អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលអះអាងថា កម្ពុជាមិនទាន់មានច្បាប់គ្រប់គ្រងដ្រូនទេ មានតែបម្រាម

AKP ភ្នំពេញ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ — អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលបានអះអាងថា កម្ពុជាមិនទាន់មានច្បាប់គ្រប់គ្រងដ្រូនទេ ប៉ុន្ដែមានតែបម្រាមពីអាជ្ញាធររាជធានី ខេត្ដ។

លោក ស៊ីន ចាន់សិរីវុត្ថា អគ្គនាយករង និងជាអ្នកនាំពាក្យអាកាសចរស៊ីវិលបានប្រាប់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP ឱ្យដឹងនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩នេះថា ការប្រើ ប្រាស់ដ្រូនជារឿងមួយថ្មីដែលកម្ពុជាត្រូវគិតគូររៀបចំច្បាប់ពីប្រទេសដទៃ ដើម្បីឈានទៅគ្រប់ គ្រងឱ្យបានត្រឹមត្រូវបំផុត។ លោកបានបញ្ជាក់ថា «ដ្រូនគឺជារឿងថ្មីមួយទៀត យើងកំពុង​តែរៀបចំបទបញ្ញត្ដិសិក្សាស្តីពីការគ្រប់គ្រង ឬធ្វើនិយ័តកម្មរឿងដ្រូននឹង យើងកំពុងធ្វើហើយ ប៉ុន្តែទាមទារពេលវេលា»។

លោកបានលើកឡើងថា ក្នុងអំឡុងស្ថាប័នជំនាញកំពុងសិក្សា​និងរៀបចំច្បាប់ស្តីពីការ​គ្រប់​គ្រងដ្រូននេះ អាកាសចរណ៍ស៊ីវិលបានណែនាំបន្ថែមទៅអ្នកនាំចូល​និងអ្នកប្រើប្រាស់​ដ្រូន​កុំឱ្យបង្ហោះនៅជុំវិញតំបន់ហាមឃាត់ដូចជាព្រលានយន្តហោះ ជុំវិញព្រះបរមរាជវាំង គេហដ្ឋាននាយករដ្ឋមន្ត្រី និងតំបន់យោធា។ ប៉ុន្តែការហាមប្រាមមួយចំនួនទៀតជាសមត្ថកិច្ច​របស់សាលារាជធានីភ្នំពេញ អាកាសចរណ៍ស៊ីវិលមិនលូកលាន់ទេ។ លោក ស៊ីន ចាន់សិរីវុត្ថា បានបន្ថែមថា ការគ្រប់គ្រងដ្រូនជាបញ្ហាស្មុគស្មាញបំផុតដែលត្រូវដកស្រង់បទពិសោធន៍​ពីប្រទេសរីកចម្រើនមួយចំនួនដើម្បីគ្រប់គ្រងដ្រូនឱ្យបានហ្មត់ចត់បំផុតនៅថ្ងៃអនាគត។

ពាក់ព័ន្ធរឿងបង្ហោះដ្រូននេះ លោកមេធាវី ឌឹម សុខហេង ប្រធានក្រុមហ៊ុនមេធាវី កម្ពុជាកិច្ចការអន្តរជាតិ(CIA)បានបកស្រាយថា បើសិនជាអ្នកបង្ហោះនោះ ប្រព្រឹត្តនៅតំបន់ ហាមឃាត់មានចេតនាធ្វើឱ្យប៉ះពាល់ដល់ការសម្ងាត់របស់ជាតិ ជននោះនឹងត្រូវជាប់ទោស ព្រហ្មទណ្ឌ។ យ៉ាងណាក៏ដោយលោកមេធាវីរូបនេះបានបញ្ជាក់ថា ការបង្ហោះសម្រាប់ ថតការ ដ្ឋានសំណង់ ឬកម្មវិធីអ្វីមួយនោះម្ចាស់ដ្រូនត្រូវជូនដំណឹងទៅអាជ្ញាធរសិន មុននឹងបង្ហោះ បើ អាជ្ញាធរអនុញ្ញាតហើយ ការបង្ហោះដ្រូននោះមិនមានទោសពៃអ្វីនោះទេ។ លោកមេធាវីបាន រម្លឹ​កថា ទីស្តីការគណៈរដ្ឋមន្ត្រីធ្លាប់បានចេញសេចក្តីប្រកាសស្តីពីបម្រាមនៃការបង្ហោះដ្រូន នេះ និងបានបញ្ជូនសេចក្តីប្រកាសនេះទៅតាមសាលារាជធានី ខេត្តនិងអាជ្ញាធរតំបន់ ដែល បានហាមឃាត់រួចរាល់អស់ហើយ។ ដូច្នេះពលរដ្ឋគួរពិនិត្យមើលឱ្យបានច្បាល់មុន នឹងបង្ហោះ ដ្រូននៅតំបន់ណាមួយ ជៀសវាងការប៉ះពាលដល់ការសម្ងាត់របស់ជាតិ។

សូមរម្លឹកថា កន្លងមក សមត្ថកិច្ចធ្លាប់ចាប់អ្នកបង្ហោះដ្រូននៅតំបន់ហាមឃាត់មួយចំនួន ជាក់ស្តែងកាលពីថ្ងៃអាទិត្យទី១០ ខែមីនាកន្លងទៅនេះ នគរបាលខណ្ឌដូនពេញ រាជធានី ភ្នំពេញបានឃាត់ខ្លួនបុរសជនជាតិវៀតណាមម្នាក់ដែលបានបង្ហោះដ្រូន បំពាក់ដោយកាំមេរ៉ា ថតរូប មានបញ្ជាតេឡេកុម្ម៉ង់ នៅម្តុំភូមិគ្រឹះសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល ជាតំបន់ហាមឃាត់៕

ដោយ គង់ សិរីរ័ត្ន