ក្រុមហ៊ុនអាកាសចរណ៍ Emirates នៃប្រទេសអារ៉ាប់រួម នឹងបើកជើងហោះហើរថ្មី ពីភ្នំពេញទៅបាងកក នាដើមខែមិថុនានេះ

AKP ភ្នំពេញ ថ្ងៃទី១៥ ខែមីនា ឆ្នាំ ២០១៩ — ក្រុមហ៊ុនអាកាសចរណ៍ Emirates នៃប្រទេសអារ៉ាប់រួម គ្រោងនឹងបើកជើងហោះហើរថ្មី ដើម្បីតភ្ជាប់រាជធានីភ្នំពេញ ទៅកាន់រាជធានីបាងកក ប្រទេសថៃ សម្រាប់ ផ្តល់ជូនអតិថិជន​ទាំងអស់នូវការធ្វើដំណើរប្រកបដោយផាសុកភាព ជាមួយជម្រើសជើងហោះហើរប្រចាំថ្ងៃ កាន់តែច្រើនបន្ថែមលើការហោះហើរទៅកាន់គោលដៅជាង១៥០កន្លែង នៅក្នុងប្រទេសចំនួន ៨៣ទូទាំងពិភពលោក។ ក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោក អាប់ឌុលឡា អេតណាន់ (Abdulla Adnan) នាយកក្រុមហ៊ុន Emirates ប្រចាំប្រទេសកម្ពុជា បានគូស​បញ្ជាក់ថា Emirates ចង់ធ្វើឱ្យទីក្រុងឌុយបៃ ក្លាយជាវេទិកាតភ្ជាប់ប៉ែកខាងកើត ទៅកាន់ខាង​លិច ហើយតាមរយៈជើងហោះហើរថ្មីនេះ ក្រុមហ៊ុននឹងប្រើប្រាស់យន្តហោះធុនបូអីង ៧៧៧ និងអ៊ែបើស A៣៨០ ដើម្បីដឹកនាំគណៈប្រតិភូកម្ពុជា ទៅកាន់ពិព័រណ៍ពិភពលោកឌុយបៃ ឆ្នាំ២០២០ ជាមួយបច្ចេកវិទ្យាទំនើប គ្មានទំនាញផែនដី។

ជាការឆ្លើយតប ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្មបានសម្តែងការ​ស្វាគមន៍ចំពោះការបើកឱ្យមានជើងហើរថ្មី របស់ក្រុមហ៊ុន Emirates ដែលនឹងផ្តល់ភាពងាយ ស្រួល សម្រាប់ ភ្ញៀវទេសចរ និងវិនិយោគិន ទាំងនៅក្នុងប្រទេសកម្ពុជា និងប្រទេសថៃ។ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណដល់រដ្ឋាភិបាលនៃប្រទេសអារ៉ាប់រួម ដែលបានគាំទ្រ និងជួយសម្របសមួលការចូលរួមរបស់កម្ពុជា នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ពិភពលោក ឌុយបៃ​ឆ្នាំ២០២០ នាពេលខាងមុខ។

ឯកឧត្តមបានបង្ហាញជំនឿថា តាមរយៈពិព័រណ៍ពិភពលោក ឌុយបៃឆ្នាំ២០២០ ប្រទេសទាំងពីរនឹងអាចពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នាលើវិស័យ សំខាន់ៗដូចជា សេដ្ឋកិច្ច ពាណិជ្ជកម្ម កសិកម្ម បច្ចេកវិទ្យា និងការបណ្តុះបណ្តាល ធនធាន​មនុស្ស ហើយក្រសួងពាណិជ្ជកម្ម នឹងរង់ចាំសម្របសម្រួលរាល់គម្រោងវិនិយោគស្នើដោយ​រដ្ឋាភិបាល ឬវិនិយោគិន នៃប្រទេសអារ៉ាប់រួម។

គួរបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍អ៊ែមមឺរឹត បានធ្វើប្រតិបត្តិការហោះហើរ មកកាន់ រាជធានីភ្នំពេញដំបូងនៅក្នុងខែកក្កដា ឆ្នាំ២០១៧ ដែលគិតមកទល់បច្ចុប្បន្ន ក្រុមហ៊ុនអាកាស​ចរណ៍​មួយនេះ បានដឹកអ្នកដំណើរប្រមាណ១០ម៉ឺននាក់ និងបាន ឈ្នះពានរង្វាន់ជាប់គ្នា​យ៉ាងច្រើន។ ជាក់ស្តែងកាលពីឆ្នាំមុន ក្រុមហ៊ុន Emirates បានទទួលពានរង្វាន់ឆ្នើមចំនួន ៣ នៅក្នុងពិព័រណ៍អន្តរជាតិ APEX Asia និងបានជាប់ឈ្មោះជា ក្រុមហ៊ុនអាកាសចរណ៍​ឆ្នើម​ប្រចាំឆ្នាំ២០១៨ សម្រាប់ ពានរង្វាន់ ការដឹកជញ្ជូនតាមយន្តហោះ៕

ដោយ ម៉ៅ ចរិយា