អភិបាលខេត្តព្រះសីហនុ បើកកិច្ចប្រជុំពិគ្រោះយោបល់ជាមួយអង្គការសង្គស៊ីវិល នៅក្នុងខេត្ដ

AKP ព្រះសីហនុ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩ — ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានបើកកិច្ចប្រជុំពិគ្រោះ​យោបល់ ជាមួយអង្គការសង្គមស៊ីវិលចំនួន១៣  ដែលមានទីតាំងនៅក្នុងខេត្តព្រះសីហនុ ដែលធ្វើឡើងកាលពីរសៀលថ្ងៃសុក្រ ១០កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩។ លោក សុខ សុខុម ប្រធានអង្គការ CNRO បាន លើកឡើងពីបញ្ហាមួយចំនួន​មានដូចជា សុំឱ្យអាជ្ញាធរទប់ស្កាត់ភាពអនាធិបតេយ្យ ការបោះ បង្គោលទន្ទ្រានកាន់កាប់ដី​សាធារណៈរបស់រដ្ឋ និងដីឯកជននាពេលបច្ចុប្បន្ន . ការកាប់បំផ្លាញឈូសឆាយព្រៃឧទ្យាន​ជាតិ​រាម និងការចាក់ដីលុបសមុទ្រ (អ៊ូរទូក) នៅស្រុកស្ទឹងហាវ ។

ជាមួយគ្នានេះ ប្រធានអង្គការ អាឌហុក ប្រចាំខេត្ដក៏បានលើកឡើង ពីការព្រួយបារម្ភ នៅពេលដែលអង្គការបើកប្រជុំ ឬបណ្ដុះបណ្ដាល មានសមត្ថកិច្ចចូលថតរួប និងក្លាចបាត់​បង់ឆ្នេរកម្សាន្ត។ តំណាងអង្គការ ម្លប់តាប៉ាង លើកឡើងអំពីបញ្ហាកុមារមិនបានចូលរៀន ដែល​ធ្វើចំណាកស្រុកមកជាមួយឪពុកម្តាយធ្វើសំណង់ សុំឱ្យអាជ្ញាធរភូមិ ឃុំ ជួយសម្រួល​ឱ្យពួកគេបានចូលរៀនឯកឧត្តម យន្ត មីន បានមានប្រសាសន៍វាយតម្លៃចំពោះកិច្ចប្រជុំផ្លាស់ប្ដូរយោបល់ ស្ថាបនា តាមពាក្យស្លោក ខេត្តព្រះ សីហនុជារបស់យើងទាំងអស់គ្នា ដោយទទួលយកមកធ្វើ​ការដោះស្រាយនៅលើតុរួមគ្នា ក្នុងការអភិវឌ្ឍខេត្ត ពិសេសការបម្រើសេវាសាធារណៈ​ជូន​ប្រជាពលរដ្ឋ។ ទន្ទឹមនេះ យើងត្រូវរួមគ្នាបញ្ចេញមតិយោបល់ក្នុងន័យស្ថាបនា ដោះស្រាយ​បញ្ហាប្រឈម ការពារសម្បត្តិធនធានធម្មជាតិកុំឱ្យបាត់បង់ ពិសេសព្រៃកោងកាង ។

បញ្ហាការ​ចាក់ដីចូលសមុទ្រ ធ្វើអ៊ូរទូក នៅស្រុកស្ទឹងហាវ រដ្ឋបាលខេត្តបានស្នើទៅក្រសួងរៀបចំដែនដី ដើម្បីឱ្យគណៈកម្មការអភិវឌ្ឍន៍តំបន់ឆ្នេរ សិក្សាវាយតម្លៃផលប៉ះពាល់ ។ ឯកឧត្តមបន្តថា ចំពោះសំណង់អគារដែលកំពុងសាងសង់មានទំហំចាប់ពី៣.០០០ម៉ែត្រការរ៉េឡើង ជាភារកិច្ច​របស់ថ្នាក់ជាតិ ដោយឡែកសំណង់ក្រោម ៣.០០០ម៉ែត្រការ៉េ ជាថ្នាក់ខេត្ត និង ៥០០ម៉ែត្រ​ការ៉េ ជារបស់រដ្ឋបាលក្រុង ស្រុក ។ បញ្ហាទឹកកខ្វក់ហូរចូលសមុទ្រ រដ្ឋបាលខេត្ត បានធ្វើការ​ផ្សព្វផ្សាយដល់ម្ចាស់សំណង់ត្រូវតែមានអាងប្រព្រឹត្តិកម្ម ពិសេសសំណង់ដែលមិនមានអាងប្រ ព្រឹត្តិកម្ម រដ្ឋបាលខេត្តខេត្ត មិនអនុញ្ញាត ឱ្យសាងសង់បន្តនោះឡើយ ដើម្បីរក្សា សោភណ​ភាព បរិស្ថានតំបន់ឆ្នេរ ចៀសវាងផលប៉ះពាល់បរិស្ថាន។ ជាមួយគ្នានេះ យើងទាំងអស់​គ្នា​ត្រូវចូលរួមគោរពច្បាប់ ហើយរដ្ឋបាលខេត្តប្រកាន់ខ្ជាប់ច្បាប់ជាគោល ដោយមិនអនុញ្ញាតឱ្យ​មានភាពអនាធិបតេយ្យកើតឡើងបាននោះទេ វានាំឱ្យប៉ះពាល់ដល់សន្តិសុខ សុវត្ថិភាពសង្គម ដោយសហការគ្នា ដើម្បីខេត្តរីកចម្រើនចៀសវាងការបែងចែកបក្សពួក នាំឱ្យមានអសន្តិសុខ​ដល់ប្រជាពលរដ្ឋ។

ឯកឧត្តមអភិបាលខេត្ដក៏បានបញ្ជាក់ទៀតថា រដ្ឋបាលខេត្ត នឹងធ្វើការជួបជុំជាមួយ​អង្គការសង្គមស៊ីវិល៦ខែម្ដង ដើម្បីធ្វើការផ្លាស់ប្ដូរ ក្នុងន័យស្ថាបនា អភិវឌ្ឍន៍ ខេត្តឱ្យមាន​ការរីកចម្រើននាពេលខាងមុខ ៕

ដោយ ងូ សុមុនី