អាជ្ញាធរខេត្តសៀមរាបត្រៀមដោះស្រាយបញ្ហាគ្រោះរាំងស្ងួត

AKP សៀមរាប ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ — ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានដឹកនាំកិច្ច ប្រជុំមួយដើម្បីពិភាក្សាផែនការ ដើម្បីត្រៀមដោះស្រាយបញ្ហាគ្រោះរាំងស្ងួត ដែលអាចនឹក កើតមាននៅចំពោះមុខឬនាពេលខាងមុខនេះ។ កិច្ចប្រជុំនោះបានធ្វើ ឡើងកាលពីព្រឹកថ្ងៃពុធ ៨កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ នៅក្នុងសាលាខេត្តសៀមរាប ដោយមានការចូលរួមពីសំណាក់អស់លោក លោកស្រីជាគណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជ្ញាធរក្រុង ស្រុក ក្នុងជួរគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ។ នៅក្នុងកិច្ចពិភាក្សានៃអង្គប្រជុំនោះ គ្រប់បណ្តាគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ក្រុង ស្រុកទាំង១២ នៃខេត្តសៀមរាប និងមន្ទីរអង្គភាពនានាក្នុងខេត្ត បានធ្វើសេចក្តីរាយការណ៍ស្តីពីផែនការត្រៀមបម្រុង ក្នុងការឆ្លើយតបគ្រោះមហន្តរាយ ព្រមទាំងការបំពាក់នូវឧបករណ៍ មធ្យោបាយក្នុងការចុះជួយអន្តរាគមន៍ប្រជាពលរដ្ឋ នៅតាមតំបន់ដែលរងគ្រោះ ហើយក៏បានលើកឡើងនូវសំណូមពរមួយចំនួនជូនដល់ អង្គប្រជុំផងដែរក្នុងការជួយអន្តរាគមន៍ជូនដល់ប្រជាពលរដ្ឋរងគ្រោះនោះ។

ឯកឧត្តម ទៀ សីហា បានមានប្រសាសន៍ថា ឆ្លងតាមការផ្សព្វផ្សាយនៃការប៉ះពាល់នូវកម្តៅ អែលនីញ៉ូ ដែលមិនត្រឹមតែធ្វើឱ្យ មានការខ្វះខាតទឹកនោះទេ ថែមទាំងអាចនឹងកើតមាននូវគ្រោះមហន្តរាយ ខ្យល់កន្ទ្រាក់និងរន្ទះបាញ់។ ឯកឧត្តម បានសំណូមពរឱ្យ គ្រប់បណ្តាក្រុង ស្រុក ត្រូវមានរបាយការណ៍ជូនមកថ្នាក់ខេត្ត ចំពោះតាមបណ្តាភូមិ ឃុំ ដែលមានជួបបញ្ហាប្រឈមខ្វះខាតទឹកប្រើប្រាស់។

ឯកឧត្តម ក៏បានធ្វើការកោតសរសើរដល់អាជ្ញាធរក្រុង ស្រុក ដែលបានខិតខំព្យាយាម រក្សានូវប្រភពទឹក ដើមី្បសម្រាប់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ខ្លួនប្រើប្រាស់នៅក្នុងរដូវប្រាំងនេះ។ ហើយក៏បានធ្វើការថ្លែងនូវអំណរគុណដល់ មន្ទីរអភិវឌ្ឍន៍ជនបទ ធនធានទឹក និង ឧតុនិយម ព្រមទាំងសាខាកាកបាទក្រហមកម្ពុជាខេត្ត រួមទាំងបងប្អូនសប្បុរសជន ដែលបានផ្តល់នូវអណ្តូងទឹកស្អាត ស្រះទឹក សម្រាប់ប្រជាពលរដ្ឋបានប្រើបាស់ និងបានសំណូមពរឱ្យមន្ទីរធនធានទឹកនិងឧតុនិយមខេត្ត បន្តធ្វើការស្រាវជ្រាវពីប្រភពទឹកបន្ថែមទៀត។

ឯកឧត្តម ទៀ សីហា ក៏បានសង្កត់ធ្ងន់ចំពោះមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ ដូចជាមន្ទីរធនធានទឹកនិងឧតុនិយម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងអង្គភាពរដ្ឋាករទឹក ត្រូវធ្វើការសិក្សាស្រាវជ្រាវស្វែងរកប្រភពទឹកដើម្បីផ្គត់ផ្គង់។ ស្នងការនគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត កងកម្លាំងប្រតិបត្តិការសឹករង រួមទាំងស្នងការបេតិកភណ្ឌ អាជ្ញាធរជាតិអប្សរា សាធារណការ និងវិស័យឯកជន គឺត្រៀមលក្ខណៈនូវគ្រប់វិនាទី ក្នុងការបញ្ចេញរថយន្តដឹកទឹក ចុះជួយប្រជាពលរដ្ឋនៅតាមតំបន់ ខ្វះខាតទឹកប្រើប្រាស់នៅពេលខាងមុខនេះ។

ដោយឡែក មន្ទីរសុខាភិបាលខេត្ត ក៏ដូចមន្ទីរពេទ្យបង្អែកស្រុក ត្រូវត្រៀមប្រតិបត្តិក្នុងការអន្តរាគមន៍លើផ្នែកសុខភាពរបស់ប្រជាពលរដ្ឋ ក្នុងពេលរដូវក្តៅនេះ សំខាន់ចាស់ជរា និងកុមារតូចៗ៕

ដោយ ហង្ស សៀក