ក្រសួងការងារ បើកកិច្ចពិគ្រោះយោបល់លើសេចក្តីព្រាងប្រកាសស្តីពី ក្រុមប្រឹក្សាចរចានៃ​សហជីព និងនិយោជក

AKP ភ្នំពេញ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨ — ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សហជីព សមាគមនិយោជក និងអង្គការពាក់ព័ន្ធ​ដទៃទៀត បានបើកកិច្ចសិក្ខាសាលាពិគ្រោះយោបល់ត្រីភាគីថ្នាក់ជាតិ លើសេចក្តីព្រាង​ប្រកាស​ស្តីពី ក្រុមប្រឹក្សាចរចានៃសហជីព និងនិយោជក ។

ថ្លែងក្នុងសិក្ខាសាលាពិគ្រោះយោបល់ត្រីភាគីថ្នាក់ជាតិ កាលពីព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ នៅសណ្ឋាគារ Mekong View Tower ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្រ្ដីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែ​ងយក​ចិត្តទុកដាក់របស់ក្រុមការងារកសាងច្បាប់នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គការអន្តរជាតិខាងការការ(ILO) ដែលបានសហការរៀបចំសិក្ខាសាលាពិគ្រោះយោបល់ ត្រីភាគីថ្នាក់ជាតិនេះឡើង ក្នុងគោលបំណង ផ្សព្វផ្សាយនិងបង្ហាញខ្លឹមសារនៃសេចក្តីព្រាង​ប្រកាសស្តីពីក្រុមប្រឹក្សាចរចានៃសហជីព និងនិយោជក និងប្រមូលធាតុចូលបន្ថែមឱ្យបាន គ្រប់ជ្រុងជ្រោយ ដើម្បីទទួលបានកា រឯកភាព និងគាំទ្រពីគ្រប់ភាគីពាក់ព័ន្ធ សំដៅធានាឱ្យ បានការអនុវត្តប្រកបដោយប្រសិទ្ធភាព។ ឯកឧត្តមបានបញ្ជាក់ថា ការអភិវឌ្ឍលក្ខខណ្ឌការ​ងារ និងសុខដុមរមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ គឺជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ​វិស័យការងារ ប្រកបដោយចីរភាព។ ឯកឧត្តមបានបន្ដថា ក្នុងនាមជាសេនាធិការឱ្យរាជរដ្ឋាភិបាលកម្ពុជា ថ្នាក់ដឹកនាំនិងមន្រ្តីគ្រប់លំដាប់ថា្នក់នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្តេជ្ញាបន្តខិត ខំប្រឹងប្រែងយកចិត្តទុកដាក់ លើកកម្ពស់លក្ខខណ្ឌការងារនៅកម្ពុជា ឱ្យមានលក្ខណៈកាន់តែ ល្អប្រសើរ សំដៅលើកកម្ពស់ភាពសុខដុមរមនា ក្នុងទំនាក់ទំនងវិជ្ជាជីវៈ។

ឯកឧត្តមបន្តថា ច្បាប់ស្តីពីសហជីព គឺជាក្របខ័ណ្ឌគតិយុត្តមួយដែលមានគោលដៅ ការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់កម្មករនិយោជិត ធានានូវសិទ្ធិសេរីភាព ក្នុងការចរចាជាសមូហភាពរវាងកម្មករនិយោជិត និងនិយោជក។ ទន្ទឹមនេះ ជំរុញឱ្យមាន សុខដុមរមនា ក្នុងទំនាក់ទំនងវិជ្ជាជីវៈ និងរួមចំណែកក្នុងការអភិវឌ្ឍការងារសមរម្យ បង្កើន​ផលិតភាព និង ការវិនិយោគ។

ឯកឧត្តមបានបន្ដទៀតថា ដើម្បីធានាឱ្យការអនុវត្តច្បាប់ស្តីពីសហជីព ប្រកបដោយ​ប្រសិទ្ធភាព ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញប្រកាសចំនួន៤ នៅក្នុង​ឆ្នាំ២០១៦ ដែលរួមមាន៖ ១. ប្រកាសស្តីពីការចុះបញ្ជីសហជីព និងសមាគមនិយោជក។ ២. ប្រកាសស្តីពីការធ្វើប្រតិភូកម្មមុខងារ ក្នុងការអនុវត្តច្បាប់ស្តីពីសហជីព។៣. ប្រកាសស្តីពីនី តិវិធី នៃការធ្វើឧបាស្រ័យលើចំណាត់ការរបស់មន្រ្តី ដែលបានប្រតិភូកម្មមុខងារក្នុង ការ​អនុវត្តច្បាប់ស្តីពីសហជីព។ ៤. ប្រកាសស្តីពីការធ្វើប្រតិភូកម្មមុខងារ ក្នុងការធ្វើបណ្តឹង​អំពីវិវាទ ការងាររួម និងចេញលិខិត ទទួលស្គាល់ប្រតិភូក្រុមប្រឹក្សាចរចា។

យោងតាមរបាយការណ៍ នៃការអនុវត្តច្បាប់ស្តីពីសហជីពជាបន្តបន្ទាប់ ក្រសួងកា រងារក៏បានដាក់ចេញប្រកាសចំនួន៤ បន្ថែមទៀត នៅក្នុងឆ្នាំ២០១៨ ដើម្បីធានាការអនុវត្ត ច្បាប់នេះឱ្យកាន់តែគ្រប់ជ្រុងជ្រោយ រួមមាន ទី១. ប្រកាសស្តីពីនីតិវិធីនៃការបង់ ប្រាក់ភាគ ទានសហជីព និងប្រាក់សេវាភ្នាក់ងារ។ ទី២. ប្រកាសស្តីពីបែបបទនៃការ ថែរក្សាកំណត់ ត្រាហិរញ្ញវត្ថុរបស់សហជីព ឬសមាគមនិយោជក។ ទី៣. ប្រកាសស្តីពីប្រតិភូបុគ្គលិក នៅក្នុង សហគ្រាស គ្រឹះស្ថាន។ ទី៤. ប្រកាសស្តីពីភាពជាតំណាងបំផុតនៃសហជីព និងបែបបទ នីតិវិធី ដើម្បីទទួលបានភាពជាតំណាងបំផុត។

ឯកឧត្តមរដ្ឋមន្រ្ដីបានបន្ថែម ដើម្បីធានាការអនុវត្តច្បាប់ស្តីពីសហជីព ប្រកបដោយ ប្រសិទ្ធភាពខ្ពស់ ដែលអាចឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់កម្មករនិយោជិត និងនិយោ ជក ក្នុងការលើកកម្ពស់សេរីភាពអង្គការវិជ្ជាជីវៈ ជាពិសេសការចរចាជាសមូហភាព ដើម្បីចុះ​អនុសញ្ញារួម ក្រសួងការងារបានរៀបចំសេចក្តីព្រាងប្រកាសស្តីពីក្រុមប្រឹក្សាចរចានៃសហជីព និងនិយោជកស្របតាមមាត្រា៧២ នៃច្បាប់ស្តីពីសហជីព ដែលជាកម្មវត្ថុនៃសិក្ខា​សាលា​ថ្ងៃនេះ៕

ដោយ ប៊ុន រិទ្ធ