ក្រុមហ៊ុន THAICOM  គ្រោងនឹងរៀបចំប្រព័ន្ធទូរទស្សន៍ទាំងអស់នៅកម្ពុជា ឱ្យស្ថិតនៅក្នុងទម្រតែមួយ

AKP ភ្នំពេញ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ — ក្រុមហ៊ុន THAICOM បានបង្ហាញអំពីគោលបំណងក្នុងការរៀបចំប្រព័ន្ធទូរទស្សន៍ទាំងអស់​នៅ​ក្នុង​ប្រទេសកម្ពុជា ដើម្បីឱ្យស្ថិតក្នុងទម្រតែមួយ ដែលអាចឱ្យទស្សនិកជន អាចទស្សនា​តាម​ប៉ុស្តិ៍ទូរទស្សន៍ ដែលផ្សាយតាមរលកធាតុអាកាស ដោយឥតគិតថ្លៃ។

ក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម ខៀវ កាញារីទ្ធ​ រដ្ឋមន្រ្ដីក្រសួងព័ត៌មាន កាល ពីព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ នៅទីស្ដីការក្រសួងព័ត៌មាន លោក Ekachai Phakdurong ប្រធានប្រចាំតំបន់ របស់ក្រុមហ៊ុន THAICOM បានបញ្ជាក់ថា ការរៀបចំប្រព័ន្ធទូរទស្សន៍ឱ្យ​ស្ថិតនៅទម្រតែមួយនេះ គឺក្នុងគោលដៅចង់ឱ្យប្រជាពលរដ្ឋអាចទស្សនាបានគ្រប់ប៉ុស្ដិ៍​ទូរទស្សន៍ ដែលផ្សាយតាមរលកធាតុអាកាស តាមរយៈការផ្សាយ​តាមប្រព័ន្ធផ្កាយរណប ថាស ផ្កាយរណប និងខ្សែកាបបាន។

ជាការឆ្លើយតប ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មាន បានមានប្រសាសន៍ ថា ក្រសួងព័ត៌មានកំពុងគិតគួរលើកិច្ចការងារនេះ ហើយឈានទៅធ្វើការរៀបចំជាអនុក្រឹត្យ ដើម្បីដាក់ជូនទៅប្រមុខរាជរដ្ឋាភិបាលធ្វើការចុះហត្ថលេខា។ ឯកឧត្តមរដ្ឋមន្រ្តីបានស្នើ សុំដល់​ក្រុមហ៊ុន THAICOM ដែលមានប្រព័ន្ធផ្កាយរណប ធ្វើការផ្សាយទៅប្រទេសមីយ៉ានម៉ា ជួយ​ដាក់បញ្ចូលនិងផ្សាយប៉ុស្តិ៍ទូរទស្សន៍ជាតិកម្ពុជានៅក្នុងប្រទេសមីយ៉ាន់មានេះឱ្យបានផងដែរ។

ទាក់ទងទៅនឹងការងារនេះ លោក Ekachai Phakdurong បានលើកឡើងថា ក្រុមហ៊ុន  THAICOM សន្យាថានឹងខិតខំជួយលើបញ្ហានេះ ឱ្យដំណើរការទៅបានល្អ៕

ដោយ អ៊ុន រិទ្ធី រូបថត៖ ខឹម សុវណ្ណារ៉ា