សិស្សានុសិស្សសាលាបឋមសិក្សាភូមិរការថ្មី ស្រុកស្វាយចេក ទទួលបាន អំណោយជាសម្ភារសិក្សារបស់ឯកឧត្ដម អូស្មាន ហាស្សាន់

AKP បន្ទាយមានជ័យ ថ្ងៃទី១៥ ខែមីនា​ ឆ្នាំ២០១៩ — សិស្សានុសិស្សចំនួន៧៧៨នាក់ នៅសាលាបឋមសិក្សាភូមិរការថ្មី ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ បានទទួលអំណោយជាសម្ភារសិក្សា និងថវិកា មួយចំនួនរបស់ ឯកឧត្ដម អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស។

ពិធីប្រគល់អំណោយនេះធ្វើឡើងដោយ សមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា (ស.យ.ម.ក)សាខាខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃព្រហស្បតិ៍ ៩កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ ដឹកនាំដោយ លោក ស្លៃម៉ាន មូសា ប្រធានស.យ.ម.ក សាខាខេត្តបន្ទាយមានជ័យ ព្រមទាំងមានការចូលរួម ពីលោកប្រធានគណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមខេត្តបន្ទាយមានជ័យ សមាជិក សមាជិកា ស.យ.ម.ក និង ស.ស.យ.ក និងអជ្ញាធរមូលដ្ឋានផងដែរ។

លោក ស្លៃម៉ាន មូសា ប្រធានសមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា សាខាខេត្ដបន្ទាយមានជ័យ  បានបញ្ជាក់ថា ដោយសារ គោលនយោបាយសុខដុមបនីយកម្ម របស់រាជរដ្ឋាភិបាល សហគមន៍ឥស្លាម មានភាពកក់កក្ដៅ និងរីកចម្រើនជាបន្តបន្ទាប់ តាមគោលនយោបាយឈ្នះឈ្នះ និងភាពជោគជ័យដ៏ត្រចះត្រចង់របស់រាជរដ្ឋាភិបាលកម្ពុជា ខណៈដែលកម្ពុជា មានបងប្អូនអ្នកកាន់សាសនាឥស្លាមច្រើន បានកំពុងរួមរស់រួមសុខរួមទុក្ខ ក្រោមដំបូលសន្តិភាពតែមួយរបស់ព្រះរាជាណាចក្រកម្ពុជា។ មិនតែប៉ុណ្ណោះ បងប្អូនសាសនិកឥស្លាមនៅកម្ពុជា ក៏ទទួលបាននូវគោលនយោបាយល្អល្អ ដើម្បីបំពេញ រាល់តម្រូវការចាំបាច់របស់សហគមន៍ខ្មែរឥស្លាម ជាពិសេសការបើកសិទ្ធិទូលំទូលាយ ឱ្យទទួលយកការប្រតិបត្តិតាមជំនឿសាសនារបស់ខ្លួន និងការអនុញ្ញាតឱ្យទទួលបានការងារ ក្នុងជួររដ្ឋាភិបាលផងដែរ។

សូមបញ្ជាក់ថា អំណោយដែលបានយកទៅចែកជូននាពេលនោះ ដោយក្នុងម្នាក់ៗ ទទួលបានសៀវភៅ ២ក្បាល ប៊ិក១ដើម ខ្មៅដៃ១ដើម បន្ទាត់១ ជ័រលុប១ និងថវិកា២០០០ រៀល។ ចំណែកលោកគ្រូ អ្នកគ្រូចំនួន២៩នាក់ ក្នុងម្នាក់ៗទទួលថវិកា ៥ម៉ឺនរៀល ព្រមទាំងឧបត្ថម្ភសម្ភារកីឡាដល់សាលាផងដែរ៕

ដោយ សួស សំរិត