ពិព័រណ៍ឌីជីថលកម្ពុជាឆ្នាំ២០១៩នឹងជំរុញសេដ្ឋកិច្ចឆ្ពោះទៅមុខកាន់តែលឿន

AKPភ្នំពេញថ្ងៃទី១៥ខែមីនាឆ្នាំ២០១៩ — កម្មវិធីពិព័រណ៍ឌីជីថលកម្ពុជាឆ្នាំ២០១៩ នឹងជំរុញសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាឆ្ពោះ ទៅមុខក្នុង ល្បឿនយ៉ាងឆាប់រហ័សនិងទាក់ទាញការយកចិត្តទុកដាក់ពីអ្នក វិនិយោគបច្ចេក វិទ្យាឌីជីថលសកល និងក្រុមហ៊ុនផ្ដល់ដើមទុនវិនិយោគ។ នេះបើតាមអះអាងពីអ្នកជំនួញខាង​ឌីជីថល។លោក ប៉ែនចាន់ដា នាយកប្រតិបត្តិនៃក្រុមហ៊ុន Bongloy Payments ជាអ្នកជំនួញ ខាងឌីជីថល និងសហគ្រិនបច្ចេកវិទ្យាបានលើកឡើងថា ពិព័រណ៍ឌីជីថលកម្ពុជាឆ្នាំ២០១៩ គឺធ្វើឡើងនៅចំពេលនិងចំទីកន្លែងគឺនៅរាជធានីភ្នំពេញ ដែលជាកន្លែងប្រមូលផ្គុំដោយគំនិត ច្នៃប្រឌិតថ្មី អ្នកអភិវឌ្ឍន៍ និងសហគ្រិនវ័យក្មេងដែលកំពុងធ្វើការផ្លាស់ប្តូររូបរាងឡើងវិញ នៃ​សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។

យោងតាមសេចក្ដីប្រកាសព័ត៌មានបានបញ្ជាក់ថា ក្នុងកម្មវិធីពិព័រណ៍ឌីជីថលកម្ពុជាឆ្នាំ ២០១៩ក្រោមប្រធានបទ ផែនទីបង្ហាញផ្លូវអាស៊ាន ទៅកាន់បដិវត្តន៍ឧស្សាហកម្មទី៤ ដែលត្រូវ បានរៀបចំធ្វើឡើង ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩ នៅសាលពិព័រណ៍ កោះពេជ្រ ក្រោមការរៀបចំរបស់វិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មាន (NIPTICT)។ សេចក្ដីប្រកាសព័ត៌មាននោះបញ្ជាក់ទៀតសុន្ទរកថា សំខាន់ៗ នឹងត្រូវធ្វើបទបង្ហាញ ដោយមន្ត្រីរដ្ឋាភិបាល ដ៏មានឥទ្ធិពល បំផុតនៅក្នុងតំបន់ និង អ្នកដឹកនាំក្នុងវិស័យឯកជនប្រមាណជាង២០នាក់ ក្នុងនោះក៏រួមមាន ឯកឧត្ដមអគ្គបណ្ឌិត សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្ដម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងលោកបណ្ឌិត Susan AMAT ជាអនុប្រធាន និងជានាយកប្រតិបត្តិ នៃបណ្តាញសហគ្រិនភាពសកល (GEN)។

កម្មវិធីពិព័រណ៍ឌីជីថលកម្ពុជាឆ្នាំ ២០១៩ រយៈពេល ៣ ថ្ងៃនេះ នឹងមានវាគ្មិនសំខាន់ៗ ១០០រូប ចូលរួមធ្វើបទបង្ហាញ និងការពិភាក្សាលើប្រធានបទសំខាន់ៗ ដែលដឹកនាំដោយ​អ្នកជំនាញ ទៅក្នុងវិស័យបច្ចេកវិទ្យាដ៏សំខាន់ និងមានអ្នកចូលរួមតាំងពិព័រណ៍ជាង ១៥០ស្ដង់ និងមានឱកាសជាបន្តបន្ទាប់ ក្នុងការភ្ជាប់ទំនាក់ទំនងជាមួយអ្នកជំនាញ ដែលមានគំនិត​ដូចគ្នាៗ នៅទូទាំងអាស៊ីអាគ្នេយ៍, អាស៊ី, អឺរ៉ុប និងអាម៉េរិកខាងជើង។ មេដឹកនាំដ៏មាន​គំនិតច្នៃប្រឌិត និងចក្ខុវិស័យអន្តរជាតិ មកពីផ្នែកអាជីវកម្ម, រដ្ឋាភិបាល និងអ្នកសិក្សា នឹងប្រមូលផ្តុំពិភាក្សាគ្នា ដើម្បីបង្ហាញពីនិន្នាការ និងការអភិវឌ្ឍថ្មីៗ នៅក្នុងវិស័យបច្ចេកវិទ្យា ឌីជីថល និងផ្តល់គំនិត និងទស្សនវិស័យរបស់ពួកគេ ចំពោះបញ្ហាប្រឈមនានា ដែលកំពុង ជួបប្រទះក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ទូទាំងពិភពលោក៕

ដោយ គង់ សិរីរ័ត្ន