ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ចាត់ទុកកម្ពុជាថា បានចូលរួមអនុវត្ដន៍នូវលក្ខខណ្ឌការងារ សិទ្ធិ ការ​ងារបានយ៉ាងល្អ

AKP ភ្នំពេញ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ — ឯកឧត្តម ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប បានចាត់ទុក កម្ពុជាថា បានចូលរួមអនុវត្តន៍នូវ​លក្ខខណ្ឌការងារ សិទ្ធិការងារបានយ៉ាងល្អ ដែលជាកត្តាស្នូលដល់ការបញ្ជាទិញពីសហភាព អឺរ៉ុប ដោយសារអ្នកបញ្ជាទិញផ្តោតទៅលើលក្ខខណ្ឌការងារ និងសិទ្ធិការងាររបស់កម្មករ និយោជិតកម្ពុជា។

ការលើកឡើងនេះ បានធ្វើឡើងនៅក្នុងជំនួបសម្ដែងការគួរសម និងជម្រាប​លាជាមួយឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពី​ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងការងារ។

ឯកឧត្តម George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំកម្ពុជាបានកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះការវិវត្ដរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា ទាំងនៅទីក្រុង និង ជនបទ ហើយលទ្ធផលដ៏ល្អប្រសើរបែបនេះ បង្ហាញអំពីវឌ្ឍនភាព និងកិច្ចសហប្រតិបត្តិការល្អ​រវាងកម្ពុជា និងសហភាពអឺរ៉ុបកន្លងមកទទួលបាននូវលទ្ធផលជាផ្លែផ្កា និងជោគជ័យធំធេង។ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្ដីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានថ្លែងអំណរគុណ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ចំពោះអ្វីដែលជាការចូលរួមចំណែករបស់​សហភាពអឺរ៉ុប ក្នុងដំណើរការអភិវឌ្ឍរបស់កម្ពុជា រយៈពេលកន្លងមក។ ឯកឧត្តមរដ្ឋមន្ត្រី​បានលើកឡើងថា តាមរយៈកិច្ចសហប្រតិបត្តិការដ៏ល្អនេះ ភាគីទាំងពីរបានរួមគ្នា​ដោះស្រាយ​នូវ​ការងារជាច្រើន ជាពិសេសលើវិស័យការងារដែលពាក់ព័ន្ធដល់ការធ្វើឱ្យប្រសើរឡើងនូវ លក្ខខណ្ឌការងារ និងសិទ្ធិការងារផងដែរ។ ឯកឧត្តមបានបន្ថែមថា “ឯកឧត្តមឯកអគ្គរដ្ឋទូត ពិតជាមានការខិតខំប្រឹងប្រឹងជំរុញកិច្ចសហប្រតិបត្តិ ទៅលើការវិវឌ្ឍរីកចម្រើន និងវឌ្ឍនភាព មកដល់កម្ពុជា ហើយសហភាពអឺរ៉ុបគឺជាគោលដៅទីផ្សារនាំចេញទំនិញវាយនភណ្ឌទីមួយ របស់កម្ពុជា”។ ឯកឧត្ដមបានគូសបញ្ជាក់ថា ឯកឧត្តម អគ្គរដ្ឋទូតសហភាពអឺរ៉ុប បានផ្តល់ការ​គាំទ្រដល់កម្ពុជាក្នុងការលើកកម្ពស់ទំនាក់ទំនងល្អរវាងកម្ពុជា និងសហភាពអឺរ៉ុប ហើយ​អនុ​ស្សាវរីយ៍ទាំងនេះនឹងស្ថិតនៅក្នុងចិត្តយើងចំពោះការចូលរួមវិភាគទានរបស់ឯកឧត្តមអគ្គរដ្ឋ ទូតដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជានាពេលកន្លងមក។

ជាមួយគ្នានេះ កម្ពុជាបានអនុវត្តន៍យ៉ាងល្អប្រសើរទៅតាមបទដ្ឋានការងារអន្តរជាតិ ជាពិសេស ខិតខំឆ្លើយតបបានពេញលេញទៅតាមអនុសាសន៍របស់អង្គការអន្តរជាតិខាងការ ងារ និងបេសកកម្មស្វែងរកការពិតរបស់សហភាពអឺរ៉ុប មកកាន់កម្ពុជាកាលពីខែកក្កដា ឆ្នាំ ២០១៨។ ឯកឧត្តមរដ្ឋមន្ត្រីបន្តទៀតថា សហភាពអឺរ៉ុប និងកម្ពុជាបាននិងកំពុងសហប្រតិបត្តិ​ការយ៉ាងល្អជាមួយគម្រោងនានា ជាពិសេសគម្រោងពាក់ព័ន្ធនឹងការលក្ខខណ្ឌការងារ សិទ្ធិ​សេរីភាពអង្គការវិជ្ជាជីវៈ និងទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា ដូចជាគម្រោងរោងចក្រកាន់តែ​ប្រសើនៅកម្ពុជា គម្រោងកិច្ចព្រមព្រៀងជាសកលរបស់ស៊ុយអែត និងគម្រោងបទដ្ឋានសង្គម និងការងារក្នុងវិស័យវាយនភណ្ឌ និងកាត់ដេរនៅទ្វីបអាស៊ី (GIZ, SLSG)។
ឯកឧត្តមរដ្ឋមន្រ្តីបានស្នើឱ្យឯកឧត្តម ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប នាំយកផ្ញើសារវិជ្ជាមាននេះ ទៅដៃគូនានា ដើម្បីឱ្យឆ្លុះបញ្ចាំងពីការពិតនូវការខិតខំអនុវត្តន៍ល្អក្នុងការលើកកម្ពស់លក្ខ ខណ្ឌ​ការងារ និងសិទ្ធិការងារ ព្រោះថា ដៃគូរជាច្រើននៅតែសម្ដែងការពេញចិត្តរបស់ពួកគេ ក្នុងការបន្តកិច្ចសហប្រតិបត្តិការក៏ដូចជាបន្តបញ្ជាទិញប្រភពទំនិញពីកម្ពុជា៕

ដោយ អ៊ុន រិទ្ធី