៀក ច្រមុះ និងបំពង់ក ។ ទន្ទឹមនេះ ដោយបំពាក់នូវឧបករណ៍ទំនើបៗដូចជាម៉ាស៊ីន X-Ray ម៉ាស៊ីនឆ្លុះអេកូ និងឧបករណ៍ស្វ័យ​ប្រវត្តិជាច្រើនទៀត ។ 

ឯកឧត្តម យន្ត មីន បានសម្ដែងនូវការសាទរចំពោះ​ការដាក់ឱ្យដំណើរការមន្ទីរ​សម្រាក​ព្យាបាល និងសម្ភព ឌឺហ្សាមីនេះ បំរើវិស័យសុខាភិបាល និងជាការឆ្លើយតប ទៅនឹងសុខុ​មាល​ភាពប្រជាពលរដ្ឋ។ ឯកឧត្តមបានបញ្ជាក់ថា ក្រសួងសុខាភិបាលបាននិងកំពុងយកចិត្ត​ទុកដាក់រៀបចំកែលម្អប្រព័ន្ធសុខាភិបាល ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ដែលត្រូវការសេវាសុខាភិបាល ហើយវិស័យឯកជន ក៏បានចូលរួមចំណែកបំពេញសេចក្តី​ត្រូវការរបស់ប្រជាពលរដ្ឋក្នុងវិស័យសុខាភិបាលនេះផងដែរ។ ឯកឧត្តមអភិបាលខេត្ដបានបន្តថា ការបើកមន្ទីរសម្រាកព្យាបាល និងសម្ភព ឌឺហ្សាមី ដែល ជាសមិទ្ធផលថ្មីមួយទៀត នៃ​វិស័យ​សុខាភិបាលឯកជន នៅក្នុងក្រុងព្រះសីហនុ ព្រមទាំង​សំណូមពរឱ្យបុគ្គលិកក្រុម​គ្រូពេទ្យ​នៃមន្ទីរសម្រាកព្យាបាលសម្ភពឌឺហ្សាមី ត្រូវយកចិត្តទុកដាក់ថែទាំអ្នក​ជំងឺឱ្យបានដិតដល់ គោរពនូវក្រមសីលធម៌ វិជ្ជាជីវៈជំនាញ ប្រកាន់ខ្ជាប់ខ្ជួនត្រូវភាពរួសរាយ រាក់ទាក់លើកកម្លាំងចិត្តដល់អ្នកជំងឺ ដែលមកទទួលសេវាសុខាភិបាលនៅមន្ទីរសម្រាកព្យា បាល ៕

ដោយ ងូ សុមុនី