អភិបាលខេត្តពោធិ៍សាត់ ជំរុញឱ្យអ្នកគ្រប់គ្រងផ្សារ ត្រូវរៀបចំសណ្តាប់ធ្នាប់ បរិស្ថានអនាម័យឱ្យបានល្អ

AKP ពោធិ៍សាត់ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ — ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ បានជំរុញឱ្យអ្នកគ្រប់គ្រងផ្សារ ត្រូវរៀបចំ សណ្តាប់ធ្នាប់ បរិស្ថាន អនាម័យ ប្រព័ន្ធលូ ភ្លើងបំភ្លឺផ្លូវ និងធ្វើការណែនាំ ផ្សព្វផ្សាយដល់ ប្រជាពលរដ្ឋ និងអាជីវករ ឱ្យសហការចូលរួមធ្វើអនាម័យ វេចខ្ចប់កាក សំណល់ឱ្យបាន ត្រឹមត្រូវ ដើម្បីចូលរួមចំណែកប្រឡងប្រណាំងទីក្រុងស្អាត សេវាកម្មល្អ សម្រាប់មុខមាត់ខេត្ត របស់យើងទាំងអស់គ្នា។

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់បានធ្វើការជំរុញបែបនេះក្នុងឱកាស ឯកឧត្តមអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងដោះស្រាយក្តីកង្វល់ដោយផ្ទាល់ ជាមួយអាជីវករផ្សារពោធិ៍សាត់ នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩នេះ។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានជូនអំណោយជាថវិកាមួយចំនួន ជូនដល់លោកយាយចាស់ៗ ដែលបានយកផលិតផលបន្លែបង្ការបន្តិចបន្តួចមកលក់ដូរ ព្រមទាំងបន្តដោះស្រាយបញ្ហាប្រឈម នានាទៅតាមសំណូមពរ ជូនដល់ប្រជាពលរដ្ឋ បានជាច្រើនករណីបន្ថែមទៀត នៅសាលាខេត្តពោធិ៍សាត់ផងដែរ។

សូមរម្លឹកថា នេះមិនមែនជាលើកទីមួយទេ ដែលឯកឧត្តមបានចុះសួរសុខ ទុក្ខអាជីវករផ្សារ ដោយមិនប្រកាន់បក្សពួក ឬប្រកាន់គោលជំហរនយោបាយណាមួយឡើយ ហើយទូរស័ព្ទទាំង២ប្រព័ន្ធរបស់ឯកឧត្តម នឹងបើកទទួលរងចាំទទួលការហៅចូលរបស់ ប្រជាពលរដ្ឋដើម្បីរួមគ្នាដោះស្រាយរាល់បញ្ហាប្រឈម និងក្តីកង្វល់ណាមួយដែលកើតឡើង ដោយធ្វើទៅតាមឋានានុក្រមក្រុមគ្រួសារ ទោះជាបង ប្អូន កូន ក្មួយ ឬជាសមាជិកក្នុងគ្រួសារ ប្រជាពលរដ្ឋទូទាំងខេត្តសុទ្ធសឹងជាបងប្អូននឹងគ្នា៕

ដោយ ណៅ ធឿន