អាជ្ញាធរជាតិអប្សរាស្តារស្ទឹងព្រះស្រុកឡើងវិញដើម្បីរក្សាកំណើនទឹក និងបញ្ជៀសទឹកជំនន់

AKP សៀមរាប ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩ — ស្ទឹងព្រះស្រុក ជាស្ទឹងធម្មជាតិដែលមានតាំងពីបុរាណកាលមក ដែលស្ទឹងនេះ​ស្ថិតក្នុងឃុំល្វា ស្រុកពួក ខេត្តសៀមរាប និងមានប្រវែងសរុប៥.៨០០ម៉ែត្រ មានតួនាទីសំខាន់ដូចស្ទឹងរលួស និងស្ទឹងសៀមរាបដែរ ពោលគឺសម្រាប់រំដោះទឹកជំនន់ពីតំបន់អង្គរ និងក្រុងសៀមរាប។ លើសពីនេះ ស្ទឹងនេះគឺមានមុខងារជាអាងស្តុកទឹកសម្រាប់ប្រជាជនប្រើប្រាស់ និងធ្វើកសិកម្ម​ក្នុងសហគមន៍។

បច្ចុប្បន្នស្ទឹងព្រះស្រុក មានទំហំរួមតូចជាងមុន ហើយជម្រៅក៏រាក់ដោយសារទឹកហូរនាំ ភក់ល្បាប់និងដីចាក់បង្កឱ្យស្ទឹងរាក់ អាស្រ័យហេតុនេះ ហើយទើបអាជ្ញាធរជាតិអប្សរា​បាននិង​កំពង់ធ្វើការជីកស្តារស្ទឹងព្រះស្រុកនេះ។ ក្នុងឱកាសចុះត្រួតពិនិត្យការដ្ឋានស្តារស្ទឹងកាលពីថ្ងៃ១០កើតខែផល្គុនឆ្នាំចសំរិទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩នេះ លោក រ៉ម វិចិត្រ មន្ត្រីបច្ចេកទេសនាយក ដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា អាជ្ញាធរជាតិអប្សរាបានស្តារស្ទឹងព្រះ​ស្រុកនេះ ​ផ្នែកខាងលើម្តងរួចមកហើយកាលពីឆ្នាំ២០១៥ ប្រវែង២គីឡូម៉ែត្រ។

លោកបាន​បន្ដថា ការស្តារស្ទឹងនេះ អាជ្ញាធរជាតិអប្សរាក៏បានលើកជាទំនប់សងខាង​ស្ទឹងធ្វើជាផ្លូវ​សម្រាប់​ធ្វើដំណើរ និងបានសង់ស្ពានមួយ សង់ទ្វារទឹកមួយអាចបិទ ឬបើក ស្តុប និងបញ្ចេញទឹក​សម្រាប់ប្រើប្រាស់តាមតម្រូវការជូនប្រជាជនប្រើប្រាស់។

លោកបានឱ្យដឹងទៀតថា សម្រាប់ការស្តារលើកទី២នេះគឺស្តារក្នុងប្រវែង១.៥០០ម៉ែត្រ ដោយប្រើរយៈពេល៣ខែ គឺចាប់ពីថ្ងៃទី១២ ខែកុម្ភៈ ដល់ខែឧសភាឆ្នាំ២០១៩។ ចំពោះការ​ស្តារ​នេះនឹងពង្រីកបន្ថែមនូវជម្រៅបាតស្ទឹងចាប់ពី១ម៉ែត្រ ទៅ១.៥០ម៉ែត្រ ទៅតាមស្ថានភាពដីនៃ​ការ​ចាក់បង្គរ និងទទឹងបាតក្រោម១៧ម៉ែត្រ ពោលគឺធ្វើដូចគ្នាទៅនឹងការស្តារស្ទឹង​ផ្នែក​ខាង​លើដែរ។

លោកបានបន្ថែមថា ក្រោយការស្តាររួច ប្រព័ន្ធបង្ហូរទឹកនេះនឹងអាចផ្ទុក​ទឹកបានច្រើន សម្រួលដល់ចរាចរណ៍ផ្លូវទឹកដោយការប្រើទូកតូចៗ នារដូវវស្សាបាន និងចរន្តទឹកហូរទៅទន្លេ​សាបបានលឿនជាងមុន។ លោកក៏សំណូមពរឱ្យប្រជាពលរដ្ឋចេះថែរក្សាស្ទឹងនេះឱ្យបានល្អ ហាមយកសំរាមចាក់ ឬបង្ហូរទឹកស្អុយចូលស្ទឹងជាដាច់ខាត ជាហេតុនាំឱ្យទឹកកង្វក់​និងស្ទឹង​រាក់។
គួររម្លឹកថា ចាប់តាំងពីឆ្នាំ២០១២ អាជ្ញាធរជាតិអប្សារបានស្តារប្រព័ន្ធរំដោះ​ទឹកដើម្បី​បញ្ចៀសការជន់លិចតំបន់អង្គរ ក៏ដូចជាក្រុងសៀមរាបទាំងមូល ដោយបានបង្វែរមុខទឹក​មួយផ្នែកធំមកស្រុកពួក រួមទាំងស្តារប្រព័ន្ធប្រឡាយផ្សេងៗចុះមកក្រោមរហូតដល់ស្ទឹង​ព្រះ​ស្រុកនេះ ហើយជាលទ្ធផលគឺយើងអាចរំដោះបានពីការជន់លិចតំបន់អង្គរ​និងក្រុងសៀមរាប​រហូតមកទល់បច្ចុប្បន្ននេះ៕

ដោយ ហង្ស សៀក