សកលវិទ្យាល័យ​អង្គរ​ខេត្តសៀមរាប​រៀប​ចំ​ព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មី

AKP សៀមរាប ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ — ដើម្បី​ឱ្យនិស្សិតបាន​ជួប​ជុំ​គ្នាសប្បាយ​ និងមាន​ភាពស្និទ្ធស្នាលនឹងគ្នាសកលវិទ្យាល័យ អង្គរខេត្តសៀមរាប​កាល​ពី​ថ្ងៃទី១៤ ​​ខែមីនា ឆ្នាំ២០១៩ បាន​រៀប​ចំ​ឱ្យ​មាន​ព្រឹត្តិការណ៍សង្ក្រាន្ត ឆ្នាំថ្មី​ ដោយ​មាន​ការ​លេង​ល្បែង​ប្រជា​ប្រិយ៍ខ្មែរជាច្រើន ជាពិសេសមានចូល​រួម​សម្តែងពី​ក្រុម​សិល្បៈមកពី​ប្រទេសជប៉ុនផងដែរ។ លោក សុខ តុញ អនុប្រធានក្រុមប្រឹក្សាភិបាលនៃសកលវិទ្យាល័យអង្គរ បាន​មាន​ឱ្យដឹងថា ​ការរៀប​ចំ​ឱ្យ​មាន​ព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មី​អេយូនេះឡើង​ គឺក្នុង​គោល​បំណង​ឱ្យនិសិ្សតបាន​ជួប​ជុំ​គ្នា​សប្បាយ និងមាន​ភាពស្និទ្ធស្នាល និងចែក​រំលែក​បទពិសោធន៍ពីគ្នា ទៅវិញ​ទៅ​មក​ ព្រោះថា នៅ​ក្នុងឱកាសបុណ្យចូល​ឆ្នាំថ្មីប្រពៃណីខ្មែរខាង​មុខនេះ និសិ្សត ទាំងអស់ និងទៅជួបជុំឱពុកម្តាយ​បង​ប្អូន​នៅឯស្រុកកំណើតរាងៗខ្លួន​ ដោយ​ពួកគាត់មិនអាច ជួប​គ្នាសប្បាយ​ដូចនៅពេលនេះទេ។

លោកបាន​បន្តថា នៅ​ក្នុង​ព្រឹត្តិការណ៍​សង្ក្រាន្តឆ្នាំថ្មី​អេយូនេះ គឺមាន​លេង​ល្បែង​ប្រជា​ប្រិយ៍ជាច្រើន​ដូចជា បោះអង្គញ់ លាក់​​កន្សែង ស្តេចចង់ ទាញ​ព្រ័ត្រ ក្រុង​មេ​មាន់ វាយ​ក្អម ចោល​ឈូង ឆ្មា​ចាប់​​កណ្តុរ ដណ្តើម​ស្លឹកឈើ ពង្រត់​កូន​ក្រមុំ ចាប់​កូន​​ខ្លែង និងរាំវង់លេង កម្សាន្ត កា​បង្ហាញ​ក្បាច់គុនល្បុកតោ និងមាន​ការបង្ហាញពីវប្បធម៌ខ្មែរជាច្រើនទៀត។ ក្រៅពី​នេះ​ក៏មាន​ការ​តាំង​បង្ហាញពីផលិតផលខ្មែរផងដែរ។ នៅក្នុងព្រឹត្តិការណ៍​សង្ក្រាន្តឆ្នាំថ្មី​អេយូនេះ ក៏មាន​ការចូលរួម​សម្តែង​ពីក្រុមសិល្បៈមកពីប្រទេសជប៉ុនផងដែរ។

លោក សុខ តុញ​ បាន​បញ្ជាក់ថា ក្រៅពីផ្តល់ឱកាសឱ្យនិសិ្សតបាន​ជួប​ជុំគ្នាសប្បាយ​ហើយនោះ សង្ក្រាន្តឆ្នាំថ្មី​អេយូនេះ ក៏បាន​រួម​ចំណែក​បង្ហាញ​ឱ្យ​ជន​ជាតិ​បរទេសដែលបាន​មក​ចូល​រួម​នៅ​ថ្ងៃនេះ​ បាន​សិក្សាឈ្វេង​យល់​ពី​វប្បធម៌ខ្មែរពីល្បែង​ប្រជា​ប្រិយ៍ខ្មែរជាច្រើន​ ជាពិសេសទំនៀមទម្លាប់ប្រពៃណី​ បុណ្យជាតិរបស់កម្ពុជាផងដែរ។

ក្នុងព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មីអេយូនេះ ក៏មានអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម សៀង ណាំ អ្នកតំណាងរាស្រ្តខេត្តសៀមរាប លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប និងគណៈប្រតិភូមកពីប្រទេសជប៉ុនផងដែរ៕

ដោយ ឃុត សៅ